លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

ព័ត៌មានជាតិ

រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​រៀបចំ​ឯកសារ​ប្ដឹង​ថៃ រឿង​វិវាទ​ព្រំដែន ខណៈ​អ្នក​ឃ្លាំមើល​ថា​អ្វីៗ​អាច​ប្រែប្រួល​គ្រប់​ពេល

By ឌឹ ខេមបូឌា ដេលី

June 13, 2025

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​កម្ពុជា សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​ឯកសារ ដើម្បី​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​វិវាទ​ព្រំដែន​ជាមួយ​ថៃ នៅ​តំបន់​មុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី។

សូម​បញ្ជាក់​ថា៖ ប្រាសាទ​តូចៗ​ឈ្មោះ​តាមាន់​ទាំង​ពីរ ភាសា​ថៃ ហៅថា តាមឿន។ អ្នក​ស្រាវជ្រាវ​ខាង​សិលាចារឹក​ផ្នែក​បុរាណវិទ្យា និយាយ​ថា ពាក្យ «តាមាន់ ឬ តាមឿន» ជា​ពាក្យ​ហៅ​ក្លាយ​មកពី​ពាក្យ​បាលី ឬ​សំស្ក្រឹត ថា «មន្ត» ដូចជា វេទមន្ត ទឹកមន្ត ទិព្វមន្ត អាគម ដែល​ទាក់ទង​នឹង​លទ្ធិព្រាហ្មណ៍ ដែល​ស្ថាបនា​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៧ ប្រើ​សម្រាប់​ជា​ដំណាក់​ស្តេច ជា​គិលានដ្ឋាន​ព្យាបាល​ប្រជារាស្ត្រ និង​ជា​ទី​សំណាក់​អាស្រ័យ​ក្នុង​ដំណើរ​តាម​ផ្លូវគោក។

តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃទី​៦ ខែ​មិថុនា ដែល​ទើប​ផ្សាយ​ជា​សាធារណៈ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​មិថុនា គណៈកម្មការ​រៀបចំ​ឯកសារ​ដើម្បី​ប្តឹង​ទៅ ICJ នេះ មាន​ភារកិច្ច​ពិនិត្យ និង​សម្រេច​ជ្រើសរើស​មេធាវី​អន្តរជាតិ​ការពារ​ក្តី​នៅ ICJ ករណី​តំបន់​ចម្រូងចម្រាស​ទាំង​៤ តាម​សំណើ​ពី​ក្រុម​ការងារ​កិច្ចការ​ច្បាប់។

ប្រភព​ដដែល​អះអាង​ថា គណៈកម្មការ​នេះ​ក៏​មាន​ភារកិច្ច​ពិនិត្យ និង​សម្រេច​លើ​ឯកសារ​ដែល​បាន​ចងក្រង​ដោយ​ក្រុម​ការងារ​កិច្ចការ​ច្បាប់​ជាមួយ​មេធាវី​អន្តរជាតិ សម្រាប់​បញ្ជូន​ទៅ​តុលាការ ICJ ដែរ។ ជាមួយ​គ្នា​នេះ គណៈកម្មការ​ក៏​ជា​អ្នក​ពិនិត្យ និង​សម្រេច​លើ​ការងារ​របស់​ក្រុម​ការងារ​កិច្ច​ការទូត​តាម​ការ​ចាំបាច់ ក៏ដូចជា​ធ្វើ​ទំនាក់ទំនង​ការងារ​ជាមួយ​តុលាការ ICJ ដើម្បី​ដំណើរការ​នីតិវិធី​ច្បាប់​ក្នុង​ការ​ប្តឹង។

តាម​សេចក្តី​សម្រេច​នេះ គណៈកម្មការ​ទើប​នឹង​បង្កើត​ថ្មី មាន​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គឺជា​ប្រធាន និង​សមាសភាព​អនុប្រធាន ព្រមទាំង​សមាជិក ១៤​រូប​ទៀត។ អនុប្រធាន​គណៈកម្មការ ៥​រូប មាន​ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រីទ្ធ, អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ, លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​កិច្ចការ​ព្រំដែន និង​លោក ស៊ា កុសល រដ្ឋលេខាធិការ​ក្រសួង​ការបរទេស។

ចំណែកឯ​សមាជិក ៩​រូប គឺ​មាន​លោក គង់ ភោគ និង​លោក ជុំ សុន្ទរី ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស, លោក ចាន់ សុធី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, លោក ស៊ា ម៉ៅ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់, លោក ហ៊ូ សាគុណ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ, លោក អ៊ិត សុត្ថា រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​កិច្ចការ​ព្រំដែន, លោក វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ, លោក ម៉ៅ សុផាន់ អគ្គបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក និង​លោក កែវ ឈា តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដូច​ដែល​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​កាលពី​ថ្ងៃទី​២ ខែ​មិថុនា និង​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ឥឡូវ​នេះ គណៈកម្មការ​រៀបចំ​ឯកសារ​ដើម្បី​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ករណី​តំបន់​មុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ត្រូវ​បាន​បង្កើត​ចេញ​ជា​រូបរាង​ហើយ។

លោក ប៉ែន បូណា បាន​លើកឡើង​ថា បណ្តឹង​នេះ​បាន​ទទួល​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា ក៏ដូចជា​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​គ្រប់​និន្នាការ​នយោបាយ ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ឯកភាព​ជាតិ​ខ្មែរ និង​ក្លាយ​ជា​ចលនា​មហា​សាមគ្គី​ជាតិ​ដ៏​ធំ​មួយ​នៅ​ពីក្រោយ​រាជរដ្ឋាភិបាល និង​នៅ​ពីក្រោយ​កងទ័ព​ដ៏​អង់អាច​ក្លាហាន។ វា​ក៏​ស្តែង​ឱ្យ​ឃើញ​ផង​ដែរ​ពី​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ និង​ពី​ភាព​កក់ក្តៅ​យ៉ាង​ខ្លាំង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​រាជរដ្ឋាភិបាល។

យ៉ាង​នេះ​ក្តី លោក សម រង្ស៊ី ប្រធាន​ចលនា​ជាតិ​តស៊ូ បាន​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ប្រតិកម្ម​ថា ទោះបីជា​កម្ពុជា​មាន​ប្រៀប​ជាង​ថៃ ខាង​ផ្លូវច្បាប់​យ៉ាងណាក៏ដោយ ក៏​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហាក់ដូចជា​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​ថៃ។

អតីត​ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ទៀត​ថា កម្ពុជា​កំពុងតែ​ចាញ់​សម្លុត​ថៃ និង​ធ្លាក់​ចូល​អន្ទាក់​របស់​គេ ដោយ​សុខចិត្ត​ដក​កងទ័ព​ដែល​កំពុង​ឈរជើង​លើ​ទឹកដី​ខ្លួនឯង។ លោក​ថា ឥឡូវ​នេះ ពាក្យបណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក៏​មាន​ភាព​មិន​ច្បាស់លាស់​ដែរ។

ចំណែកឯ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ខ្មែរ​បញ្ជាក់​ប្រាប់​ពលរដ្ឋ​អំពី​ពេលវេលា​ជាក់លាក់​ជុំវិញ​ការ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ (ICJ) លើ​សំណុំរឿង​ព្រំដែន។

លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ មិថុនា នេះ​ថា ការ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ អាច​នឹង​ត្រូវ​បាន​បញ្ឈប់ បើ​មាន​ការ​ចរចា​សម្ងាត់​ណា​មួយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមួយ​លោក ហ៊ុន សែន ព្រោះ​ការ​ដក​ទ័ព​ចេញពី​ទីតាំង​បាញ់​ទាហាន​ខ្មែរ​ស្លាប់​នៅ​តំបន់​មុំ​បី ក៏​ដោយសារ​ការ​ចរចា​សម្ងាត់​រវាង​លោក ថាក់ស៊ីន និង​លោក ហ៊ុន សែន ដែរ។

ប្រភព​ដដែល​ចោទ​ជា​សំណួរ​ថា បើ​លោក ថាក់ស៊ីន ហៅ​ទូរសព្ទ​ទៅ​លោក ហ៊ុន សែន ឱ្យ​ឈប់​ប្តឹង​ថៃ ព្រោះ​ខ្លាច​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​កូនស្រី​របស់​គាត់ ដោយ​គំរាម​លាតត្រដាង​អាថ៌កំបាំង​លោក ហ៊ុន សែន ឬ​យោធា​ថៃ ដាក់​សម្ពាធ​ពង្រាយ​ទ័ព​តាម​ព្រំដែន បិទ​ច្រក​ព្រំដែន រួម​ទាំង​គំរាម​ផ្តាច់​ចរន្ត​អគ្គិសនី តើ​កម្ពុជា​នឹង​បន្ត​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ទៀត​ឬ​ក៏​អត់។

លោក អ៊ុំ សំអាន ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​សំណុំរឿង​កោះ​គុត ដែនសមុទ្រ​ត្រួតស៊ីគ្នា តំបន់​វាល​ឥន្ទ្រីយ៍ តំបន់​ភ្នំ​ទ្រព្យ និង​តំបន់​ច្រក​អានសេះ ដាក់​ក្នុង​បណ្តឹង​តែ​មួយ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​ចប់​សព្វគ្រប់​តែម្តង។ បន្ថែម​ពី​នេះ​ទៀត លោក​ក៏​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ស្នើ​ទៅ​រដ្ឋសភា ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ផង​ដែរ ដើម្បី​មាន​បង្អែក​ផ្លូវច្បាប់​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ជាមួយ​ប្រទេស​ថៃ ទៅ​អនាគត។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ មិថុនា នេះ​ថា អ្វីៗ​គ្រប់​យ៉ាង​អាច​កើតមាន​គ្រប់​ពេល​នៅ​ប្រទេស​កម្ពុជា ត្បិត​រដ្ឋាភិបាល​អាច​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត ហើយ​អាច​ធ្វើ​ទង្វើ​អាក្រក់​បំផុត​ដែរ ដូច្នេះ​ដរាបណា​ពាក្យបណ្ដឹង​នៅ​មិន​ទាន់​ដល់​ដៃ​តុលាការ​អន្តរជាតិ អ្វីៗ​គឺ​នៅតែ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​ដដែល។

អ្នកជំនាញ​ខាង​ការទូត​អន្តរជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មការ​រៀបចំ​ឯកសារ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ មិនមែន​ពលរដ្ឋ​មិន​ជឿ​រដ្ឋាភិបាល​នោះ​ទេ គ្រាន់តែ​ពលរដ្ឋ​មិន​ទាន់​ទុកចិត្ត​ថា រដ្ឋាភិបាល​ពិត​ជា​មាន​ចេតនា​រុញ​វិវាទ​នេះ​ដល់​ទី​បញ្ចប់ ឬ​ក៏​អត់​តែប៉ុណ្ណោះ៕

© 2025, . All rights reserved.