ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន (រូប​ស្ដាំ) និង​ឧកញ៉ា ហ៊ុន តូ ជា​ក្មួយប្រុស​បង្កើត​របស់​លោក

ជម្លោះដីធ្លី

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​បឹង​តាមោក ១០០​ហិកតា​ឱ្យ​ឧកញ៉ា ហ៊ុន តូ ជា​ក្មួយប្រុស​របស់​លោក

By ឌឹ ខេមបូឌា ដេលី

June 14, 2025

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​បឹង​តាមោក ១០០​ហិកតា ឱ្យ​ឧកញ៉ា ហ៊ុន តូ ជា​ថ្នូរ​នឹង​ការ​ផ្តល់​លុយ​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ក្រសួង​មហាផ្ទៃ។

សារព័ត៌មាន The Cambodia Daily បាន​ទទួល​លិខិត​មួយ​នៅ​ថ្ងៃទី​១៣ មិថុនា នេះ ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ស្ដីពី​ការ​ផ្តល់​ដី​ទំហំ ១០០​ហិកតា ស្ថិត​ក្នុង​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ទៅ​ឱ្យ​ឧកញ៉ា ហ៊ុន តូ ក្រោម​ការ​សម្រេច​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន។

លិខិត​ដដែល​រៀបរាប់​ថា ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ និង​លោក ឈិន អាល់ឡែន យល់ព្រម​ចំណាយ​ថវិកា​ចំនួន ៥៥​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ក្រសួង​មហាផ្ទៃ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដី​នៅ​បឹង​តាមោក​ទំហំ ១០០​ហិកតា ខណៈ​ពន្ធ និង​អាករ​ផ្សេងៗ​គឺជា​បន្ទុក​របស់​រដ្ឋ ចំណែក​សេវា​អន្តរ​ក្រសួង ក៏​ត្រូវ​បាន​លើកលែង​ទាំងអស់​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ថវិកា​ចំនួន ៥៥​លាន​ដុល្លារ​អាមេរិក​នេះ ត្រូវ​បាន​បែងចែក​ជា​ពីរ​ចំណែក គឺ​មួយ​ផ្នែក​ដែល​មាន​ទំហំ​ទឹកប្រាក់ ៥០​លាន​ដុល្លារ ត្រូវ​ប្រគល់​ជូន​ក្រសួង​មហាផ្ទៃ សម្រាប់​ដំណើរការ​សាងសង់ ចំណែក​មួយ​ផ្នែក​ទៀត គឺ​មាន​ទំហំ​ទឹកប្រាក់ ៥​លាន​ដុល្លារ ត្រូវ​ប្រគល់​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ដោះស្រាយ​ការងារ​ពាក់ព័ន្ធ​នឹង​ដី ១០០​ហិកតា​នោះ ដើម្បី​ឱ្យ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ហ៊ុន តូ ដោយ​ស្រប​ច្បាប់។

ចំណែក​លុយ ៥០​លាន​ដុល្លារ​សម្រាប់​សាងសង់​ក្រសួង​មហាផ្ទៃ ត្រូវ​ផ្តល់​ឱ្យ​ក្រសួង​សាមី​ជា​ពីរ​ដំណាក់កាល គឺ​លើក​ទី​១ ត្រូវ​ប្រគល់ ៣០​លាន​ដុល្លារ ចំណែក​លុយ​ដែល​នៅ​សល់ ២០​លាន​ដុល្លារ​ទៀត ត្រូវ​ប្រគល់​ក្នុង​រយៈពេល ៦​ខែ​បន្ទាប់។

បឹង​កប់ស្រូវ ឬ​បឹង​តាមោក ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​បំផុត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន ១៩​ភូមិ និង​សង្កាត់​ចំនួន​៥ ដូចជា សង្កាត់​ពន្សាំង សង្កាត់​ព្រែកព្នៅ សង្កាត់​ពញាពន់ សង្កាត់​សំរោង និង​សង្កាត់​ឃ្មួញ ដែល​ស្ថិត​ក្នុង​ខណ្ឌ​ចំនួន​ពីរ គឺ​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែនសុខ ខណៈ​ដី​ទំហំ ១០០​ហិកតា​របស់​ឧកញ៉ា ហ៊ុន តូ គឺ​ស្ថិត​ក្នុង​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ។

កាលពី​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​តាមោក​ជាង ៣​ពាន់​ហិកតា (៣២៣៩,៧​ហិកតា) ទុក​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ យោង​តាម​ច្បាប់​ភូមិបាល ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិន​អាច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​នរណា​ម្នាក់​ជា​កម្មសិទ្ធិ​ក្រៅពី​រដ្ឋ​ឡើយ។

ចាប់តាំងពី​ឆ្នាំ​២០១៨ មក ផ្ទៃ​បឹង​តាមោក​សរុប​ជាង ២​ពាន់​ហិកតា ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ឆ្វៀល និង​ដោះដូរ​ទៅ​ឲ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន​ជាបន្តបន្ទាប់ ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​លុយ មាន​អំណាច សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។

ជុំវិញ​បញ្ហា​នេះ អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​កាលពី​ចុង​ឆ្នាំ​២០២៤ ថា ផ្ទៃ​បឹង​តាមោក ត្រូវ​បាន​កាត់​ឱ្យ​បុគ្គល​ឯកជន និង​ស្ថាប័ន​ផ្សេងៗ​ចំនួន ៨០​លើក ដែល​ស្មើ​នឹង​ទំហំ​ដី​ជាង ២​ពាន់​ហិកតា (២៤២៧,៣០៤៨​ហិកតា) ឬ​ស្មើ ៧៤,៩២% នៃ​ផ្ទៃ​បឹង​ទាំងមូល គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២៤ កន្លង​ទៅ៕

© 2025, . All rights reserved.