ព័ត៌មានអន្តរជាតិ

កង​យន្តហោះ​អ៊ីស្រាអែល ២០០​គ្រឿង​វាយ​លើ ១០០​គោលដៅ កម្ទេច​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់

By ឌឹ ខេមបូឌា ដេលី

June 16, 2025

នៅ​ម៉ោង ៤​ទៀបភ្លឺ​ចូល​ដល់​ថ្ងៃ​សុក្រ ទី​១៣ មិថុនា កង​យន្តហោះ​អ៊ីស្រាអែល បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដោយ​បញ្ចេញ​យន្តហោះ ២០០​គ្រឿង វាយប្រហារ​លើ ១០០​គោលដៅ​ជាមួយ​នឹង​ការ​ទម្លាក់​គ្រាប់បែក ៣៣០​គ្រាប់ វាយប្រហារ​ពាសពេញ​ប្រទេស​អ៊ីរ៉ង់។

នេះ​បើ​អ្នក​នាំពាក្យ​កងកម្លាំង​អ៊ីស្រាអែល Effie Defrin ដែល​បាន​បញ្ជាក់​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​សេចក្ដី​រាយការណ៍​បន្ត​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN។

ក្នុង​សន្និសីទ​កាសែត លោក Defrin អះអាង​ថា អ៊ីស្រាអែល​បាន​សម្លាប់​ឧត្ដមសេនីយ៍​កំពូលៗ​របស់​អ៊ីរ៉ង់ រួម​មាន​មេទ័ព Mohammad Bagheri មេ​ឆ្មាំ​បដិវត្ត Hossein Salami និង​ប្រមុខ​ទីបញ្ជាការ​កណ្តាល Khatam-al Anbiya លោក Gholam Ali Rashid។

តាម​អ្នក​នាំពាក្យ​រូប​នេះ កង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល ក៏​បាន​សម្លាប់​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន ៦​នាក់ ក្នុង​នោះ​មាន​លោក FereAbbasi ជា​ប្រធាន​អង្គការ​ថាមពល​អាតូមិច​នៃ​ប្រទេស​អ៊ីរ៉ង់ និង​ជា​សមាជិក​សភា លោក Tehranchi គឺជា​អ្នក​រូបវិទ្យា និង​ជា​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ដ៏​កំពូល​មួយ​រូប​របស់​អ៊ីរ៉ង់។

ប្រតិបត្តិការ​ទ័ព​ជើង​អាកាស​នេះ អ៊ីស្រាអែល​ដាក់​ឈ្មោះ​ថា «Rising Lion»។

លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាង​ថា វិធានការ​នេះ នឹង​បន្ត​ធ្វើ​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត រហូត​ទាល់តែ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ត្រូវ​បាន​បង្ក្រាប។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN អ៊ីស្រាអែល​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទ្រង់ទ្រាយ​ធំ​លើ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ រោងចក្រ​ផលិត​មីស៊ីល​បាលិស្ទិ។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់ ឧត្ដមសេនីយ៍ Hossein Salami ដែល​ជា​អគ្គមេបញ្ជាការ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវ​បាន​សម្លាប់​ដោយ​កង​យន្តហោះ​អ៊ីស្រាអែល វាយប្រហារ​លើ​ទីបញ្ជាការ​កណ្ដាល​របស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ក្នុង​រដ្ឋធានី​តេហេរ៉ង់។

យ៉ាងណា អ៊ីរ៉ង់​បាន​សងសឹក​វិញ​ដោយ​បាន​បង្ហោះ​ដ្រូន​ជាង ១០០​គ្រឿង ទៅ​វាយប្រហារ​អ៊ីស្រាអែល ភ្លាមៗ ប៉ុន្តែ​អ៊ីស្រាអែល អះអាង​ថា បាន​បាញ់​ស្ទាក់​ដ្រូន​នោះ​ទាំងអស់។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei ដែល​តាម​ដំណឹង​មក​ថា កំពុង​ជ្រក​ក្នុង​ទី​សុវត្ថិភាព​រូង​ក្រោម​ដី បាន​គំរាម​ថា អ៊ីស្រាអែល​នឹង​ត្រូវ​ទទួល​រង​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​អ៊ីរ៉ង់ ចាប់ផ្ដើម​វាយ​សងសឹក​វិញ​ក្នុង​ទ្រង់ទ្រាយ​វាយលុក​ដ៏​ធំ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ លោក Ali Khamenei បាន​ហៅ​ប្រតិបត្តិការ​របស់​អ៊ីស្រាអែល គឺជា​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មួយ​នៃ​របប Zionist តែ​ព្រមាន​អ៊ីស្រាអែល ត្រូវតែ​រង​ការ​ឈឺចាប់​នឹង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ។

ក្រសួង​ការបរទេស​អ៊ីរ៉ង់ ប្រកាស​ថា ទីក្រុង​តេហេរ៉ង់ មាន​សិទ្ធិ​ស្រប​ច្បាប់ និង​ត្រឹមត្រូវ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ដោយ​ស្រប​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ អ៊ីរ៉ង់ ចោទ​ថា​បើ​គ្មាន​ការ​បើក​ដៃ​ពី​សហរដ្ឋ​អាមេរិក គឺ​អ៊ីស្រាអែល ក៏​នឹង​មិន​ហ៊ាន​វាយប្រហារ​អ៊ីរ៉ង់ ដែរ។

ក្រសួង​ការបរទេស​អ៊ីរ៉ង់ បាន​ហៅ​ជា​សកម្មភាព​ឈ្លានពាន​របស់​របប Zionist ប្រឆាំង​នឹង​អ៊ីរ៉ង់ ដែល​មាន​ការ​សម្របសម្រួល និង​ការ​អនុញ្ញាត​ពី​សហរដ្ឋ​អាមេរិក។ អ៊ីរ៉ង់ បាន​ទាមទារ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នកគាំទ្រ​សំខាន់​នៃ​របប​នេះ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ផល​ប៉ះពាល់ និង​ផលវិបាក​ដ៏​គ្រោះថ្នាក់​នៃ​ការ​ប្រព្រឹត្ត​របស់​របប Zionist នៅ​ពេល​អ៊ីរ៉ង់ វាយ​សងសឹក។

ជាមួយ​គ្នា​នេះ ក្រសួង​ការបរទេស​អ៊ីរ៉ង់ បាន​បញ្ជូន​លិខិត​ស្នើ​ឱ្យ​មាន​ការ​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ចេញពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​ស្នើ​ឱ្យ​កោះ​ប្រជុំ​ជាបន្ទាន់។

លិខិត​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់ សរសេរ​ថា៖ «ប្រទេស​អ៊ីរ៉ង់ នឹង​ឆ្លើយតប​ចំពោះ​សកម្មភាព​ដ៏​កំសាក និង​ខុស​ច្បាប់​នេះ គឺ​សងសឹក​ដោយ​ម៉ឺងម៉ាត់ និង​សមស្រប​ទៅវិញ ព្រោះ​ជា​ការ​ការពារ​បូរណភាព​ទឹកដី សន្តិសុខ​ជាតិ និង​ពលរដ្ឋ​អ៊ីរ៉ង់ ហើយ​ថា អ៊ីស្រាអែល​នឹង​ត្រូវ​បង់​តម្លៃ​ដ៏​ធំធេង​មួយ​ដែល​បាន​បង្ក​ការ​ឈ្លានពាន​លើ​អ៊ីរ៉ង់។»

តែ​ចំពោះ​សហរដ្ឋ​អាមេរិក​វិញ ប្រកាស​ថា ខ្លួន​មិន​ទទួល​បាន​ការ​ជូនដំណឹង​ពី​អ៊ីស្រាអែល នោះ​ទេ តែ​ព្រមាន​អ៊ីរ៉ង់ កុំ​ឱ្យ​វាយ​សងសឹក​លើ​អ៊ីស្រាអែល ព្រោះ​ថា​អាមេរិក​នឹង​អន្តរាគមន៍​ជួយ​អ៊ីស្រាអែល។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Fox News ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ អះអាង​ថា ទីក្រុង​វ៉ាស៊ីនតោន នឹង​លូក​ដៃ​ចូល​ជួយ​អ៊ីស្រាអែល បើ​អ៊ីរ៉ង់ ហ៊ាន​សងសឹក​វិញ។

តាម​អ្នកកាសែត​របស់ Fox News លោក Bret Baier ក្រោយ​បាន​ជជែក​ជាមួយ​លោក ត្រាំ មេដឹកនាំ​អាមេរិក​រូប​នេះ​នៅតែ​អះអាង​ថា ទីក្រុង​វ៉ាស៊ីនតោន មិន​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល លើ​អ៊ីរ៉ង់ នោះ​ទេ។ យ៉ាងណាមិញ លោក ត្រាំ បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា អាមេរិក​នឹង​ជួយ​ការពារ​អ៊ីស្រាអែល បើ​ពិត​ជា​មាន​ការ​វាយបក​ពី​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។

លោក ត្រាំ បាន​លើកឡើង​ថា៖ «អ៊ីរ៉ង់ មិន​អាច​មាន​គ្រាប់បែក​នុយក្លេអ៊ែរ​ដាច់ខាត ដោយ​សង្ឃឹម​ថា​អ៊ីរ៉ង់ នឹង​ត្រឡប់​ទៅ​កាន់​តុ​ចរចា​វិញ ខណៈ​អាមេរិក​កំពុង​រង់ចាំ។»

តាម​ការ​កំណត់ គឺ​ការ​ចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ៕

© 2025, . All rights reserved.