ក្រសួងកសិកម្ម ធានាថាទោះកសិផលថៃ ត្រូវបានហាមប្រាមទាំងស្រុងមិនឱ្យនាំចូលកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ក៏កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀងដោយផលិតកម្មក្នុងស្រុក។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ មិថុនា នេះថា ក្រសួងកសិកម្ម បានត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីធានានិរន្តរភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេស ដែលអាចជំនួសបានទាំងស្រុងនូវការនាំចូលពីប្រទេសដទៃ។
មន្ត្រីក្រសួងកសិកម្មរូបនេះលើកឡើងថា ស្ថានភាពនេះមិនបង្កផលរំខានធ្ងន់ធ្ងរលើសន្តិសុខស្បៀងរបស់កម្ពុជាទេ ដ្បិតកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានានូវស្ថិរភាពស្បៀងអាហារសម្រាប់ប្រជាជន។
លោកបន្តថា នៅពេលដែលមានការប្រែប្រួលណាមួយ ប្រាកដជាមានការរអាក់រអួលខាងផ្នែកផ្គត់ផ្គង់ និងតម្រូវការខ្លះហើយ ទម្រាំរកទីផ្សារសម្របខ្លួនបាន ប៉ុន្តែវាក៏ជាឱកាសក្នុងការដែលកម្ពុជាត្រូវពង្រឹងសមត្ថភាពផលិតនៅក្នុងស្រុកដែរ ជាពិសេសទំនិញដែលកម្ពុជាធ្លាប់តែពឹងផ្អែកលើការនាំចូលពីប្រទេសថៃ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រសួងកសិកម្ម បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រាយមន្ត្រីកសិកម្មតាមឃុំ តាមរយៈគោលនយោបាយសហគមន៍កសិកម្មទំនើប ដើម្បីផ្ដល់ការគាំទ្រដល់កសិករខ្មែរ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា អះអាងនៅថ្ងៃទី១៧ មិថុនា នេះថា ច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងហើយ ចំពោះការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃ ចូលមកកម្ពុជា។
ចំណែកស្ថាប័នគយ និងរដ្ឋាករកម្ពុជា ក៏បានឱ្យដឹងនៅថ្ងៃទី១៧ មិថុនា នេះដែរថា រាល់គ្រប់បន្លែ និងផ្លែឈើទាំងអស់របស់ថៃ ត្រូវបានបិទខ្ទប់ចោលទាំងស្រុងនៅតាមតំបន់ព្រំដែន មិនឲ្យនាំចូលប្រទេសកម្ពុជាទៀតនោះឡើយ ប៉ុន្តែទំនិញផ្សេងទៀតនៅដំណើរការនាំចូលដូចធម្មតា។
វិធានការនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែមិថុនា កំណត់ពេល ២៤ម៉ោង ឱ្យក្រុមយោធាថៃ បើកច្រកទ្វារព្រំដែនឲ្យដំណើរការដូចដើមវិញ ក្រោយក្រុមយោធាទាំងនោះបិទច្រកព្រំដែនជាមួយកម្ពុជាដោយឯកតោភាគីកាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅនោះ។
ព្រំដែនកម្ពុជា-ថៃ មានប្រវែងជាង ៨០០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៧ រួមមាន ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តព្រះវិហារ ដែលមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១០ និងច្រកទ្វារតំបន់ព្រំដែនចំនួន៥៕
© 2025, . All rights reserved.