មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានថា ជំហររបស់កម្ពុជាមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមិល្លីម៉ែត្រ ប៉ុន្តែកម្ពុជាការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមិល្លីម៉ែត្រដូចគ្នាដែរ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ មិថុនា នេះ ដោយអំពាវនាវឱ្យយុវជនកម្ពុជារួបរួមសាមគ្គី និងប្ដេជ្ញាចិត្តដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ និងប្រជាជនខ្មែរនៅគ្រប់កាលៈទេសៈ ដើម្បីការពារបូរណភាពទឹកដីរបស់ជាតិខ្មែរទាំងមូល។
លោក ហ៊ុន សែន បញ្ជាក់ថា ការចូលរួមរបស់ពលរដ្ឋខ្មែរដែលមកពីគ្រប់ទិសទីក្នុងការសម្ដែងទឹកចិត្ត និងគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន គឺជាស្មារតីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់កម្ពុជាយ៉ាងធំធេង។
ថ្ងៃទី១៨ ខែមិថុនា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍ “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” នៅទីក្រុងភ្នំពេញ ក្នុងបំណងបង្ហាញពីទឹកចិត្តសាមគ្គីជាមួយរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលមានអ្នកចូលរួមប្រមាណជា ១សែន ៥ម៉ឺននាក់។
ជុំវិញព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងសារពិសេសនៅថ្ងៃទី១៨ មិថុនា នេះថា ដំណើរថ្មើរជើងរួមគ្នាក្នុងព្រឹត្តិការណ៍ “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” បានបង្ហាញឱ្យឃើញពីភាពរឹងមាំនៃខឿនការពារជាតិរបស់ប្រជាជន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញបញ្ហានេះ អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សុវិជ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ដោយស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ពលករខ្មែរដែលកំពុងរស់នៅក្នុងប្រទេសថៃ ក្នុងពេលដែលប្រទេសទាំងពីរកំពុងមានបញ្ហាព្រំដែននាពេលនេះ។
លោក សារ៉ូ សុវិជ័យ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលយកឱកាសនេះបង្រួបបង្រួមស្មារតីជាតិឡើងវិញ តាមរយៈនៃការផ្សះផ្សានយោបាយដោយការដោះលែងអ្នកទោសមនសិការដែលកំពុងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌សព្វថ្ងៃនេះ ក្នុងនោះក៏មានអ្នកជាប់ឃុំព្រោះតែតវ៉ាបញ្ហាព្រំដែននាពេលកន្លងមកដែរ៕
© 2025, . All rights reserved.