លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ជួប​ពិភាក្សា​ជាមួយ​លោក Phumtham Wechayachai រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ អំពី​ភាព​តានតឹង​តាម​ព្រំដែន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​អារញ្ញប្រថេត ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ នៅ​រសៀល​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ក្រសួង​ការបរទេស​ថៃ ច្រានចោល​ការ​ចោទ​ថា​រំលោភ​លើ​អនុស្សរណៈ​ឆ្នាំ​២០០០ ពី​ក្រសួង​ការពារ​ជាតិ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

June 19, 2025

ក្រសួង​ការបរទេស​ថៃ ច្រានចោល​នូវ​ការ​លើកឡើង​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​ថា​ការ​ជីក​លេណដ្ឋាន​របស់​ភាគី​ថៃ គឺជា​ការ​រំលោភ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU២០០០) ដែល​តម្រូវ​ឱ្យ​ភាគី​ទាំង​ពីរ​គោរព​គ្នា​ទៅវិញ​ទៅមក។

សារព័ត៌មាន Thai Enquire ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ មិថុនា នេះ​ថា មជ្ឈមណ្ឌល​ប្រតិបត្តិការ​ពិសេស​សម្រាប់​ការ​គ្រប់គ្រង​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ បាន​បញ្ជាក់​ថា ការ​ជីក​លេណដ្ឋាន​ការពារ​ក្នុង​ទឹកដី​ថៃ មិន​បំពាន​លើ​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០០ ឡើយ។

ប្រភព​ដដែល​ស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក Nikorndej Balankura ថា លេណដ្ឋាន​ត្រូវ​បាន​ជីក​នៅ​លើ​ដែន​អធិបតេយ្យភាព​របស់​ថៃ ប៉ុណ្ណោះ ខណៈ​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០០ (MOU២០០០) ក៏​ថៃ មិន​បាន​រំលោភ​ដែរ។

អ្នក​នាំពាក្យ​ថៃ​រូប​នេះ​បញ្ជាក់​សាជាថ្មី​អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​ថៃ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាមរយៈ​ទ្វេភាគី​ស្រប​តាម​ច្បាប់​អន្តរជាតិ ខណៈ​ប្រទេស​ថៃ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ពិសេស JBC នៅ​ខែ​កញ្ញា ខាង​មុខ​នេះ ដើម្បី​ស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំង​ពីរ។

កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​បង្ហាញ​ការ​សោកស្តាយ ដោយសារតែ​ភាគី​ថៃ មិន​គោរព និង​មិន​គ្រប់គ្រង​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU 2000) រវាង​ប្រទេស​ទាំង​ពីរ។

ប្រភព​ដដែល​អះអាង​ថា ភាគី​ថៃ បាន​បង្ហាញ​សកម្មភាព​រំលោភ​បំពាន​ជាបន្តបន្ទាប់ ដូចជា ការ​បង្ហោះ​យាន​ដ្រូន ការ​ជីក​លេណដ្ឋាន (ត្រង់សេ) ការ​បង្កើន និង​ការ​ចល័ត​អាវុធ​គាំទ្រ រួម​ទាំង​សព្វាវុធ​គ្រប់​ប្រភេទ និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​តាម​ព្រំដែន​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្ដរមានជ័យ ជា​ការ​គំរាមកំហែង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Nation បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ មិថុនា នេះ​ថា មេបញ្ជាការ​កង​ម៉ារីន​ខេត្ត​ត្រាត លោក Paris Wongpensri បាន​អះអាង​ថា ថៃ​បាន​ចល័ត​កងទ័ព និង​អាវុធ​តាម​ព្រំដែន​ខេត្ត​ត្រាត ដើម្បី​ត្រៀម​រក្សា​សន្តិសុខ។

មេបញ្ជាការ​កង​ម៉ារីន​ថៃ រូប​នេះ អះអាង​ថា អង្គភាព​សមុទ្រ​ថៃ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ឈរជើង​ការពារ​ព្រំដែន​នា​ពេលនេះ ហើយ​ការ​ដាក់​ពង្រាយ​នេះ គឺ​ធ្វើឡើង​បន្ទាប់ពី​កងទ័ព​កម្ពុជា​បាន​បាញ់​ទៅ​លើ​មេឃ​ក្បែរ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ត្រាត កាលពី​ល្ងាច​ថ្ងៃ​អង្គារ និង​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ។

លោក Paris Wongpensri បញ្ជាក់​ថា លោក​មិន​អាច​កំណត់​បាន​ថា តើ​កងទ័ព​កម្ពុជា​ណា​ខ្លះ​បាញ់​កាំភ្លើង​នោះ​ទេ ប៉ុន្តែ​ជាក់ស្តែង ពួកគេ​បាន​បាញ់​ទៅ​លើ​យន្តហោះ​គ្មាន​មនុស្ស​បើក ខណៈ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនោះ ក៏​គេ​មិន​អាច​កំណត់​បាន​ថា​តើ​ភាគី​ណា​ជា​អ្នក​បង្ហោះ​ដែរ៕

© 2025, . All rights reserved.