ព័ត៌មានជាតិ

ស្ទង់មតិ៖ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​រក​ឃើញ​ថា​ពលរដ្ឋ​កម្ពុជា ៩៥% គាំទ្រ​បុព្វហេតុ​ការពារ​ជាតិ​របស់​កងទ័ព

By ឌឹ ខេមបូឌា ដេលី

June 19, 2025

វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ចេញ​លទ្ធផល​ពី​ការ​ស្ទង់មតិ​លើ​ពលរដ្ឋ​កម្ពុជា​សរុប ១៥៨៨​នាក់ ជុំវិញ​ការ​យល់ឃើញ​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​ជម្លោះ​តំបន់​ព្រំដែន​កម្ពុជា-ថៃ បាន​រក​ឃើញ​ថា​មាន​ពលរដ្ឋ ៩៥% គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល និង​បុព្វហេតុ​ការពារ​ជាតិ​របស់​កងទ័ព។

យោង​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​មិថុនា បាន​ឲ្យ​ដឹង​ថា AVI បាន​រៀបចំ​ការ​ស្ទាបស្ទង់​មតិ​លើ​ជម្លោះ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ស្វែងយល់​អំពី​មតិ​សាធារណៈ និង​ការ​យល់ឃើញ​របស់​ប្រជាជន​កម្ពុជា ជាពិសេស​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​ជម្លោះ​តំបន់​ព្រំដែន​ជាមួយ​ភាគី​ថៃ។

ប្រភព​ដដែល​បាន​អះអាង​ថា AVI បាន​ប្រមូល​ទិន្នន័យ​បឋម​តាមរយៈ​ប្រព័ន្ធ​អនឡាញ និង​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​ប្រជាជន​ចំនួន ១៥៨៨​នាក់ ដែល​មាន​យុវជន​វ័យ​កណ្តាល និង​វ័យ​ចំណាស់​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ជា​លទ្ធផល AVI រក​ឃើញ​ពលរដ្ឋ​កម្ពុជា ១៥៨៨​នាក់​ដែល​ចូលរួម​ស្ទង់មតិ មាន ៩៣% ពេញចិត្ត​ចំពោះ​ចំណាត់ការ​ទូទៅ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

ប្រភព​ខាងលើ​អះអាង​ថា ៩៩​ភាគរយ គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​នៅ​តំបន់​មុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី តាម​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។

AVI អះអាង​ថា ប្រជាជន​កម្ពុជា ៩៥,៥% គាំទ្រ​បុព្វហេតុ​ការពារ​ជាតិ​របស់​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ត្រៀម​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​ការ​ឈ្លានពាន​របស់​យោធា​ថៃ។ ប្រជាជន ២៩% បាន​ផ្តល់​តម្លៃ​លើ​ការ​ចរចា​ទ្វេភាគី ដរាបណា​មាន​ការ​តភ្ជាប់​ជាមួយ​តុលាការ ICJ ហើយ​ប្រជាជន​កម្ពុជា​តិចតួច​ត្រឹម ១,១% ប៉ុណ្ណោះ មាន​ជំនឿ​លើ​ការ​ប្រើប្រាស់​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់​តែ​មួយ​មុខ៕

© 2025, . All rights reserved.