ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ព្រមាន​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ត្រូវ​ចុះចាញ់ ពុំ​នោះ​ទេ​ប្រឈម​នឹង​គ្រោះថ្នាក់​ជីវិត

By ឌឹ ខេមបូឌា ដេលី

June 19, 2025

សង្គ្រាម​លម្ហ​អាកាស​សងសឹក​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ចូល​ដល់​ថ្ងៃទី​៦ ហើយ​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​មិថុនា។

ក្នុង​ស្ថានភាព​នេះ ភាគី​ទាំង​ពីរ​នេះ​នៅតែ​បើក​ការ​វាយប្រហារ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​ដាក់​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​អ៊ីស្រាអែល ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ប្រៀប​ខ្លាំង​ជាង​អ៊ីរ៉ង់ បន្តិច​ត្រង់​ថា អ៊ីស្រាអែល​គ្រប់គ្រង​លម្ហ​អាកាស​អ៊ីរ៉ង់ បាន​សឹងតែ​ទាំងស្រុង ជាមួយ​នឹង​ការ​បើក​ប្រតិបត្តិការ​កង​យន្តហោះ​ចម្បាំង​ហោះ​ទៅ​វាយ​សន្ធប់​លើ​ដែនដី​អ៊ីរ៉ង់ ផ្ទាល់​តែម្ដង។

ម្យ៉ាង​ទៀត អ៊ីស្រាអែល​មាន​ប្រៀប​ខ្លាំង​ជាង​អ៊ីរ៉ង់ បន្តិច ដោយសារតែ​សហរដ្ឋ​អាមេរិក​រង់ចាំ​អន្តរាគមន៍​ជួយ​អ៊ីស្រាអែល ដូចជា ការ​បំពាក់​អាវុធ​ទំនើបៗ និង​ជាពិសេស​គ្រាប់បែក​ទម្ងន់​រាប់​តោន អាច​នឹង​ផ្ដល់​ឱ្យ​អ៊ីស្រាអែល ដើម្បី​បំពាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​អ៊ីរ៉ង់ ហើយ​ឥទ្ធិពល​នៃ​គ្រាប់បែក​នេះ ទោះបី​ទីតាំង​រូង​ក្រោម​ដី​ក៏​អាច​គាស់​រំលើង​បាន​ដែរ។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ព្រមាន​អ៊ីរ៉ង់ ឲ្យ​សុំ​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ ជាមួយ​ការ​ព្រមាន​ថា ការ​អត់ធ្មត់​របស់​សហរដ្ឋ​អាមេរិក​កាន់តែ​ជិត​អស់​ហើយ។

តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ការ​ព្រមាន​របស់​លោក ដូណាល់ ត្រាំ ធ្វើឡើង​ក្នុង​ការ​បង្ហោះ​មួយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មិថុនា បាន​បង្ក​ឱ្យ​មាន​ការ​សង្ស័យ​ថា អាមេរិក​អាច​នឹង​ចាត់​វិធានការ​ក្ដៅ​ប្រឆាំង​អ៊ីរ៉ង់ ស្រប​ពេល​លោក ត្រាំ កំពុង​ពិចារណា​ថា​ត្រូវ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល ដើម្បី​កម្ទេច​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

សារ​របស់​លោក ត្រាំ បញ្ជាក់​ថា៖ «យើង​បាន​ដឹង​យ៉ាង​ច្បាស់​ថា​តើ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ម្នាក់​នោះ​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ទីណា ហើយ​បើ​យើង​ចង់​សម្លាប់​គាត់ គឺជា​រឿង​ងាយស្រួល​បំផុត។ តែ​ក្នុង​ពេលនេះ យើង​នឹង​មិន​សម្លាប់​គាត់​នោះ​ទេ ប៉ុន្តែ​ការ​អត់ធ្មត់​របស់​យើង​កាន់តែ​តិច​ទៅៗ​ហើយ។»

ជាមួយ​នឹង​ការ​បង្ហោះ​សារ​នេះ លោក ត្រាំ បាន​ប្រាប់​ឱ្យ​អ៊ីរ៉ង់ ឲ្យ​សុំ​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ។

លោក ត្រាំ ក៏​បាន​លើកឡើង​ថា លោក​អាច​នឹង​បញ្ជូន​បេសកជន​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​មជ្ឈិមបូព៌ា គឺ​លោក Steve Witkoff ឬ​ក៏​អនុប្រធានាធិបតី​អាមេរិក លោក JD Vance ទៅ​ជួប​ក្រុម​មន្ត្រី​អ៊ីរ៉ង់។

តែ​យ៉ាងណា មន្ត្រី​អាមេរិក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា មន្ទីរ​ប៉ុងតាហ្គូន​បាន​សម្រេច​បញ្ជូន​យន្តហោះ​ចម្បាំង​បន្ថែម​ទៅ​កាន់​មជ្ឈិមបូព៌ា ក្រោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Pete Hegseth និយាយ​ថា យោធា​អាមេរិក​កំពុង​ប្រុង​ជើងការ​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​របស់​ក្រុម​សម្ព័ន្ធភាព​អ៊ីរ៉ង់។

ក្នុង​ស្ថានភាព​ដែល​លោក ត្រាំ គំរាម​ឱ្យ​មេដឹកនាំ​អ៊ីរ៉ង់ ឲ្យ​ចុះចាញ់​នឹង​សង្គ្រាម​លម្ហ​អាកាស​ជាមួយ​អ៊ីស្រាអែល តាម​ដំណឹង​មក​ថា ប្រជាជន​រាប់​ពាន់​នាក់​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​បាន​ភៀស​ខ្លួន​ចេញពី​អ៊ីរ៉ង់ ទៅ​ប្រទេស​អាហ្សេបៃហ្សង់ ក្នុង​រយៈពេល ៥​ថ្ងៃ ចាប់តាំងពី​មាន​សង្គ្រាម​ផ្លូវអាកាស​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ផ្ទុះ​ឡើង។

ជាមួយ​គ្នា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​អាមេនី ក៏​បាន​រាយការណ៍​ថា ឥណ្ឌា​បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​អ៊ីរ៉ង់ តាមរយៈ​ប្រទេស​អាមេនី។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ចេញពី​ទីក្រុង​តេហេរ៉ង់ ទៅ​ច្រក​ចូល​អាហ្សេបៃហ្សង់ ត្រូវ​ចំណាយ​ពេល​ប្រហែល​ជិត ៨​ម៉ោង ហើយ​បើ​ទៅ​ដល់​ព្រំដែន​ប្រទេស​អាមេនី ត្រូវ​ចំណាយ​ពេល​ជាង ១០​ម៉ោង។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាហ្សេបៃហ្សង់ លោក Aykhan Hajizadeh បាន​និយាយ​ថា ពលរដ្ឋ​ជាង ១២០០​នាក់​មកពី ៥១​ប្រទេស បាន​ស្នើសុំ​ការ​អនុញ្ញាត​ឱ្យ​ឆ្លង​ពី​អ៊ីរ៉ង់ ទៅ​អាហ្សេបៃហ្សង់។

មន្ត្រី​អាហ្សេបៃហ្សង់ ម្នាក់​និយាយ​ថា មាន​មនុស្ស​ជាង ៦០០​នាក់​មាន​ដូចជា​ជនជាតិ​រុស្ស៊ី អាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី ស៊ែប៊ី រូម៉ានី ព័រទុយហ្គាល់ ចិន វៀតណាម អារ៉ាប់រួម និង​ប្រទេស​ជនជាតិ​ជាច្រើន​ផ្សេង​ទៀត។

ជើងហោះហើរ​ចេញពី​អ៊ីរ៉ង់ ត្រូវ​បាន​បិទ​ដោយសារ​ការ​វាយប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​អ៊ីស្រាអែល លើ​អ៊ីរ៉ង់ ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​នាំ​ឱ្យ​អ៊ីរ៉ង់ វាយ​សងសឹក​វិញ ជាមួយ​នឹង​ការ​វាយប្រហារ​ដោយ​មីស៊ីល និង​ដ្រូន ប៉ុន្តែ​លម្ហ​អាកាស​អ៊ីរ៉ង់ និង​អ៊ីស្រាអែល ត្រូវ​បិទ​ទាំងស្រុង។ ចំណែក​ប្រទេស​ជិតខាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល ក៏​បាន​ប្រកាស​បិទ​ជើងហោះហើរ​ផង​ដែរ៕

© 2025, . All rights reserved.