អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល អះអាងថា ការចរចារឿងអត្រាពន្ធទៅវិញទៅមក ដែលសព្វថ្ងៃរដ្ឋាភិបាលហៅថាពន្ធបដិការជាមួយសហរដ្ឋអាមេរិកក្នុងជុំទី៣ នាពេលខាងមុខ នឹងទទួលបានជោគជ័យ បន្ទាប់ពីការចរចាជុំទី២ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាលើបញ្ញត្តិជាច្រើន ប៉ុន្តែអ្នកឃ្លាំមើលសង្គមទាមទារឲ្យប្រទេសកម្ពុជា ត្រូវតែរក្សាឱ្យបាននូវគោលការណ៍អព្យាក្រឹត្យ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ភាគីខ្មែរកាលពីថ្ងៃទី១៦ ខែមិថុនា បានបញ្ជូនឯកសារចុងក្រោយទៅការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិករួចហើយ និងដោយរំពឹងថា ភាគីអាមេរិកាំងនឹងពិនិត្យឯកសារទាំងនោះ។ ឯកសារដែលប្រទេសកម្ពុជា បានបញ្ជូនទៅនោះ គឺមានកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ សេចក្តីព្រាងក្របខ័ណ្ឌពន្ធចំពោះផលិតផលអាមេរិកាំងនាំចូលមកប្រទេសកម្ពុជា រួមនឹងលក្ខខណ្ឌតម្រូវភាពអនុលោមសម្រាប់ប្រទេសកម្ពុជា។
អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ការចរចាពន្ធមិនមែនជារឿងងាយស្រួលឡើយ ហើយក៏មិនអាចធ្វើត្រឹមតែមួយដង ឬពីរដង ទទួលបានជោគជ័យនោះទេ។ លោកថា ប្រទេសមួយចំនួនបានចរចាចំនួន ៥លើក ឬ ៦លើករួចហើយ តែពុំទាន់ទទួលបានជោគជ័យនៅឡើយ។
ក្នុងដំណើរការចរចាពន្ធបដិការជាមួយអាមេរិក ប្រតិភូកម្ពុជាដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញផ្សេងទៀត បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកចំនួន ២លើករួចមកហើយ ដើម្បីជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិក។
ក្នុងជំនួបចរចាទាំងពីរលើកកន្លងទៅ ភាគីកម្ពុជាបានជួបពិភាក្សាជាមួយលោកស្រី Sarah Ellerman តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដោយពុំទាន់ទទួលបានលទ្ធផលអ្វីជាការកត់សម្គាល់ឡើយ ក្រៅតែពីភាគីទាំងពីរពិភាក្សាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិមួយចំនួន។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី០៩ មិថុនា ថា ប្រទេសកម្ពុជាត្រូវរក្សាឱ្យបាននូវគោលការណ៍អព្យាក្រឹត្យ ដើម្បីជៀសឱ្យផុតពីភាពលម្អៀងនយោបាយ និងសេដ្ឋកិច្ចទៅរកមហាអំណាចណាមួយ ព្រោះថាបើប្រទេសកម្ពុជាលម្អៀងទៅខាងប្រទេសចិន ក៏មិនចំណេញ បើប្រទេសកម្ពុជាលម្អៀងទៅខាងសហរដ្ឋអាមេរិក ក៏ខាតដែរ។ ដូច្នេះ ប្រទេសកម្ពុជាគ្មានជម្រើសផ្សេង ជាជាងការប្រកាន់នូវផ្លូវកណ្ដាលទេ ដើម្បីផលប្រយោជន៍ជាតិរបស់ខ្លួនទៅថ្ងៃមុខ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា បើប្រទេសកម្ពុជាមិនអាចចរចាជាមួយសហរដ្ឋអាមេរិកបានជោគជ័យទេ នោះសេដ្ឋកិច្ចជាតិប្រាកដជានឹងរងនូវការធ្លាក់ចុះ ព្រោះអ្នកវិនិយោគអាចនឹងពិចារណាទៅប្រទេសណាដែលមានពន្ធនាំចេញទៅអាមេរិកទាបជាងប្រទេសកម្ពុជា ដូចជា ថៃ ឬវៀតណាម ជាដើម។
គួរកត់សម្គាល់ថា៖ សហរដ្ឋអាមេរិក និងរាជាណាចក្រកម្ពុជា ជួបពិភាក្សាគ្នាជាញឹកញាប់អនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០០៦ ហៅថា ក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគទុន ហៅកាត់ថា ទីហ្វា (Trade and Investment Framework Agreement, TIFA) ដើម្បីបញ្ហាអតុល្យភាពពាណិជ្ជកម្មទ្វេភាគី និងពហុភាគីក្នុងតំបន់។ អតុល្យភាពជំនួញរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក បណ្តាលមកពីមានការបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដោយភាគីប្រទេសកម្ពុជាបើកដៃឲ្យក្រុមហ៊ុនបរទេសជាច្រើន មានក្រុមហ៊ុនចិន យៀកណាម ជាដើម មកផលិតទំនិញនាំចេញ ទាញផលប្រយោជន៍ពីអត្រាពន្ធទាបដែលសហរដ្ឋអាមេរិកបានអនុគ្រោះដល់ប្រទេសកម្ពុជាខាងវិស័យវាយនភណ្ឌ ដេរប៉ាក់សម្លៀកបំពាក់ កាបូប ស្បែកជើង ស្រោមជើង ខោអាវ។ល។
យោងតាមស្ថិតិនៃការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក ទំនិញដឹកចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ហើយនាំចំណូលជាប្រាក់មកវិញក្នុងឆ្នាំ២០២៤ មានទឹកប្រាក់ជិត ១៣ពាន់លានដុល្លារ ចំណែកឯទំនិញអាមេរិកាំងដឹកមកប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ មានទឹកប្រាក់តែជិត ៣២២លានដុល្លារប៉ុណ្ណោះ៕
© 2025, . All rights reserved.