ខណៈពលរដ្ឋខ្មែរ និងពលរដ្ឋថៃ បង្ហាញស្មារតីស្នេហាជាតិ ជាតិនិយមក្នុងវិវាទដែនដីតាមព្រំប្រទល់ដែននៃរាជាណាចក្រទាំងពីរដោយក្តីក្តៅក្រហាយ សម្ដែងការប្ដេជ្ញាការពារទឹកដីរៀងៗខ្លួនក្នុងសប្តាហ៍ដើមខែមិថុនា ឆ្នាំ២០២៥ នេះ វិទ្យាស្ថានឈ្មោះ Robert Lansing Institute ដែលមានទីចាត់ការធំនៅសហរដ្ឋអាមេរិកប៉ែកខាងកើត និងមានសាខានៅប្រទេសបារាំង បានផ្សាយសេចក្តីរាយការណ៍សិក្សាស្រាវជ្រាវមួយ ព្យាករអំពីផលវិបាកផ្សេងៗដែលអាចនឹងរីករាលដាលប៉ះពាល់ដល់វិស័យនានា ដែលគេពិនិត្យមើលមូលហេតុនៃជម្លោះ សេណារីយ៉ូ ផលវិបាក ប្រយោជន៍បរទេស។
- ជម្លោះប្រវត្តិសាស្ត្រ សេចក្តីស្រាវជ្រាវនិយាយថា បង្កឡើងដោយអ្នកដឹកនាំព្យាយាមប្រើភាសាមនសិការជាតិទាំងសងខាង ហាក់បីដូចជាបំផុសកំហឹងពលរដ្ឋ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិកាត់សេចក្តីឲ្យភាគីខ្មែរឈ្នះរឿងក្ដីប្រាសាទ ប៉ុន្តែភាគីថៃ មិនយល់ព្រម។
- ការពង្រាយកម្លាំងយោធាតាមជាយដែន និងសកម្មភាពខុសច្បាប់តាមព្រំដែន ដូចជាការរត់ពន្ធ ការកាប់ឈើ និងការរត់ពន្ធមនុស្សឆ្លងដែន។ យោធាថៃ ថាគេតាមបង្ក្រាបសកម្មភាពខុសច្បាប់ ប៉ុន្តែខាងខ្មែរមើលឃើញថា សកម្មភាពយោធាថៃ បំពានអធិបតេយ្យជាតិប្រទេសកម្ពុជា។
- ការផ្លាស់ប្ដូរនយោបាយ និងអស្ថិរភាពផ្ទៃក្នុង ពីព្រោះប្រទេសថៃឡង់ដ៍ ស្ថិតក្រោមឥទ្ធិពលយោធា ទន្ទឹមនឹងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពង្រឹងអំណាច បន្ទាប់ពីស្នងតំណែងពីឪពុក។ ទាំងសងខាងផ្ដោតលើគោលការណ៍សន្តិសុខជាតិ ហើយថាមភាពនេះធ្វើឲ្យដំណោះស្រាយតាមផ្លូវទូតស្រួចស្រាល់ និងប្រតិកិរិយា។
- បញ្ហាជាតិសាសន៍ និងការងារ ឬពលកម្មនៅប្រទេសថៃ មានការប្រកាន់ពូជសាសន៍ មើលងាយ រើសអើងលើពលករខ្មែរ ជាពិសេសតាមខេត្តជាប់ព្រំដែន។ អាជ្ញាធរខ្មែរមើលឃើញសកម្មភាពក្នុងប្រទេសថៃ ថាជាការអុជកំហឹង រីឯអាជ្ញាធរថៃ គេថាគេបង្ក្រាបជនដែលរំលោភបំពានច្បាប់ការងារ។
បើសិនជាជម្លោះនៅតែបន្ត ហើយឈានទៅដល់ការធ្វើសង្គ្រាមជាមួយគ្នា អ្នកវិភាគមើលឃើញតួសម្ដែងមួយចំនួនក្នុងវិវាទ ឬចម្បាំងខ្មែរ – ថៃ។
- អាស៊ាន នឹងឆ្លងកាត់ការពិសោធន៍ប្រឈមមុខលើទ្រឹស្ដី និងគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងគ្នា តើមានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព ដូច្នេះអាចប្រេះសាមគ្គីគ្នា។
- ចំពោះផលប្រយោជន៍បរទេស ចិនថ្វីត្បិតតែមានទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរក្តី ប៉ុន្តែចិន ជិតស្និទ្ធនឹងប្រទេសកម្ពុជា ជាងជាមួយប្រទេសថៃ ដោយសារតែជំនួយ។ គេថា ចិនអាចជួយពង្រឹងភាគីខ្មែរយ៉ាងមានប្រៀប ហើយដាក់សម្ពាធលើភាគីថៃ ឲ្យប្រកាន់អព្យាក្រឹត្យក្នុងដំណើរពង្រីកឥទ្ធិពលតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដូច្នេះ ចិនអាចមានប្រៀបលើអាស៊ាន។
- សហរដ្ឋអាមេរិក អាចនឹងជួយចលនាប្រជាធិបតេយ្យនៅប្រទេសថៃឡង់ដ៍ ហើយដាក់ខ្លួនជាតួអង្គសម្របសម្រួលរម្ងាប់កំហឹង ជាពិសេសនៅពេលឃើញថា ចិនរឹតតែវាតទីបង្កើនភាពតានតឹងក្នុងតំបន់។ ទោះជាបែបនេះក្តី ក្រុងវ៉ាស៊ីនតុន មិនសូវមានប្រៀបលើប្រទេសកម្ពុជាទេ ព្រោះតែស្រុកខ្មែរទ្រេតទៅខាងចិន ខ្លាំងពេក។
- ខណៈនេះ ប្រទេសយៀកណាម កំពុងគយគន់សង្កេតមើលសភាពការណ៍ដោយប្រយ័ត្នប្រយែង។ ក្រុងហាណូយ ខ្លាចអស្ថិរភាពវាខ្ពុរកំពប់ហៀរហូរលើខ្លួន ឬក៏ប្រទេសកម្ពុជាកាន់តែអែបទៅនៅក្រោមក្លៀកចិន ខ្លាំងថែមទៀត។ គេថា ហាណូយអាចប្រើទ្វារក្រោយដាក់សម្ពាធលើប្រទេសកម្ពុជាឲ្យបន្ថយ ឬបញ្ចុះកម្ដៅ។
- ចំណែកឯជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសដាក់ទុនក្នុងប្រទេសទាំងពីរច្រើនគួរសមដែរនោះ ចង់បានឲ្យមានដំណោះស្រាយដោយសន្តិវិធីតាមរយៈអាស៊ាន ដើម្បីកុំឲ្យបណ្ដាញដឹកជញ្ជូនផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធរបស់គេជួបប្រទះការរអាក់រអួលបាត់បង់ប្រយោជន៍៕
© 2025, . All rights reserved.