អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និង​អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ចូលរួម​កម្មវិធី​ខួបកំណើត​លោក ហ៊ុន សែន នៅ​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន នៅ​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៣។

នយោបាយ

លោក ហ៊ុន សែន អះអាង​ថា​ទំនាក់ទំនង​គ្រួសារ ថាក់ស៊ីន និង​លោក ត្រូវ​បាន​បំផ្លាញ​ដោយ​ពាក្យ​គ្មាន​វិជ្ជាជីវៈ

By ឌឹ ខេមបូឌា ដេលី

June 23, 2025

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា មនោសញ្ចេតនា ៣០​ឆ្នាំ​រវាង​គ្រួសារ​លោក និង​គ្រួសារ​លោក ថាក់ស៊ីន ត្រូវ​បាន​បំផ្លាញ​ដោយសារ​ការ​ប្រមាថ​រូបលោក និង​នាយករដ្ឋមន្ត្រី​កម្ពុជា ថា​គ្មាន​វិជ្ជាជីវៈ ក្រោយពី​បែកធ្លាយ​សារ​សំឡេង​សន្ទនា​ជា​លក្ខណៈ​ឯកជន​រវាង​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ និង​លោក។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២០ មិថុនា នេះ​ថា នៅ​ពេល​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ នៅ​កម្ពុជា កាលពី​ខែ​មេសា ឆ្នាំ​២០២៥ កន្លង​ទៅ ក្រៅពី​កម្មវិធី​ផ្លូវការ គឺ​គ្រួសារ​លោក​មាន​កម្មវិធី​គ្រួសារ​ដោយ​នាយករដ្ឋមន្ត្រី​ថៃ អ៊ុងអ៊ីង (អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់) និង​ស្វាមី បាន​មក​ទទួលទាន​អាហារ​នៅ​ផ្ទះ​របស់​លោក។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា មុន​ពេល​ចាកចេញ នាយករដ្ឋមន្ត្រី​ថៃ បាន​សុំ​មើល​បន្ទប់​ដែល​ឪពុក​របស់​គាត់ និង​ម្តាយមីង​របស់​គាត់​សម្រាក ព្រោះ​ផ្ទះ​របស់​លោក​បាន​រក្សា​បន្ទប់​ពីរ​ជូន​បងប្អូន​ទាំង​ពីរ​នាក់។ បន្ទប់​មួយ​ដាក់​ឈ្មោះ​ថា បន្ទប់ «ថាក់ស៊ីន» និង​បន្ទប់​មួយ​ទៀត​មាន​ឈ្មោះ​ថា បន្ទប់ «យ៉ីងឡាក់»។ ស្វាមី​នាយករដ្ឋមន្ត្រី​ថៃ បាន​ថត និង​ថត​ជា​វីដេអូ​នៅ​បន្ទប់​ទាំង​ពីរ​នេះ។

លោក​អះអាង​ថា មនោសញ្ចេតនា​រយៈពេល​ជាង ៣០​ឆ្នាំ​រវាង​គ្រួសារ​ទាំង​ពីរ ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​បែកធ្លាយ​នូវ​ការ​សន្ទនា​តាម​ទូរសព្ទ​ដោយ​មន្ត្រី​កម្ពុជា​ណា​មួយ​ដែល​មាន​កំហឹង​ចំពោះ​ការ​ប្រមាថ​មក​លើ​រូបលោក និង​នាយករដ្ឋមន្ត្រី​កម្ពុជា ថា​គ្មាន​វិជ្ជាជីវៈ។

ទាក់ទង​នឹង​បញ្ហា​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៥ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ដល់​ប្រជាជន​ថៃ ចំពោះ​កិច្ចសន្ទនា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ដែល​ត្រូវ​បាន​បែកធ្លាយ។ លើស​ពី​ការ​សុំទោស នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា នេះ​មិនមែន​ជា​ពេលវេលា​ដែល​ថៃ ត្រូវ​ឈ្លោះ​គ្នា​ផ្ទៃក្នុង​ឡើយ តែ​ជា​ពេល​រួបរួម​សាមគ្គី​គ្នា​ដើម្បី​អធិបតេយ្យ​របស់​ខ្លួន។

ចំណែកឯ​ក្រសួង​ការបរទេស​ថៃ នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៥ ក៏​បាន​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវការ​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​សារ​សំឡេង​សន្ទនា​ជា​លក្ខណៈ​ឯកជន​រវាង​លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។ ក្រសួង​ការបរទេស​ថៃ អះអាង​ថា ការ​បញ្ចេញ​សារ​សន្ទនា​នេះ គឺ​មិន​អាច​ទទួលយក​បាន ដោយសារ​ការ​បែកធ្លាយ​សំឡេង​សន្ទនា​នេះ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​ទំនុកចិត្ត​ជា​អន្តរជាតិ។

បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ម៉ាឡេស៊ី New Straits Times នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៥ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​បែកធ្លាយ​សំឡេង​នៃ​ការ​សន្ទនា​ឯកជន​តាម​ទូរសព្ទ​រវាង​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។

អ្នក​នាំពាក្យ​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ បាន​ផ្ញើ​សារ​ប្រាប់​នាយករដ្ឋមន្ត្រី​ថៃ តាមរយៈ​សារ​សំឡេង​លើ​បណ្ដាញ​តេឡក្រាម នា​ល្ងាច​ថ្ងៃទី​១៨ មិថុនា បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ បាន​ចោទប្រកាន់​លោក ហ៊ុន សែន ថា​បាន​ទម្លាយ​ឃ្លីប​សន្ទនា​រវាង​លោកស្រី និង​លោក ហ៊ុន សែន ថា​ចង់បាន​ប្រជាប្រិយភាព។ លោក​ថា សម្រាប់​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺ​មាន​នៅ​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​យូរ​មក​ហើយ។

ជាទូទៅ កិច្ចសន្ទនា​គ្នា​រវាង​មេដឹកនាំ​ប្រទេស ធ្វើឡើង​តាមរយៈ​បណ្ដាញ​ទាក់ទង​មាន​សន្តិសុខ ១០០% គ្មាន​អ្វី ឬ​នរណា​អាច​លួច​ស្តាប់​បាន​ឡើយ បើ​ម្ចាស់​ដើម ឬ​សាមីខ្លួន​មិន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ ឬ​តាម​បែប​បង្ហើរ​សារ​ចង់​ដឹង​ប្រតិកម្ម​អុជអាល​ឲ្យ​បែក​ទំនុកចិត្ត​គ្នា​ទេ​នោះ។

អ្នក​តាមដាន​ខ្លះ​ថា​វា​មិនមែន​ជា​ការ​ចង់បាន​ប្រជាប្រិយភាព​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ជា​វិធី​ញុះញង់​ឲ្យ​មនុស្ស​លែង​ទុកចិត្ត​គ្នា ខឹងសម្បា​ក្តៅក្រហាយ​ទៅ​ជា​ឈ្លោះ​គ្នា​ក៏​មាន។ ក្នុង​ជំនឿ​សាសនា​មួយ គេ​ថា​សញ្ញា​បួន បង្ហាញ​អំពី​លក្ខណៈ​មនុស្ស​លាក់​ពុត៖ ហារ​ស្តី​មាត់​និយាយ គឺ​កុហក​ភ្លាម; សន្យា​អ្វី​មិន​ដែល​គោរព​ពាក្យ​សន្យា; ចុះ​កិច្ចព្រមព្រៀង​នឹង​គ្នា ហើយ​បំពាន; ពេល​ជជែក​ប្រកែក​គ្នា​រក​ហេតុផល​ខុស​ត្រូវ ចង់​តែ​ប្រើ​កម្លាំង​បាយ​យក​ឈ្នះ​ពានពារ​លើ​អ្នក​ដទៃ៕

© 2025, . All rights reserved.