ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​ព្រះតេជព្រះគុណ មហា​នរិន្ទ​ថន ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ហៅ​ជាទូទៅ​ថា​លោកតា ស៊ុច ឬ​លោក​ឪ​ស៊ុច

ព័ត៌មានជាតិ

លោក ហ៊ុន សែន ប្រាប់​ឱ្យ​នាយករដ្ឋមន្ត្រី​កូន​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​លោកតា​ស៊ុច​ព្រះសង្ឃ​ថៃ​ដែល​មាន​ប្រជាប្រិយភាព

By ឌឹ ខេមបូឌា ដេលី

June 23, 2025

ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទូល​ស្នើសុំ​ព្រះមហាក្សត្រ​ប្រគេន​សញ្ជាតិ​ខ្មែរ​ដល់​ព្រះតេជព្រះគុណ មហា​នរិន្ទ​ថន ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ហៅ​ជាទូទៅ​ថា​លោកតា ស៊ុច ឬ​លោក​ឪ​ស៊ុច ដើម្បី​ព្រះអង្គ​បំពេញ​ការងារ​ជា​ជនជាតិ​ខ្មែរ។

លោក ហ៊ុន សែន នា​រសៀល​ថ្ងៃទី​២០ ខែ​មិថុនា នេះ បាន​សាទរ​ព្រះសង្ឃ​ថៃ ដើមកំណើត​ពី​ខេត្ត​បុរីរ៉ាំ គឺ​លោក​ឪ​ស៊ុច ដែល​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត ស្វាគមន៍​ទទួល​យក​មក​គង់​នៅ​កម្ពុជា ហើយ​លោក​ក៏​ចង់​ឃើញ​ព្រះសង្ឃ​ដ៏​ល្បីល្បាញ​អង្គ​នេះ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ផង​ដែរ។

ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ជាក់​ថា រឿង​លោក​ឪ​ស៊ុច នឹង​មិន​បង្ក​ការ​រំខាន​ដល់​ទំនាក់ទំនង​កម្ពុជា-ថៃ ឬ​ថា​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ថៃ នោះ​ទេ ព្រោះ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឱ្យ​លោក​ឪ​ស៊ុច​កសាង​កម្លាំង​ប្រឆាំង​ជាមួយ​ថៃ នោះ​ដែរ។

តាមរយៈ​ឃ្លីប​វីដេអូ​ខ្លី​មួយ​ពី​ក្រៅ​ប្រទេស ព្រះអង្គ​បញ្ជាក់​ថា ព្រះអង្គ​ត្រូវ​ចូល​ប្រទេស​កម្ពុជា ហើយ​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​កុំ​បញ្ជូន​ព្រះអង្គ​ទៅ​ថៃ។ ព្រះអង្គ​ថា ព្រះអង្គ​នឹង​មិន​អាច​ចូល​ថៃ បាន​វិញ​សូម្បី​តែ​មួយ​ជំហាន។

ក្រោយ​ព្រឹត្តិការណ៍​នៃ​ការ​លប​វាយ​ឆ្មក់​ពី​ទាហាន​ថៃ ទៅ​លើ​លេណដ្ឋាន​កងទ័ព​ខ្មែរ ដែល​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​មួយ​រូប​ស្លាប់​នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ លោកតា ស៊ុច តែងតែ​បង្ហាញ​ជំហរ​របស់​ព្រះអង្គ​ចំពោះ​ជាតិ​ខ្មែរ។

ក្នុង​ព្រះជន្ម​ប្រមាណ ៦០​ព្រះវស្សា ព្រះតេជព្រះគុណ មហា​នរិន្ទ​ថន លោកតា​ស៊ុច ជា​ធម្មកថិក​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ​ដែល​តែងតែ​និមន្ត​មក​ទេសនា​នៅ​កម្ពុជា ជាពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន។ មាន​ដើមកំណើត​ថៃ សញ្ជាតិ​ថៃ និង​ជា​ព្រះចៅ​អធិការ​វត្ត​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​បុរីរ៉ាំ លោកតា​ស៊ុច អះអាង​ថា​ព្រះអង្គ​គឺជា​ខ្មែរ។

ជា​ការ​ឆ្លើយតប លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈ​បណ្ដាញ​សង្គម​របស់​ខ្លួន បាន​អះអាង​ថា ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​លោក​ផ្ទាល់ លោក​ទទួល​ស្វាគមន៍​ព្រះតេជព្រះគុណ (លោក​ឪ​ស៊ុច) គ្រប់​ពេលវេលា។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា មិន​ត្រឹមតែ​ចំពោះ​លោក​ឪ​ស៊ុច​ទេ បើសិនជា​មាន​ព្រះតេជព្រះគុណ​ព្រះថេរានុថេរៈ​អង្គ​ណា ឬ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ដែល​ទទួល​រង​នូវ​ការ​រើសអើង ឬ​ការ​មាក់ងាយ​ដោយសារតែ​ខ្លួន​ជា​ខ្មែរ ឬ​ដោយសារតែ​ការ​បញ្ចេញមតិ​ការពារ​នូវ​យុត្តិធម៌ សេចក្តី​ថ្លៃថ្នូរ និង​ភាព​ត្រឹមត្រូវ​នៃ​ប្រទេស​កម្ពុជា ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន លោក​សូម​និមន្ត និង​អញ្ជើញ​ព្រះតេជព្រះគុណ និង​បងប្អូន​ទាំងនោះ​មក​រស់នៅ​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​អះអាង​ថា ការ​ដែល​លោក ហ៊ុន សែន ជំរុញ​ឲ្យ​មាន​ការ​ប្រគេន​សញ្ជាតិ​ខ្មែរ​ដល់​លោក​ឪ​ស៊ុច បង្ហាញ​ពី​សុភមង្គល​នយោបាយ​ដ៏​រឹងមាំ​ក្នុង​ការ​ទទួលស្គាល់​កេរ្តិ៍ឈ្មោះ​របស់​កូន​ខ្មែរ​ដែល​មាន​ស្នាដៃ​លើកកម្ពស់​រូបភាព​ប្រទេស។ វា​ជា​ការ​សម្ដែង​ទឹកចិត្ត​ក្តី​ស្រឡាញ់​នៃ​ជាតិ​ខ្មែរ​ចំពោះ​កូន​ខ្មែរ​ដែល​ស្ថិត​ក្រៅ​ស្រុក តែ​មាន​ឈាម​ខ្មែរ​ជា​អ្នក​ស្នេហា​ជាតិ។ អ្នក​តាមដាន​ខ្លះ​ទៀត​និយាយ​ថា រាជរដ្ឋាភិបាល​នៃ​ត្រកូល​ហ៊ុន ទទួល​ស្វាគមន៍​តែ​ខ្មែរ​ណា​ដែល​គិត​ស្រប ដើរ​ស្រប​តាម​គោលនយោបាយ​របស់​គេ​តែប៉ុណ្ណោះ ហើយ​ចំពោះ​អ្នក​រិះគន់​របៀប​ដឹកនាំ​ខុស​ក្បួន​តម្រា​របស់​ខ្លួន ត្រូវ​គេ​ចាត់ទុក​ថា​មិនមែន​ជា​ខ្មែរ ជា​ខ្ញុំកញ្ជះ​បរទេស​ទៅវិញ៕

© 2025, . All rights reserved.