ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានជួបជាមួយនឹងសមាជិកនៃសម្ព័ន្ធភាពណាតូ (NATO) ដែលមេដឹកនាំមហាអំណាចមួយនេះត្រូវបង្ហាញឆន្ទៈរបស់ខ្លួនដើម្បីសន្តិសុខអឺរ៉ុបជាមួយនឹងការស្នើរបស់សមាជិក NATO ទាំងអស់ ក្នុងការបង្កើនកញ្ចប់យោធាឱ្យបាន ៥% នៃទំហំផលិតផលក្នុងស្រុក GDP របស់ខ្លួន។
សមាជិកអង្គការយោធា NATO មានការខកចិត្តចំពោះលោក ត្រាំ ដែលដាក់ផែនការកាត់បន្ថយជំនួយយោធារបស់អាមេរិក ក្នុងការជួយពង្រឹងប្រទេសសមាជិក NATO ដែលបង្កឱ្យមានការសង្ស័យលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការធានាការពារអង្គការអឺរ៉ុបមួយដែលកំពុងទប់ទល់នឹងការគំរាមកំហែងយ៉ាងខ្លាំងពីសង្គ្រាមរបស់រុស្ស៊ី ឈ្លានពានប្រទេសអ៊ុយក្រែន ដែលជាអ្នកជិតខាងរបស់អឺរ៉ុប។
ជំនួបកំពូលមេដឹកនាំ NATO ទាំង ៣២ប្រទេស ធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍។ ក្នុងជំនួបនេះ សមាជិក NATO ដាក់យុទ្ធសាស្ត្រដោយលើកយកមាត្រា៥ របស់លក្ខន្តិកៈរបស់ NATO មកធ្វើការពិនិត្យឡើងវិញ។
មាត្រា៥ របស់ NATO បានកំណត់អំពីកាតព្វកិច្ចប្រទេសសមាជិកត្រូវធ្វើបេសកកម្មភ្លាមៗ ធ្វើអន្តរាគមន៍ក្នុងការលើកទ័ព និងសព្វាវុធជួយប្រទេសជាសមាជិក NATO ដែលត្រូវបានប្រទេសណាមួយឈ្លានពាន។
លោក ត្រាំ ត្រូវឡើងថ្លែងទៅកាន់ជំនួបកំពូល NATO នៅព្រឹកថ្ងៃពុធ ខណៈដែលលោកបានជួបជាមួយនឹងលោក Mark Rutte អគ្គលេខាធិការសម្ព័ន្ធភាព NATO។ លោក ត្រាំ និយាយថា លោកធ្លាប់ស្នើសុំឱ្យសមាជិក NATO បង្កើនកញ្ចប់យោធាសម្រាប់ NATO ឲ្យឡើងដល់ ៥% ដោយរាប់ពីឆ្នាំនេះតទៅ។
ការជំរុញនៃការចំណាយនេះ ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែររបស់លោក ត្រាំ ជាច្រើនឆ្នាំដែលថាប្រទេសផ្សេងទៀតមិនបានបង់ចំណែករបស់ពួកគេសម្រាប់សមាជិកភាពនៅក្នុងសម្ព័ន្ធភាពដែលបានបង្កើតឡើងជាការការពារប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី នោះទេ។
ប្រទេសភាគច្រើននៃអង្គការ NATO កំពុងរៀបចំដើម្បីគាំទ្រការសន្យានូវការចំណាយ ៥% ដែលត្រូវបានជំរុញឱ្យពង្រឹងការការពារផ្ទាល់ខ្លួនរបស់ពួកគេ គឺមិនត្រឹមតែឆ្លើយតបចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ប៉ុណ្ណោះទេ គឺត្រូវត្រៀមគ្រប់ឆ្នាំតទៅមុខទៀត។
កាលពីថ្ងៃអង្គារ លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងឡាអេ ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO ថា លោកមានការប្ដេជ្ញាចិត្តចំពោះមាត្រា៥ តែលោកថាវាអាស្រ័យទៅលើសមាជិកនីមួយៗរបស់ NATO ថាតើបានតាំងចិត្តហើយឬនៅ។
ថ្លែងអំពីសហរដ្ឋអាមេរិកសម្រេចទម្លាក់គ្រាប់បែកវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក ត្រាំ បញ្ជាក់ថាជាការបិទបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់។ លោក ត្រាំ បាននិយាយថាវាគឺជាការវាយប្រហារដើម្បីបញ្ចប់សង្គ្រាម។
លោក ត្រាំ បានប្រៀបធៀបទៅនឹងការទម្លាក់គ្រាប់បែកបរមាណូរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមលោកលើកទី២ ដូចគ្នាដែរ។ លោកបានបន្ថែមថា លោកមិនចង់ប្រើប្រតិបត្តិការដូចនៅទីក្រុង Hiroshima និង Nagasaki ទេ ប៉ុន្តែនោះជារឿងចាំបាច់ ព្រោះត្រូវបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
នៅឯទីក្រុងឡាអេ លោក ត្រាំ មិនត្រឹមតែបានជួបជាមួយលោក Mark Rutte អគ្គលេខាធិការយោធា NATO ប៉ុន្តែក៏បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymr Zelenskyy ផងដែរ។
កាលពីខែមីនា កន្លងទៅនេះ លោក ត្រាំ បានប្រកាសថាលោកនឹងមិនជួយការពារអឺរ៉ុបទេ បើសមាជិក NATO មិនព្រមចំណាយលុយរបស់ពួកគេមានចំនួនកើនដល់ទៅ ៥% ដែលនេះជាការបារម្ភថា សហរដ្ឋអាមេរិកឈប់ជួយការពារសមាជិក NATO ហើយអាចនឹងដកខ្លួនទៀតផង។ ដូចនេះហើយ ទើបលោក Mark Rutte អគ្គលេខាធិការអង្គការ NATO បានចេញមុខធានាអះអាងថា សមាជិកទាំង ៣២ យល់ព្រមសម្រេចដំឡើងកញ្ចប់ថវិកាការពារឲ្យបាន ៥% តែត្រូវធ្វើឡើងតាមដំណាក់កាល។
មុនកិច្ចប្រជុំកំពូល NATO នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និយាយថា រដ្ឋាភិបាលទីក្រុងឡុងដ៍ យល់ព្រមប្ដេជ្ញាចិត្តដំឡើងថវិកាការពារជាតិឱ្យកើនដល់ទៅ ៥%។ ចំពោះប្រទេសបារាំង និងអាល្លឺម៉ង់ ដែលជាប្រទេសខ្លាំងផ្នែកវិស័យការពារជាតិក្នុងសហភាពអឺរ៉ុប ក៏បានយល់ព្រមជាច្រើនខែមកហើយចំពោះការទាមទាររបស់សហរដ្ឋអាមេរិក។
ទាំងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ថា អឺរ៉ុបយល់ព្រមបង្កើនកញ្ចប់ថវិកាការពារជាតិ និងពង្រឹងកម្លាំងយោធាទៅតាមស្ថានភាពជាក់ស្ដែងនៅពេលនេះ ព្រោះអឺរ៉ុបកំពុងរងការគំរាមកំហែងពីរុស្ស៊ី។
ជំនួបកំពូល NATO នៅក្រុងឡាអេ ករណីអ៊ុយក្រែន ក៏ជាបញ្ហាសំខាន់មួយដែរ។ មួយថ្ងៃមុនបើកជំនួបកំពូល NATO លោក Mark Rutte អគ្គលេខាធិការអង្គការ NATO បញ្ជាក់ជាថ្មីថា ប្រទេសសម្ព័ន្ធមិត្ត NATO បានឯកភាពគ្នាបន្តគាំទ្រអ៊ុយក្រែន និងផ្តល់កញ្ចប់ថវិកាចំនួន ៣៥៧០០លានដុល្លារក្នុងឆ្នាំ២០២៥ សម្រាប់ជួយអ៊ុយក្រែន។
កាលពីជំនួបកំពូល NATO នៅទីក្រុងវ៉ាស៊ីនតោន ដែលលោកប្រធានាធិបតី ចូ បៃដិន ជាម្ចាស់ផ្ទះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymr Zelenskyy ត្រូវបានរាប់ជាមេដឹកនាំសមភាគី NATO ដោយបានចូលរួមកិច្ចប្រជុំផ្ទាល់។ តែលើកនេះ លោក Zelenskyy ត្រូវបានចាត់ទុកជាអ្នកសង្កេតការណ៍ធម្មតាប៉ុណ្ណោះ ព្រោះរដ្ឋការរបស់លោក ត្រាំ និងលោក ត្រាំ ផ្ទាល់ មិនបានចាត់ទុកមេដឹកនាំអ៊ុយក្រែនរូបនេះជាសមភាគី NATO នៅឡើយទេ។ តែនៅក្នុងពិធីថតរូបនៃមេដឹកនាំ NATO ក៏គេឃើញរូបលោក Zelenskyy បានឈរជុំគ្នានឹងមេដឹកនាំ NATO ដែលមានលោក ត្រាំ រួមនឹងមហាក្សត្រហុឡង់ដ៍ Willem-Alexander ផងដែរ៕
© 2025, . All rights reserved.