សហរដ្ឋអាមេរិក កំពុងរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា នៅខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការចូលសំចតរបស់នាវាកងទ័ពជើងទឹកអាមេរិកជាលើកដំបូងនៅមូលដ្ឋានទ័ពរាម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះ បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Andrew Byers ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នឹងមានជំនួបជាច្រើនជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដែលមកពីក្រសួងការពារជាតិ និងក្រសួងការបរទេស។
ប្រភពដដែលអះអាងថា ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា នាពេលនេះ លោក Andrew Byers បានពិភាក្សាជាមួយកម្ពុជាអំពីផែនការសម្រាប់គម្រោងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនៅកម្ពុជា ត្រូវបានលោក Andrew Byers បញ្ជាក់ថា នឹងមានការចូលសំចតជាលើកដំបូងរបស់នាវាកងទ័ពជើងទឹកអាមេរិកនៅមូលដ្ឋានរាមរបស់កម្ពុជាដែរ។
បន្ទាប់ពីកំពង់ផែសមុទ្ររាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមខែមេសា ឆ្នាំ២០២៥ មក កម្ពុជាបានអនុញ្ញាតឲ្យនាវាបរទេសចូលសំចតជាបន្តបន្ទាប់មានដូចជា នាវាកងទ័ពជើងទឹកជប៉ុន នាវាកងទ័ពវៀតណាម នាវាកងទ័ពរុស្ស៊ី និងនាវាកងទ័ពចិន។
ជុំវិញបញ្ហានេះ កាសែតអាមេរិក The Wall Street Journal កាលពីខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយអត្ថបទមួយដោយអះអាងថា កម្ពុជានិងចិន បានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងយោធាមួយជាមួយគ្នា។ ប្រភពដដែលបន្តថា កិច្ចព្រមព្រៀងនោះ កម្ពុជាបានអនុញ្ញាតឲ្យចិន មានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងរយៈពេល ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តឡើងវិញនៅរៀងរាល់ ១០ឆ្នាំម្ដង។
The Wall Street Journal បញ្ជាក់ថា កម្ពុជាក៏បានអនុញ្ញាតឲ្យចិន ដាក់ពង្រាយបុគ្គលិកយោធា រក្សាទុកសព្វាវុធ និងអនុញ្ញាតឲ្យនាវាចម្បាំងចិន ចូលចតបានថែមទៀតផង៕
© 2025, . All rights reserved.