សំណុំរឿងឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន នៅតែមិនទាន់អស់លទ្ធភាពនោះទេ ក្នុងការនាំទីក្រុងមូស្គូ ទៅប្រឈមមុខនឹងច្បាប់អន្តរជាតិ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអឺរ៉ុប ដែលធ្លាប់តែជម្រះរឿងក្ដីតែក្នុងដែនយុត្តាធិការផ្ទៃក្នុងរបស់ខ្លួនករណីរំលោភសិទ្ធិមនុស្សប្រឆាំងនឹងបុគ្គលនយោបាយ កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា ក្រុមប្រឹក្សាសិទ្ធិមនុស្សអឺរ៉ុប សម្រេចឱ្យមានសាលាក្ដីពិសេសដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ដែលនាំឱ្យតុលាការនេះអាចចាប់ដំណើរការរឿងក្ដីប្រឆាំងរបបនៅទីក្រុងមូស្គូ ក្នុងសំណុំរឿងឧក្រិដ្ឋកម្មឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី និងអគ្គលេខាធិការក្រុមប្រឹក្សាអឺរ៉ុប Alain Berset បានចុះហត្ថលេខាបង្កើតសាលាក្ដីពិសេសនេះនៅទីស្នាក់ការកណ្ដាលរបស់ក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុង Strasbourg ប្រទេសបារាំង។
ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា៖ «នេះជាវិធានការមួយដ៏មានសារសំខាន់ ព្រោះអ្នកឈ្លានពាន គឺជាឧក្រិដ្ឋជនសង្គ្រាមដែលត្រូវតែប្រឈមមុខនឹងច្បាប់ ហើយរបបនៅទីក្រុងមូស្គូ ត្រូវទទួលខុសត្រូវចំពោះការបង្កសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយក្រែន។»
ចាប់ពីពេលនេះតទៅ នីតិវិធីច្បាប់ចាប់ផ្ដើមដំណើរការ។ លោក វូឡូឌីមៀ ហ្សេឡេនស្គី ទទូចឱ្យសាលាក្ដីពិសេសប្រើប្រាស់យុត្តាធិការរបស់ខ្លួនឱ្យលឿន និងមានប្រសិទ្ធភាព ប្រឆាំងរបបឈ្លានពាននៅទីក្រុងមូស្គូ ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែន។
លោក ហ្សេឡេនស្គី ចាត់ទុកសាលាក្ដីពិសេសនេះជាកម្លាំងនយោបាយ និងជាយុត្តិធម៌ដ៏រឹងមាំ ដើម្បីធានាថារបបក្រុងមូស្គូ និងជនឧក្រិដ្ឋកម្មសង្គ្រាមត្រូវតែកាត់ទោស បើទោះជាដំណើរការកាត់ទោសដោយវិធីណាក៏ដោយ ដែលក្នុងនោះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន គឺជាជនជាប់ចោទឧក្រិដ្ឋកម្មសង្គ្រាមលើប្រជាជនអ៊ុយក្រែន ត្រូវតែក្លាយជាជនមានទោសជាប់នឹងខ្លួនអស់មួយជីវិត។
រដ្ឋាភិបាលអ៊ុយក្រែន បានទាមទារឱ្យអឺរ៉ុប បង្កើតសាលាក្ដីពិសេសនេះប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី កាលពីក្នុងឆ្នាំ២០២៣ ក្រោយពីមេដឹកនាំនៅវិមានក្រឹមឡាំង ច្រើននាក់ រាប់ទាំងលោក ពូទីន ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនក្នុងសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែន ដោយសារភ្លើងសង្គ្រាមរបស់រុស្ស៊ី និងលោក ពូទីន បានធ្វើឱ្យប្រជាជនអ៊ុយក្រែន ស្លាប់ជាច្រើនម៉ឺននាក់ និងវិនាសកម្មយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ កងទ័ពរុស្ស៊ី បង្កការសម្លាប់រង្គាលលើប្រជាជនអ៊ុយក្រែន ក្នុងតំបន់ដែលធ្លាក់ក្នុងដៃទ័ពរុស្ស៊ី។
សាលាក្ដីពិសេសរបស់ក្រុមប្រឹក្សាអឺរ៉ុប ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ត្រូវបានសភាអឺរ៉ុបអនុម័តឱ្យបង្កើតឡើងនៅក្នុងខែឧសភា ឆ្នាំ២០២៥ នេះ គឺជាការបំពេញបន្ថែមដែនយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលមាននៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍។
តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន នៅក្នុងខែមីនា ឆ្នាំ២០២៣ ជាងមួយឆ្នាំបន្តិច ក្រោយពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ី លើកទ័ពវាយលុកចូលរដ្ឋធានីគៀវ នៃប្រទេសអ៊ុយក្រែន ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ្សេឡេនស្គី ក្នុងគោលដៅចាប់យកទឹកដីអ៊ុយក្រែន ទាំងមូល ដាក់ចំណុះដែនដីរុស្ស៊ី ឬជាប្រទេសរណបរបបក្រុងមូស្គូ សព្វថ្ងៃនេះ។
ក្រោយពីចេញដីកាចាប់ខ្លួនលោក ពូទីន តុលាការ ICC បានស្នើប្រទេសហត្ថលេខីទាំងអស់របស់ ICC អនុវត្តកាតព្វកិច្ចឃាត់ខ្លួនលោក ពូទីន បើលោក ពូទីន ទៅដល់ប្រទេសទាំងនោះ។
បច្ចុប្បន្ន តុលាការ ICC មានសមាជិក ១២៣ប្រទេស។ តាំងពីតុលាការ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន គេសង្កេតឃើញលោក ពូទីន កម្រណាស់ចេញទៅទស្សនកិច្ចប្រទេសសមាជិក ICC លើកលែងតែប្រទេសនោះស្ថិតក្រោមឥទ្ធិពលរបស់រុស្ស៊ី ឬជាសម្ព័ន្ធភាពយោធានឹងក្រុងមូស្គូ ទើបលោក ពូទីន សម្រេចទៅកាន់ប្រទេសនោះ។
តុលាការ ICC ដែលបានចេញដីកាចាប់ខ្លួនលោក ពូទីន ដោយសារសំអាងលើគោលការណ៍ច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មឈ្លានពាន។
តែបែបនេះក្ដី ទីក្រុងមូស្គូ បដិសេធរាល់ការចោទប្រកាន់ទាំងអស់ទៅលើរបបក្រុងមូស្គូ ដោយចាត់ទុកដីកាចាប់ខ្លួនរបស់ ICC ថាគ្មានយុត្តាធិការលើប្រទេសរុស្ស៊ី ព្រោះរុស្ស៊ី ពុំមែនជាសមាជិករបស់ ICC នោះទេ។ មិនតែប៉ុណ្ណោះ រុស្ស៊ី គំរាមធ្វើសង្គ្រាមជាមួយប្រទេសណាដែលហ៊ានចាប់ខ្លួនលោក ពូទីន បញ្ជូនទៅឱ្យ ICC។
ប៉ុន្តែការណ៍ដែលលោក ពូទីន មិនទៅកាន់ប្រទេសនៃក្រុមសហប្រតិបត្តិការ BRICS ឬប្រទេសសេដ្ឋកិច្ច G-20 ពិតណាស់ បុរសខ្លាំងវិមានក្រឹមឡាំង រូបនេះ ពិតជាដឹងខ្លួនថាមានហានិភ័យមកលើរូបខ្លួន អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើធ្វើដំណើរទៅកាន់ប្រទេសណាដែលជាប្រទេសហត្ថលេខីនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។
ជាថ្មីម្ដងទៀត កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសហប្រតិបត្តិការ BRICS នៅប្រទេសប្រេស៊ីល នាសប្តាហ៍ក្រោយនេះ ដោយសារតែប្រទេសប្រេស៊ីល ជាសមាជិករបស់ ICC ហើយមិនបានឃាត់ខ្លួនលោក ពូទីន គឺជាប្រទេសចេញមុខប្រឆាំងតុលាការអន្តរជាតិ ICC។
កាលពីឆ្នាំ២០២៣ ប្រធានាធិបតីរុស្ស៊ី រូបនេះ ក៏បានសម្រេចចិត្តមិនធ្វើដំណើរទៅប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញា ICC ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ដូចគ្នានេះដែរ។
លោក ពូទីន ច្រើនតែចូលរួមតាមវីដេអូ Online ក្នុងកិច្ចប្រជុំកំពូល BRICS ឬប្រទេសសេដ្ឋកិច្ច G-20។ ចំពោះកិច្ចប្រជុំកំពូល BRICS នឹងធ្វើឡើងនៅថ្ងៃទី៦-៧ ខែកក្កដា រៀបចំឡើងនៅប្រទេសប្រេស៊ីល។ តែជំនួសមកវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនោះដោយផ្ទាល់ ដើម្បីតំណាងឱ្យប្រទេសរុស្ស៊ី ជាសមាជិកស្ថាបនិករបស់ក្រុមប្រទេស BRIC។
និយាយរួមទៅ លោក ពូទីន ខកខានមិនបានទៅចូលរួមប្រជុំនៃក្រុមប្រទេសសេដ្ឋកិច្ច G-20 តាំងពីប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣, ប្រទេសឥណ្ឌា នៅឆ្នាំ២០២៤ ជាមួយនឹងការខកខានមិនទៅប្រជុំនៃកិច្ចប្រជុំកំពូល BRICS ក្នុងឆ្នាំ២០២៣ ដែលអាហ្វ្រិកខាងត្បូង ធ្វើជាម្ចាស់ផ្ទះ៕
© 2025, . All rights reserved.