អ្នកឃ្លាំមើលសង្គមលើកឡើងថា បើកម្ពុជាបង្កើតឱ្យមានច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរមែននោះ គឺមានន័យស្មើនឹងបង្កើតច្បាប់រំលាយជាតិសាសន៍ខ្លួនឯងដូច្នោះដែរ។
អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ មិថុនា ថា ការព្រមានដកសញ្ជាតិខ្មែរពីសំណាក់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺមិនអាចធ្វើកើតទេ បើអ្នកទាំងនោះមានកំណើតជាជនជាតិខ្មែរ លើកលែងតែជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមមធ្យោបាយផ្សេងៗប៉ុណ្ណោះ។
លោក វ៉ន ចាន់ឡូត អះអាងថា ជនជាតិខ្មែរមានសញ្ជាតិខ្មែរ ខុសពីជនបរទេសមានសញ្ជាតិខ្មែរ ព្រោះជនជាតិខ្មែរបានផ្សារភ្ជាប់ទៅនឹងទឹកដីកំណើត ភាសា វប្បធម៌ មនោសញ្ចេតនា ជាតិនិយម និងស្នេហាជាតិរបស់ខ្លួន ដូច្នេះការព្រមានដកសញ្ជាតិពីពលរដ្ឋខ្មែរដែលមានកំណើតខ្មែរបែបនេះ មិនខុសពីប្រកាសរំលាយជាតិខ្លួនឯងឡើយ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា បើលោក ហ៊ុន សែន យល់ថាការប្រព្រឹត្តក្នុងសម័យរបបខ្មែរសាធារណរដ្ឋ លន់ នល់ កាត់ក្តីដកសញ្ជាតិខ្មែរពីអតីតព្រះមហាក្សត្រខ្មែរជាទង្វើមិនត្រឹមត្រូវ គាត់ក៏គួរតែចៀសវាងកុំឱ្យអំពើបែបនេះកើតមាននៅក្នុងសង្គមជាតិខ្មែរដែរ។
ការអះអាងរបស់លោក ចាន់ឡូត គឺធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ព្រមានដកសញ្ជាតិពលរដ្ឋខ្មែរពីអ្នកទាំងឡាយណាដែលហ៊ានចូលដៃជាមួយថៃ ប្រឆាំងរដ្ឋាភិបាលកម្ពុជា ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលនេះ ជាពិសេសគឺក្រុមប្រឆាំងតែម្តង។
ថ្លែងក្នុងការផ្សាយផ្ទាល់ពិសេសជុំវិញជម្លោះព្រំដែនកម្ពុជា-ថ្ងៃ នៅថ្ងៃទី២៧ មិថុនា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមានដកសញ្ជាតិខ្មែរ បើមានពលរដ្ឋខ្មែរណាគប់គិតជាមួយថៃ ក្នុងពេលដែលប្រទេសទាំងពីរមានទំនាស់ព្រំដែនជាមួយគ្នានៅពេលនេះ ជាពិសេសគឺក្រុមប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសតែម្តង។
លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលគប់គិតជាមួយថៃ បំផ្លាញខ្មែរ ជាពិសេសបញ្ហាជម្លោះព្រំដែនជាមួយថៃ នាពេលនេះ។
លោក ហ៊ុន សែន បន្តថា បើពួកគេបានជាសហការជាមួយថៃ ទៅហើយ ដូច្នេះគួរតែត្រូវបានដកសញ្ជាតិខ្មែរចេញ ដោយទុកឱ្យថៃ បំពាក់អាវុធ និងសញ្ជាតិថៃ ឱ្យពួកគេមកបាញ់តទល់ជាមួយខ្មែរតែម្តងទៅ។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា បើថៃ អនុញ្ញាតឱ្យក្រុមប្រឆាំងនៅក្រៅប្រទេសចូលទៅដីថៃ ធ្វើសកម្មភាពប្រឆាំងកម្ពុជា នោះគឺជាទង្វើរំលោភគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកអាស៊ានទាំងស្រុង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា ក្នុងពេលមានបញ្ហាព្រំដែននាពេលនេះ លោក ហ៊ុន សែន មិនត្រឹមតែមិនចង់ផ្សះផ្សាស្មារតីជាតិទេ ប៉ុន្តែគាត់បែរជាព្រមានដកសញ្ជាតិខ្មែរពីអ្នកប្រឆាំង ដែលគាត់ចោទដោយគ្មានមូលដ្ឋានថាចូលដៃជាមួយថៃ ឈ្លានពានកម្ពុជាទៅវិញ។
ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងប្រទេសកាណាដា លោក ម៉ោញ សារ៉ាត់ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៧ មិថុនា នេះថា បក្សប្រឆាំងគ្មានគោលការណ៍ ឬផែនការនយោបាយសហការជាមួយថៃ ដើម្បីប្រឆាំងរដ្ឋាភិបាលកម្ពុជា ទេ ព្រោះថាវាជាទង្វើមិនសមស្របនឹងស្មារតីផ្សះផ្សាជាតិ ឯកភាពជាតិ និងការរួបរួមជាតិឡើយ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា អ្វីដែលបក្សប្រឆាំងចង់បាន គឺការបង្រួបបង្រួមជាតិ ដោយធ្វើការផ្សះផ្សានយោបាយ ហើយអ្វីដែលបក្សប្រឆាំងចង់បានទៀតនោះ គឺការដោះលែងអ្នកទោសមនសិការទាំងអស់ ជាពិសេសគឺបើកផ្លូវឱ្យក្រុមប្រឆាំងនៅក្រៅប្រទេសអាចចូលប្រទេសកម្ពុជាវិញ ដើម្បីបង្ហាញពីការផ្សះផ្សា និងឯកភាពជាតិពិតប្រាកដ មិនមែនចេះតែបន្តចោទគ្នាទៀតនោះឡើយ៕
© 2025, . All rights reserved.