ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា ៩ថ្ងៃទៀត រដ្ឋសភានឹងកោះប្រជុំវិសាមញ្ញដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរពីអ្នកគប់គិតជាមួយបរទេស។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានលើកឡើងនៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុងខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋសភានឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរពីអ្នកគប់គិតជាមួយបរទេសមកបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។
អ្នកលេងបណ្ដាញសង្គម សរសេរចំអកលោកថា «ដកសញ្ជាតិខ្មែរ ទុកសញ្ជាតិកម្ពុជា»។
លោក ហ៊ុន សែន បញ្ជាក់ថា អ្នកណាចង់ថាម៉េចក៏ថាទៅ ខណៈរដ្ឋធម្មនុញ្ញនឹងត្រូវបានកែដើម្បីផ្តល់ឱកាសសម្រាប់ការដកសញ្ជាតិខ្មែរពីអ្នកគប់គិតជាមួយបរទេស ខណៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺអាចធ្វើបានដោយមិនផ្ទុយនឹងច្បាប់ឡើយ។
កាលពីថ្ងៃទី២ ខែកក្កដា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក្នុងនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះមហាក្សត្រថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនេះ គឺអាចធ្វើទៅបាន មិនផ្ទុយនឹងច្បាប់ឡើយ។
ប្រទេសកម្ពុជា នាសម័យនេះ អ្នកណាក៏ដឹងដែរថា ស្ថាប័នរដ្ឋទាំងអស់ រួមទាំងស្ថាប័នបរមរាជវាំងផង គ្មាននរណាហ៊ានជំទាស់នឹងបំណង និងចំណង់របស់លោក ហ៊ុន សែន នោះទេ ដោយហេតុថា ម្នាក់ៗសុទ្ធតែរករស់ខ្លួនឯង។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៣ កក្កដា នេះថា ទោះបីរដ្ឋសភាបក្សកាន់អំណាចបំពានច្បាប់ធ្វើវិសោធនកម្មមាត្រា៣៣ ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរតាមចេតនានយោបាយរបស់លោក ហ៊ុន សែន ក៏ដោយ ក៏អង្គព្រះមហាក្សត្រមិនអាចឡាយព្រះហស្តលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់វិសោធនកម្មនេះបានដែរ។
លោកថា ព្រះមហាក្សត្រខ្មែរក៏មិនអាចប្រោសព្រះរាជទានសិទ្ធិឱ្យប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជួសព្រះអង្គលើច្បាប់នេះបានដែរ ព្រោះមាត្រា៨ នៃរដ្ឋធម្មនុញ្ញ បានចែងពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងសន្ធិសញ្ញានានាយ៉ាងជាក់ច្បាស់។
លោក មុត ចន្ថា លើកឡើងថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើ «កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (International Covenant on Civil and Political Rights, ICCPR, ១៦ ធ្នូ ១៩៦៦)» នៅឆ្នាំ១៩៩២។
លោកថា កតិកាសញ្ញានេះគឺជាច្បាប់អន្តរជាតិដែលមានឋានានុក្រមស្មើនឹងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដូច្នេះការធ្វើ និងអនុម័តិច្បាប់របស់កម្ពុជា មិនគ្រាន់តែអនុលោមតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នកន្លងមកផងដែរ។
មន្ត្រីបក្សប្រឆាំងរូបនេះ បន្ទោសថា អ្វីដែលក្រុមប្រឹក្សាធម្មនុញ្ញទូលថ្វាយយោបល់ព្រះមហាក្សត្រថាអាចធ្វើវិសោធនកម្មមាត្រា៣៣ រដ្ឋធម្មនុញ្ញបាននោះ គឺជា «ការរំលោភបំពានលើមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦» ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២ យ៉ាងធ្ងន់ធ្ងរ។
លោកបន្តថា មាត្រានេះបានចែងថា «គ្មានជនណាម្នាក់ត្រូវបានដកហូតសិទ្ធិចេញចូលប្រទេសកំណើតខ្លួនតាមទំនើងចិត្តឡើយ។»
លោកបន្ថែមថា កម្ពុជាក៏បានទទួលស្គាល់សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ឆ្នាំ១៩៤៨ ផងដែរ ដែលក្នុងនោះ មាត្រា១៥ នៃសេចក្តីប្រកាសជាសកលនេះ បានចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសញ្ជាតិ ហើយគ្មានជនណាម្នាក់ត្រូវបានដកហូតសញ្ជាតិ ឬសិទ្ធិផ្លាស់ប្ដូរសញ្ជាតិតាមទំនើងចិត្តបានដែរ។
គួរបញ្ជាក់ថា សមាជិកក្រុមគ្រួសារ កូនក្មួយ សាច់ញាតិ បក្សពួកលោក ហ៊ុន សែន មួយចំនួនសុទ្ធតែមានសញ្ជាតិពីរ ឬបី ដូចជាលោក នេត សាវឿន និងគ្រួសារ ប្រពន្ធលោក ហ៊ុន តូ យាយភូ ប្រពន្ធលោក អូន ព័ន្នមុនីរ័ត្ន ជាដើម។ ម្យ៉ាងទៀត មន្ត្រីរាជរដ្ឋាភិបាល និងបក្សពួករបស់លោក ហ៊ុន សែន សុទ្ធតែមានជំពាក់ជំពិនក្នុងរឿងនាំជនបរទេសមកបំផ្លាញធនធានធម្មជាតិខ្មែរ មានព្រៃឈើ និងរ៉ែ ព្រមទាំងអធិបតេយ្យ ឯករាជ្យជាតិ អព្យាក្រឹតភាព និងបូរណភាពទឹកដីខ្មែរ។
ក្រុមអ្នកលេងហ្វេសប៊ុក អធិប្បាយថា លោកហ៊ាននិយាយដូច្នេះតែជាមួយថៃ ប៉ុណ្ណោះ ដោយលោកអាងមានទ័ពយៀកណាម ជួយគាំពារតាមរយៈសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ២៥ឆ្នាំ និងបន្តដោយស្វ័យប្រវត្តិរៀងរាល់ដប់ឆ្នាំម្តង បើគ្មានភាគីណាជំទាស់ទេនោះ។ សន្ធិសញ្ញានេះ ចុះហត្ថលេខាដោយសមមិត្ត ផាំ វ៉ាន់ដុង និងលោក ហេង សំរិន នៅក្រុងភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ ជាងមួយខែក្រោយកងទ័ពយៀកណាម រំលំរបបខ្មែរក្រហម ប៉ុល ពត៕
© 2025, . All rights reserved.