សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ត្រូវ​បាន​ស្នងការ​ខេត្ត​សៀមរាប ចាប់​ខ្លួន​នៅ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤។ (រូបថត​ពី​ហ្វេសប៊ុក)

ព័ត៌មានជាតិ

មន្ត្រី​បក្ស​ប្រឆាំង​ចំអក​ឱ្យ​បក្ស​កាន់​អំណាច​រឿង​បន្ត​ឃុំ​ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ខណៈ​ខ្លួន​ចង់បាន​ឯកភាព​ជាតិ

By ឌឹ ខេមបូឌា ដេលី

July 06, 2025

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ចំអក​ឱ្យ​បក្ស​កាន់​អំណាច​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សកម្មជន​ដទៃ​ទៀត​ក្នុង​ពន្ធនាគារ​ដើម្បី​បំបិទ​សេរីភាព​បញ្ចេញមតិ គឺជា​របៀប​រក្សា​សន្តិភាព​របស់​ពួក​កុម្មុយនីស្ត​ផ្ដាច់ការ មិនមែន​រក្សា​សន្តិភាព​សម្រាប់​ពលរដ្ឋ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៤ កក្កដា នេះ​ថា សន្តិភាព​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ការពារ​សព្វថ្ងៃ​នេះ គ្រាន់តែ​ជា​គុក​សម្រាប់​ប្រជាពលរដ្ឋ និង​សកម្មជន​សង្គម​ដែល​មាន​ភាព​សកម្ម​ក្នុង​ការ​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព​ប៉ុណ្ណោះ ព្រោះ​អ្នកទោស​មនសិការ​កំពុង​ត្រូវ​បាន​បង្ខំ​ឱ្យ​រស់​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ក្រោម​សន្តិភាព​ក្លែងក្លាយ​នៃ​របប​នេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ទង្វើ​ឃោរឃៅ​របស់​លោក ហ៊ុន សែន ដែល​កំពុង​បង្ក្រាប​សកម្មជន​សង្គម​សព្វថ្ងៃ ដោយ​ប្រើ​ពាក្យ​ការពារ​សន្តិភាព គឺជា​ទង្វើ​បំផ្លាញ​សុភមង្គល​របស់​ជាតិ​ខ្មែរ​មួយ​នគរ ព្រោះ​សេរីភាព​បញ្ចេញមតិ​ដែល​បាន​ចែង​ក្នុង​ច្បាប់ ត្រូវ​បាន​លោក ហ៊ុន សែន ចាត់ទុក​ជា​អំពើ​បំផ្លាញ​សន្តិភាព​របស់​គាត់​បាត់​ទៅ​ហើយ​នោះ។

ដំណាល​ពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​មាន​ឯកភាព​ជាតិ​ដែរ គ្រា​ណា​លោក​ប្រឈមមុខ​នឹង​ប្រទេស​ថៃឡង់ដ៍ រឿង​ព្រំដែន។ អ្នក​តាមដាន​រឿង​ខ្មែរ​ចាស់​វស្សា​ម្នាក់​ក្នុង​មជ្ឈដ្ឋាន​សហគមន៍​ខ្មែរ តែងតែ​ចោទ​សួរ​ថា៖ តើ​ការ​អំពាវនាវ​រក​ឯកភាព​ជាតិ​ឲ្យ​ខ្មែរ​មាន​ឯកភាព​ជាមួយ​អ្នក​ណា? ក្នុង​រឿង​អ្វី? ធ្វើ​អ្វី? ហើយ​ដើម្បី​អ្វី?

លោក អ៊ុំ សំអាន បញ្ជាក់​ថា ការ​លុប​បំបាត់​គោលការណ៍​ច្បាប់​ដោយ​ជំនួស​មក​វិញ​នូវ​សន្តិភាព​ដែល​ប្រកាស​ដោយ​លោក ហ៊ុន សែ មិនមែន​ជា​ការ​ដឹកនាំ​ដែល​ផ្តល់​សេចក្តី​សុខ​ដល់​ពលរដ្ឋ​ដោយ​ពិតប្រាកដ​ទេ ព្រោះ​ពាក្យ​ថា «សន្តិភាព» សព្វថ្ងៃ​នេះ គ្មាន​គោលការណ៍​ជាក់លាក់​ទេ គឺ​ស្រេច​តែ​ទៅ​លើ​លោក ហ៊ុន សែន ប៉ុណ្ណោះ។

នៅ​ថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​លើ​បណ្តឹង​របស់​មេធាវី​ការពារ​សិទ្ធិ ដែល​បាន​ស្នើសុំ​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​អ្នក​ពាក់ព័ន្ធ​ដទៃ ឱ្យ​មាន​សេរីភាព​ឡើងវិញ ក្រោយ​តុលាការ​បើក​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

សកម្មជន​ដែល​ត្រូវ​បាន​បដិសេធ​មិន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ រួម​មាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ អ្នកស្រី សែម សុផល អ្នកស្រី ពៅ លីតា លោក សាន អឿន លោក គឹម វឿន និង​អ្នកស្រី ញិប សារ៉ុម ខណៈ​តុលាការ​មិន​បាន​អាន​សាលក្រម​ពេញលេញ​ទេ​ក្នុង​សវនាការ​នេះ ដោយ​បញ្ជាក់​ថា ពេលវេលា​ខ្លី។

សកម្មជន​សង្គម លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀតណាម និង​ឡាវ (CLV-DTA) កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​អាជ្ញាធរ​ខេត្ត​សៀមរាប ខណៈ​អ្នក​ពាក់ព័ន្ធ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ជាបន្តបន្ទាប់​ដែរ។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ បាន​ចាត់ទុក​អ្នក​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ថា​ជា​សកម្មភាព​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​ត្រូវ​ចាប់​ខ្លួន​ឱ្យ​អស់​ចំពោះ​អ្នក​រស់នៅ​ក្នុង​ប្រទេស ប៉ុន្តែ​សម្រាប់​អ្នក​រស់នៅ​បរទេស គឺ​ត្រូវ​ចាប់​ខ្លួន​សាច់ញាតិ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​ផង​ដែរ។

អង្គការ Freedom House បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ឱ្យ​ស្ថិត​ក្នុង​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ នៅ​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​គាបសង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

សកម្មជន​ផ្សព្វផ្សាយ​​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣។

© 2025, . All rights reserved.