អ្នកឃ្លាំមើល ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន លោក ស៊ាន បូរ៉ាត ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោករបស់អតីតឧកញ៉ា ឡេង ចាន់ណា ដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៤ កក្កដា នេះថា ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តច្បាប់លើមន្ត្រីរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកប្រកបដោយតម្លាភាព ស្របតាមគោលការណ៍យុត្តិធម៌ និងភស្តុតាង រដ្ឋាភិបាលនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោក សេក សុជាតិ បញ្ជាក់ថា ផ្ទុយទៅវិញ បើអង្គភាពប្រឆាំងអំពើពុករលួយមិនអាចអនុវត្តច្បាប់ដាក់ទោសទណ្ឌទៅលើជនល្មើសដែលជាប់ពាក់ព័ន្ធនឹងករណីឆបោកនេះបានទេ រដ្ឋាភិបាលក៏នឹងរងនូវការរិះគន់ និងការមិនទុកចិត្តចំពោះការធានានូវប្រព័ន្ធយុត្តិធម៌របស់កម្ពុជាពីប្រជាពលរដ្ឋកាន់តែខ្លាំងបន្ថែមទៀតដែរ។
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ផងដែរ។
ប្រភពដដែល អះអាងថា អ្នកទាំងពីរត្រូវបានរកឃើញថាបានជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ក្នុងករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ ក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់ជិត ២ឆ្នាំ។
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា តុលាការខេត្តសៀមរាប បានបញ្ជូនសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកចំនួន ៣២សំណុំរឿងដែលមានកម្រាស់ជាង ២ម៉ឺនទំព័រ (២៤៨៥២ទំព័រ) និងត្រូវបានត្រួតពិនិត្យឯកសារទាំងនេះអស់រយៈពេលមួយខែ។
ប្រភពដដែល គូសបញ្ជាក់ថា ក្រោយពិនិត្យផ្ទៀងផ្ទាត់ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក ស៊ាន បូរ៉ាត និងលោក ស ថាវី គឺជាជនសង្ស័យក្នុងអំពើឆបោកនេះ មិនមែនជាសាក្សីដូចសាលាដំបូងខេត្តសៀមរាប បញ្ជាក់ឡើយ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកមួយចំនួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» និងចោទប្រកាន់ពីបទ «សម្អាតប្រាក់» ព្រមទាំងចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកស្អុយ។
បន្ទាប់ពីអតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រូបថតអតីតឧកញ៉ា ឡេង ចាន់ណា ជាមួយលោក ស៊ាន បូរ៉ាត ជាច្រើនសន្លឹក ក៏ត្រូវបានគេទម្លាយ ដែលបញ្ជាក់ថា អ្នកទាំងពីរនាក់នេះពិតជាបានសហការគ្នាបោកប្រាស់លុយប្រជាពលរដ្ឋប្រមាណជា ៣០០លានដុល្លារសហរដ្ឋអាមេរិកប្រាកដមែន។
លើសពីនេះ ក៏មានរូបថតដែលលោក ស៊ាន បូរ៉ាត ចូលរួមកម្មវិធីជួបជុំសមាជិកក្រុមហ៊ុន ប៊្រីលាន ស៊ីធី ជាមួយអ្នកស្រី ឡេង ចាន់ណា ក្នុងនាមជាម្ចាស់ក្រុមហ៊ុននេះផងដែរ។ បន្ថែមពីនេះ ក៏មានវីដេអូដែលលោក ស៊ាន បូរ៉ាត បានណែនាំដល់សមាជិករាប់រយនាក់ក្នុងសិក្ខាសាលាអំពីវិធីប្រមូលលុយសម្រាប់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី ថែមទៀត។
ជុំវិញអំពើឆបោកនេះ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស ថាវី ក៏ត្រូវបានតុលាការខេត្តសៀមរាប កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺកាលពីចុងខែធ្នូ ឆ្នាំ២០២៤ ដែរ បន្ទាប់ពីត្រូវបានរកឃើញថា មន្ត្រីកងកម្លាំងរូបនេះបានជាប់ពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ប៊្រីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា នោះ។
អ្នកស្រី ឡេង ចាន់ណា បានបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះ «ប្រ៊ីលាន ស៊ីធី វើលដ៍» ដែលរកស៊ីខាងវិនិយោគដីធ្លីក្នុងខេត្តសៀមរាប ដោយប្រមូលលុយពីប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន តាំងពីក្នុងប្រទេសរហូតដល់ក្រៅប្រទេស ដូចជា ប្រទេសកូរ៉េខាងត្បូង ជាដើម តាមទម្រង់ឆបោកផនស៊ី (Ponzi)៕
© 2025, . All rights reserved.