ព័ត៌មានអន្តរជាតិ

ការ​ស្រាវជ្រាវ៖ មនុស្ស​ជាង ១៤​លាន​នាក់​ក្នុង​ប្រទេស​ក្រីក្រ​អាច​នឹង​ស្លាប់​មុន​ឆ្នាំ​២០៣០ ដោយសារ​អត់​ជំនួយ​សហរដ្ឋ​អាមេរិក

By ឌឹ ខេមបូឌា ដេលី

July 06, 2025

ខណៈ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ជាច្រើន​ជួបជុំ​គ្នា​នៅ​ទីក្រុង Seville ប្រទេស​អេស្ប៉ាញ ពិភាក្សា​លើ​បញ្ហា​ជំនួយ​មនុស្សធម៌​សម្រាប់​ពិភពលោក ព្រឹត្តិបត្រ​ផ្នែក​វេជ្ជសាស្ត្រ Lancet នៅ​ចក្រភព​អង់គ្លេស បាន​ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​មួយ​ដោយ​វិទ្យាស្ថាន​សុខភាព​ពិភពលោក Barcelona Institute of Global Health នៅ​ថ្ងៃទី​៤ កក្កដា ដោយ​និយាយ​ថា មនុស្ស​គ្រប់​ជាតិ​សាសន៍​ក្នុង​ប្រទេស​ក្រីក្រ​ដល់​ទៅ​ជាង ១៤​លាន​នាក់ អាច​នឹង​ស្លាប់​មុន​ឆ្នាំ​២០៣០ ដែល​ក្នុង​ចំនួន​នេះ កុមារ​ប្រមាណ​ជាង ៣០%។

អ្នក​ស្រាវជ្រាវ លោក Davide Rasella និង​អ្នកស្រី Caterina Monti បាន​ធ្វើការ​ប្រៀបធៀប​គ្រា​នៅ​មាន​ជំនួយ​សហរដ្ឋ​អាមេរិក​ពី​ភ្នាក់ងារ USAID និង​ប្រទេស​ដទៃ អ្នក​វិទ្យាសាស្ត្រ​មាន​លទ្ធភាព​សង្គ្រោះ​ជីវិត​មនុស្ស​ជិត ៩២​លាន​នាក់​ក្នុង​ប្រទេស ១៣៣ ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០២១។

ជំនួយ​សហរដ្ឋ​អាមេរិក​តាមរយៈ USAID គឺ​ស្មើ​នឹង ៤០% នៃ​ជំនួយ​សរុប​ធ្វើ​វិភាគទាន​ដោយ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន។ គេ​រក​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជាង ១៤​លាន​នាក់ កុមារ​អាយុ​ក្រោម ៥​ឆ្នាំ មាន ៤​លាន ៥​សែន​នាក់ ឬ ៧​សែន​នាក់​កំពុង​បន្ត​ស្លាប់​រៀងរាល់​ឆ្នាំ។ តាម​ការ​គណនា​លម្អិត ជំនួយ​អាមេរិកាំង​គិត​ជា​ពលរដ្ឋ​ម្នាក់ៗ គឺ​បរិច្ចាគ ១៧​សេន​ក្នុង ១​ថ្ងៃ ឬ ៦៤​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

តាម​ការ​សិក្សា​តាមដាន​ពី​សាកលវិទ្យាល័យ Boston សហរដ្ឋ​អាមេរិក អ្នក​ស្រាវជ្រាវ Brooke Nichols ឱ្យ​ដឹង​ថា ការ​សម្រេច​កាត់​ជំនួយ​អាមេរិកាំង មនុស្ស​វ័យ​ចំណាស់ ១​សែន ៨​ពាន់​នាក់ និង​កុមារ ២​សែន ២​ម៉ឺន ៤​ពាន់​នាក់ ស្លាប់​រួច​បាត់​ទៅ​ហើយ ដោយសារតែ​ការ​កាត់​ជំនួយ​ដល់​ភ្នាក់ងារ USAID។ នេះ​បាន​សេចក្តី​ថា ជីវិត​មនុស្ស ៨៨​នាក់​ត្រូវ​បាត់បង់​រៀងរាល់​ម៉ោង។

ឥឡូវ​នេះ ប្រទេស​នៅ​អឺរ៉ុប​ខ្លះ​ក៏​កាត់​ជំនួយ​តាម​សហរដ្ឋ​អាមេរិក​ដែរ មាន​ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ ជាដើម៕

© 2025, . All rights reserved.