ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី

ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់​ដ្រូន​ស្រោច​លើ​ទីក្រុង​គៀវ ក្រោយពី​កិច្ច​សន្ទនា​រវាង​លោក ត្រាំ និង​លោក ពូទីន ជាង​១​ម៉ោង​មិន​ចុះ​ធ្លុង​គ្នា

By ឌឹ ខេមបូឌា ដេលី

July 06, 2025

អាជ្ញាធរ​អ៊ុយក្រែន នៅ​ទីក្រុង​គៀវ បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូន​បាញ់​ស្រោច​មក​លើ​រដ្ឋធានី​គៀវ ពេញ​មួយ​យប់​កាលពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី​៤ កក្កដា បណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោច ២៣​នាក់​របួស ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង ហើយ​ធ្វើ​ឱ្យ​អគារ និង​យានជំនិះ​ឆាបឆេះ​ពាសពេញ​រដ្ឋធានី​នៃ​ប្រទេស​ដែល​កំពុង​ហួងហែង​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យ​ដឹង​ថា ក្រោយ​ការ​បន្លឺ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​អំពី​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​អស់​រយៈពេល​ប្រមាណ ៨​ម៉ោង ហើយ​បញ្ចប់​ទៅវិញ​នៅ​ម៉ោង ៥​ទៀបភ្លឺ នា​ថ្ងៃ​សុក្រ ទី​៤ កក្កដា នេះ អភិបាល​ទីក្រុង​គៀវ លោក Vitali Klitschko បាន​និយាយ​ថា ក្នុង​ចំណោម​អ្នក​រង​របួស គឺ ១៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​សង្កាត់​ចំនួន ៦ ក្នុង​ចំណោម​សង្កាត់​ទាំង ១០ នៃ​ទីក្រុង​គៀវ បាន​រង​ការ​បំផ្លិចបំផ្លាញ។

តាម​ការ​ប្រកាស​ពី​កងទ័ព​អាកាស​អ៊ុយក្រែន ការ​វាយប្រហារ​ដែល​ធ្វើឡើង​ជាច្រើន​លើក​មក​នេះ រុស្ស៊ី​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូន​សរុប ៥៣៩​គ្រឿង និង​មីស៊ីល ១១​គ្រាប់ បាញ់​មក​លើ​ទឹកដី​អ៊ុយក្រែន ភាគច្រើន​កំណត់​គោលដៅ​លើ​រដ្ឋធានី​គៀវ។ តែ​កងទ័ព​អាកាស​អ៊ុយក្រែន អះអាង​ថា ដ្រូន និង​គ្រាប់​មីស៊ីល​ដល់​ទៅ ៤៧៨ ត្រូវ​បាន​បាញ់​ស្កាត់។

ការ​វាយប្រហារ​ពី​ទ័ព​រុស្ស៊ី ដោយ​ប្រើប្រាស់​ដ្រូន​ដ៏​ច្រើន​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយពី​លោក ត្រាំ និង​លោក ពូទីន បាន​សន្ទនា​គ្នា​តាម​ទូរសព្ទ​ជាង​មួយ​ម៉ោង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ កក្កដា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា កិច្ចសន្ទនា​តាម​ទូរសព្ទ​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ពុំ​មាន​វឌ្ឍនភាព​អ្វី​ជុំវិញ​កិច្ចប្រឹងប្រែង​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន នោះ​ទេ។ លោក​ប្រាប់​អ្នកកាសែត​ថា លោក​មិន​សប្បាយ​ចិត្ត​ក្នុង​កិច្ចសន្ទនា​នោះ​ទេ។

តាម​ទីប្រឹក្សា​នយោបាយ​លោក ពូទីន ម្នាក់​ឈ្មោះ Yuri Ushakov លោក ពូទីន ប្រាប់​លោក ត្រាំ ថា សហរដ្ឋ​អាមេរិក​មិន​ចាំបាច់​រវល់​រឿង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន នោះ​ពេក​ទេ ហើយ​ថា​ក្រុង​មូស្គូ នឹង​មិន​បោះបង់​ទិសដៅ​របស់​ខ្លួន​នោះ​ឡើយ ដែល​អ្នកវិភាគ​បស្ចិម​ប្រទេស​សំដៅ​ទៅ​លើ​ការ​ដណ្តើម​កាន់កាប់ គ្រប់គ្រង ត្រួតត្រា​ទឹកដី​អ៊ុយក្រែន។

រុស្ស៊ី នៅតែ​បន្ត​ដាក់​លក្ខខណ្ឌ​បញ្ចប់​សង្គ្រាម​ឈ្លានពាន​របស់​ខ្លួន​នៅ​អ៊ុយក្រែន ជាមួយ​នឹង​ការ​ទាមទារ​លុបបំបាត់​ចោល​ឫសគល់​នៃ​ជម្លោះ ក្នុង​នោះ​រួម​មាន​ការ​ទាមទារ​ឱ្យ​អ៊ុយក្រែន បោះបង់​ចោល​មហិច្ឆតា​ចង់​ក្លាយ​ជា​សមាជិក​ណាតូ (NATO) ហើយ​ថា​ទីក្រុង​គៀវ ត្រូវតែ​ទទួលស្គាល់​ដែនដី​ទាំង ៤ តំបន់​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ជា​របស់​រុស្ស៊ី។

ដែនដី​ទាំង ៤ នេះ​មាន​ខេត្ត​លូហ្គាន់ ខេត្ត​ដូណែត ក្នុង​តំបន់​ដុនបាស់ នៅ​ភាគ​ខាងកើត និង​តំបន់​ហ្សាប៉ូរីហ្សា និង​ខឺសុន នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី និង​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​ជាតិ​សាសន៍ វប្បធម៌ ភាសា និង​ប្រវត្តិសាស្ត្រ​ប្រហាក់ប្រហែល​គ្នា៕

© 2025, . All rights reserved.