អ្នកជំនាញខាងពន្ធដារ មើលឃើញថា អត្រាពន្ធគយរបស់អាមេរិក ៣៦% ដាក់មកលើកម្ពុជាជាថ្មីនេះ គឺជាញញួរវាយបំបែកគម្រោងព្រែកជីកហ្វូណន ដែលជាជំនួយរបស់ចិន ឱ្យបែកខ្ចាត់ខ្ចាយ ហើយក៏ជាញញួរវាយបំបាក់កម្ពុជា ឱ្យស្ថិតក្រោមការនាំចេញរបស់វៀតណាម ផងដែរ។
អ្នកជំនាញខាងពន្ធដារ លោក ផេង បូរិទ្ធិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៨ កក្កដា នេះថា ក្នុងកម្រិតពន្ធដែលអាមេរិកដាក់មកលើកម្ពុជា ៣៦% និងដាក់លើវៀតណាម ២០% នេះ ទំនងជាទៅថ្ងៃអនាគត ការនាំចេញរបស់កម្ពុជាត្រូវពឹងលើវៀតណាម ព្រោះកម្ពុជានឹងមិនអាចពឹងលើព្រែកជីកហ្វូណននាំទំនិញទៅកាន់ទីផ្សារអាមេរិកបានដោយខ្លួនឯងឡើយ។
លោក ផេង បូរិទ្ធិ លើកឡើងថា កម្រិតពន្ធនេះមិនត្រឹមតែបង្ហាញពីភាពមិនអាចប្រកួតប្រជែងលើការនាំចេញទៅកាន់ទីផ្សារអាមេរិកជាមួយវៀតណាម ទេ សូម្បីតែការប្រកួតប្រជែងលើកម្លាំងពលកម្មជាមួយវៀតណាម ក៏រឹតតែមិនអាចទៅរួចថែមទៀត ខណៈកម្លាំងពលកម្មរបស់កម្ពុជាមានតម្លៃថ្លៃជាងវៀតណាម តាំងពីដើមមកហើយនោះ។
លោកបន្តថា បើកម្ពុជាចង់នាំចេញទៅអាមេរិកដែលមានរបាំងពន្ធទាប មានតែប្រើឈ្មោះវៀតណាម ដោយឱ្យវៀតណាម ធ្វើជាឈ្មួញកណ្តាលប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកវិនិយោគ ទំនងជាពិចារណាក្នុងការបង្វែរពាណិជ្ជកម្មរបស់ពួកគេទៅវៀតណាម រួចហើយ ក្រោមរបាំងពន្ធខុសគ្នារហូតដល់ ១៦% រវាងប្រទេសទាំងពីរនេះ។
អ្នកជំនាញខាងពន្ធដាររូបនេះបញ្ជាក់ថា ប្រសិនបើឆ្នាំ២០២៦ សហភាពអឺរ៉ុប ព្យួរប្រព័ន្ធអនុគ្រោះពន្ធពី ២០% ឡើងដល់ ៣០% លើការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបទៀត នោះសេដ្ឋកិច្ចកម្ពុជាប្រមាណជា ៨០% នឹងត្រូវរងវិបត្តិធ្ងន់ធ្ងរជាក់ជាមិនខាន។
កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញលិខិតទៅកាន់ប្រទេសដែលអាមេរិកត្រូវកំណត់ពន្ធឡើងវិញ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ ក្នុងលិខិតនោះបញ្ជាក់ថា អាមេរិកសម្រេចបញ្ចុះពន្ធដល់កម្ពុជាពី ៤៩% មកនៅត្រឹម ៣៦% ដែលនឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែសីហា ដ៏ខ្លីខាងមុខនេះ។
សម្រាប់អត្រាពន្ធដែលត្រូវបានកំណត់ថ្មីនេះ កម្ពុជាត្រូវជាប់ពន្ធ ៣៦% ដូចប្រទេសថៃ ដែរ ប៉ុន្តែខ្ពស់ជាងវៀតណាម ដែលមានអត្រាពន្ធត្រឹមតែ ២០% នោះ។
ចំណែកប្រទេសបង់ក្លាដេស ត្រូវជាប់ពន្ធ ៣៥% ប្រទេសឥណ្ឌូនេស៊ី ៣២% និងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ២៥% ប្រទេសប្រ៊ុយណេ ២៤% ហ្វីលីពីន ១៨% ដោយឡែកប្រទេសឡាវ និងប្រទេសភូមា ត្រូវជាប់ពន្ធ ៤០%។
ជុំវិញបញ្ហានេះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល អះអាងនៅថ្ងៃទី០៨ កក្កដា នេះថា ការបញ្ចុះអត្រាពន្ធពី ៤៩% មកនៅត្រឹម ៣៦% នេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចាដោយស្មោះត្រង់ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះចំនួន ១៣% តែបើប្រៀបធៀបជាភាគរយថយចុះប្រមាណ ២៦,៥% បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដែលធ្វើឱ្យកម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាងដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេក្នុងចំណោមប្រទេសជាង១០។
ចំណែកប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៨ កក្កដា នេះដែរថា ភាពប្រសើរឡើងរបស់កម្ពុជាដែលអាមេរិកបញ្ចុះពន្ធពី ៤៩% មកនៅត្រឹម ៣៦% គឺដោយសារការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
លោកបន្តថា កម្ពុជានៅពីក្រោយប្រទេសវៀតណាម ដែលមានអត្រា ២០% ព្រោះវៀតណាម បានផ្តល់សិទ្ធិដល់ទំនិញអាមេរិកចូលទីផ្សារវៀតណាម ដោយគ្មានពន្ធ។
លោក ខេស៊ី បាណេត បញ្ជាក់ថា ទោះពេលនេះ កម្ពុជាត្រូវបានកាត់បន្ថយអត្រាពន្ធជាច្រើនក៏ដោយ ក៏រោងចក្រមួយចំនួននៅកម្ពុជាកំពុងសម្លឹងមើលប្រទេសផ្សេងដែរ ដែលមានតម្លៃពលកម្មទាប និងពន្ធអាមេរិកទាបផងដែរនោះ។
ជុំវិញបញ្ហានេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៨ កក្កដា នេះថាសម្រាប់អត្រាពន្ធ ៣៦% ដែលអាមេរិកបានកំណត់លើកម្ពុជា នាពេលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កំណើននៃការនាំចេញ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងអំទ្បុងពេលដ៏ខ្លីខាងមុខ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះអះអាងថា អត្រាពន្ធថ្មីនេះ វានឹងក្លាយជាក្តីបារម្ភសម្រាប់រយៈពេលវែងលើការនាំចេញនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ជាពិសេសស្ថិរភាពការងាររបស់កម្មករនិយោជិតជាង ១លាននាក់នៅកម្ពុជា សព្វថ្ងៃនេះ។
លោកបន្តថា បើពិនិត្យមើលកម្រិតអត្រាពន្ធ ៣៦% ប្រៀបធៀបនឹងបណ្តាប្រទេសដែលផលិតសម្រាប់ការនាំចេញ ដូចជា វិស័យកាត់ដេរនៅក្នុងតំបន់អាស៊ាន កម្ពុជាអាចប្រឈមនឹងកត្តាប្រកួតប្រជែងទីផ្សារកាន់តែលំបាកក្នុងនាំចេញទៅអាមេរិក។
លោក ឃុន ថារ៉ូ បញ្ជាក់ថា កម្ពុជានៅមានឱកាសក្នុងការចរចាដើម្បីបន្ថយអត្រាពន្ធបដិការនេះ ក្នុងករណីមានការកែសម្រួលបន្ថែមទៀតមុនការកំណត់នេះចូលជាធរមាន៕
© 2025, . All rights reserved.