អតីតសកម្មជននយោបាយនៅប្រទេសជប៉ុន លោក ហៃ វណ្ណា ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាទីប្រឹក្សាលោក ហ៊ុន សែន មានឋានៈស្មើរដ្ឋលេខាធិការ។
យោងតាមព្រះរាជក្រឹត្យដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈជូនលោក ហៃ វណ្ណា ជាទីប្រឹក្សាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ។
លោក ហៃ វណ្ណា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកសូមអរព្រះគុណចំពោះព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យតែងតាំង និងផ្ដល់ឋានៈដ៏ខ្ពង់ខ្ពស់នេះដល់រូបលោក។
សមាជិកក្រុមប្រឹក្សាភិបាលនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យ លោក ហៃ វណ្ណា បានចេញវីដេអូប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី និងសុំទោសលោក ហ៊ុន សែន រួមទាំងសុំចុះចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីលោក ហ៊ុន សែន គំរាមកំហែងដល់សមាជិកគ្រួសារ និងចាប់ខ្លួនប្អូនប្រុសរបស់លោកដាក់ពន្ធនាគារធ្វើចំណាប់ខ្មាំង។
ក្នុងវីដេអូប្រវែងជាង ៣នាទី លោក ហៃ វណ្ណា អះអាងថា អំពើជ្រុលនិយមរបស់លោកដែលប្រកាសពីការបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាកន្លងមក គឺធ្វើតាមក្រុមប្រឆាំងជ្រុលនិយមប៉ុណ្ណោះ ដូច្នេះចាប់ពីពេលនេះតទៅ លោកនឹងចូលទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញម្តង។
ភ្ជាប់ជាមួយវីដេអូរបស់លោក ហៃ វណ្ណា លោក ហ៊ុន សែន ដែលប្រើប្រាស់សមាសភាពជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍លោក ហៃ វណ្ណា ដែលទទួលស្គាល់កំហុស ហើយផ្ដាច់ខ្លួនចេញពីលោក សម រង្ស៉ី និងស្នើដល់អ្នកស្អប់លោក ហៃ វណ្ណា ឱ្យឈប់ខឹងសម្បានឹងសកម្មជនប្រឆាំងរូបនេះតទៅទៀត។
អ្នកឃ្លាំមើលសង្កេតឃើញថា រដ្ឋាភិបាលរបស់ពីរនាក់ឪពុកនិងកូនត្រកូលហ៊ុន តែងតែប្រើប្រាស់ប្រព័ន្ធច្បាប់ និងតុលាការ ដើម្បីដាក់សម្ពាធបង្ខំឱ្យសកម្មជនសង្គម និងនយោបាយធ្វើការសុំទោស ឬបាននៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែសកម្មជននយោបាយមួយចំនួននៅតែប្ដេជ្ញាចិត្តមិនព្រមចុះចូល ឬសុំទោសលោក ហ៊ុន សែន ឡើយ ដោយសុខចិត្តទទួលទោសគ្រប់ចំនួន៕
© 2025, . All rights reserved.