មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា បើថៃ ទាមទារស៊ើបអង្កេតលើឧកញ៉ា កុក អាន ដោយសារគាត់ជាមនុស្សជិតស្និទ្ធជាមួយរូបលោក តុលាការថៃ ក៏គួរបើកការស៊ើបអង្កេតលើអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ព្រោះលោក ថាក់ស៊ីន ក៏ជាមនុស្សស្និទ្ធបំផុតជាមួយលោកដែរ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៨ កក្កដា ដោយចាត់ទុកចំណាត់ការរបស់អាជ្ញាធរថៃ លើឧកញ៉ា កុក អាន ក្នុងទឹកដីរបស់ខ្លួន គឺស្មើនឹងលើកដុំថ្មទម្លាក់លើជើងខ្លួនឯង តែទោះជាយ៉ាងណា លោកពិតជាអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលិសថៃដែលបានបើកប្រតិបត្តិការជួយកម្ទេចបទល្មើសអនឡាញនៅលើទឹកដីរបស់ខ្លួនបែបនេះ។
លោក ហ៊ុន សែន លើកឡើងថា ប្រតិបត្តិការរបស់អាជ្ញាធរថៃ បែបនេះ គឺជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះកំពុងកើតមាននៅពាសពេញប្រទេសថៃ រហូតមកនោះ។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ការបំផ្លាញសម្បុកបទល្មើសអនឡាញនេះ គួរណាស់តែថៃ អនុវត្តយូរណាស់មកហើយ មិនមែនទុករហូតដល់ពេលនេះទេ ព្រោះកន្លងមក បទល្មើសអនឡាញនេះបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា ដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃ តែម្តង។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចដែលគេស្គាល់ថាជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនាពេលនេះ។
សារព័ត៌មាន ខៅ ស៊ុត (Khaosod) របស់ថៃ ចេញផ្សាយនៅថ្ងៃទី០៨ កក្កដា នេះថា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលមានគោរមងារជាឧកញ៉ា គឺឧកញ៉ា កុក អាន ដែលជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ត្រូវបានប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ និងរឹបអូសរថយន្តប្រណីតជាច្រើនគ្រឿង រួមទាំងលុយចំនួន ២៧លានបាត ឬស្មើនឹងជាង ៨សែនដុល្លារអាមេរិក នៅថ្ងៃអង្គារនេះ តាមដីកាឆែកឆេររបស់តុលាការពាក់ព័ន្ធនឹងអំពើឆបោក។
ប្រភពដដែលបន្តថា ប៉ូលិសថៃ បានឆ្មក់ចូលឆែកឆេរទីតាំង ១៩កន្លែងដែលជាកម្មសិទ្ធិរបស់លោក កុក អាន នៅទីក្រុងបាងកក ខេត្តសាមុតប្រាកាន និងខេត្តឈុនបុរី បន្ទាប់ពីអាជ្ញាធរថៃ រកឃើញថា ជំនួញជាច្រើនរបស់លោក កុក អាន ជាប់ពាក់ព័ន្ធនឹងក្រុមបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មលាងលុយកខ្វក់។
សារព័ត៌មានដដែលនេះ អះអាងថា ជំនួញរបស់លោក កុក អាន ត្រូវបានអាជ្ញាធរថៃ ដាក់ការសន្និដ្ឋានបឋមថាជាមជ្ឈមណ្ឌលលាងលុយកខ្វក់ និងជាកន្លែងឆបោកតាមអនឡាញ។
ប្រភពដដែលបន្ថែមថា ក្រុមឧក្រិដ្ឋជនទាំងនោះបានប្រើប្រាស់ទីតាំងទាំងនេះធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជាច្រើន រួមមាន Hybrid Scams និងការលាងលុយកខ្វក់ តាមរយៈគណនីបញ្ឆោតប្រាក់ និងរូបិយប័ណ្ណឌីជីថល ជាដើម ក្នុងនោះ ពលករថៃមួយចំនួនធំក៏ត្រូវបានបោកបញ្ឆោត និងមានការឃុំខ្លួនថែមទៀត។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៨ កក្កដា នេះថា ឧក្រិដ្ឋកម្មខុសច្បាប់ទាំងនេះក៏មានការស៊ុមគ្រលុំគ្នារវាងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលថៃ ជាយូរមកហើយដែរ រហូតទាល់តែគ្រួសារត្រកូលហ៊ុន និងត្រកូលស៊ីណាវ៉ាត់ បែកបាក់ចំណងមិត្តភាព ទើបត្រូវបានទម្លាយនាពេលនេះ។
លោក អ៊ុំ សំអាន លើកឡើងថា កម្ពុជាមិនអាចគ្រាន់តែបដិសេធចំពោះរឿងនេះដោយគ្មានបើកការស៊ើបអង្កេតឡើយ ព្រោះថាបើកម្ពុជាមិនសហការបើកការស៊ើបអង្កេតរឿងនេះជាមួយអាជ្ញាធរថៃ ទេ នោះមានន័យថា កម្ពុជាក៏ជាប់សង្ស័យក្នុងអំពើឧក្រិដ្ឋ និងការសម្អាតប្រាក់របស់ឧកញ៉ា កុក អាន ដែរ ដែលនឹងធ្វើឱ្យមានការខ្លាចរអាពីសហគមន៍អន្តរជាតិ។
មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា បើលោក ហ៊ុន សែន ព្យាយាមលាក់បាំងនូវអំពើឧក្រិដ្ឋរបស់លោក កុក អាន ជុំវិញការប្រព្រឹត្តអំពើឆបោកតាមអនឡាញ ឬលាងលុយកខ្វក់ ជាដើម នោះពាក្យដែលគាត់ចោទថៃ ថាព្រួសឈាមដាក់កម្ពុជាជុំវិញការបោកប្រាស់តាមប្រព័ន្ធអនឡាញនោះ ក៏នឹងធ្លាក់មកលើគាត់វិញដែរ។
លោក អ៊ុំ សំអាន បញ្ជាក់ថា អំពើឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយកខ្វក់របស់ឧកញ៉ា កុក អាន ដែលត្រូវបានវែកមុខដោយអាជ្ញាធរថៃ គឺជារឿងពិត ហើយអំពើល្មើសទាំងនេះក៏កំពុងរីកដុះដាលនៅកម្ពុជាដែរ គ្រាន់តែរដ្ឋាភិបាលខ្មែរមិនបង្ក្រាបប៉ុណ្ណោះ ព្រោះតែពួកគេគប់គិតគ្នា៕
© 2025, . All rights reserved.