លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំសែនរីករាយ និង​ខួប​លើក​ទី​៣២ ទិវា​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) ប្រព្រឹត្ត​នៅ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥។

ច្បាប់

នាយករដ្ឋមន្ត្រី​អះអាង​ថា​កម្ពុជា​នឹង​ត្រូវ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​សម្រាប់​ពលរដ្ឋ​ខ្មែរ​ចាប់ពី​ឆ្នាំ​២០២៦

By ឌឹ ខេមបូឌា ដេលី

July 16, 2025

លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥ ប្រកាស​ថា ចាប់ពី​ឆ្នាំ​២០២៦ តទៅ កម្ពុជា​នឹង​ផ្តើម​អនុវត្ត​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ប៉ុន្តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជា​មុន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សមស្រប​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣២ នៃ​ទិវា​កងរាជអាវុធហត្ថ​នៅ​ថ្ងៃទី​១៤ កក្កដា នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ថា វិសោធនកម្ម​ច្បាប់​នេះ នឹង​ត្រូវ​កែសម្រួល​ឱ្យ​សមស្រប​នឹង​ស្ថានភាព​បច្ចុប្បន្ន ដោយ​ផ្ដោត​សំខាន់​លើ​រយៈពេល​ជាប់​កាតព្វកិច្ច​រហូត​ដល់ ២៤​ខែ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ហ្វឹកហាត់ និង​សមត្ថភាព​របស់​ទ័ព​កាតព្វកិច្ច។

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​អះអាង​ថា ច្បាប់​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា ធានា​បាន​នូវ​ការ​បង្កើន​បរិមាណ​កងទ័ព ដែល​អាច​បំពេញ​បាន​នូវ​ចំនួន​កងទ័ព​នៅ​តាម​បណ្តា​អង្គភាព និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ជ្រើសរើស​កងទ័ព​អាជីព។ លោក​ថា លោក​ពិនិត្យ​មើល​ទៅ​គឺ​ចាំបាច់​ត្រូវ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​នេះ ព្រោះ​ច្បាប់​នេះ​បាន​ធ្វើ​តាំងពី​ឆ្នាំ​២០០៦ តែ​មិន​ទាន់​ដល់​ពេល​អនុវត្ត។

លោក​អះអាង​ថា ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​នេះ ក៏​អនុញ្ញាត​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​កោះហៅ​ទ័ព​កាតព្វកិច្ច​ដែល​ធ្លាប់​ទទួល​បាន​ការ​ហ្វឹកហ្វឺន​រួច​ជា​ស្រេច ចូលរួម​ជាមួយ​យោធា​អាជីព​ផង​ដែរ ក្នុង​ករណី​សភាពការណ៍​ចាំបាច់​សម្រាប់​ការពារ​ជាតិ។

លោក ស៊ឹង សែនករុណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី អះអាង​ថា បើ​តាម​ការ​សង្កេត​របស់​លោក ច្បាប់​នេះ​គួរតែ​មាន​យូរ​ណាស់​មក​ហើយ ព្រោះ​ប្រទេស​ជិតខាង​តែងតែ​ចិញ្ចឹម​ចិត្ត​ចង់​លេប​ត្របាក់​ទឹកដី​កម្ពុជា​តាំងពី​យូរយារ​ណាស់​មក​ហើយ​ដែរ។ លោក​ថា ច្បាប់​នេះ​ក៏​ត្រូវតែ​អនុវត្ត​ដែរ ដើម្បី​ពង្រឹង​វិស័យ​កងទ័ព។

ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា ឆ្នាំ​២០០៦ មាន ៦​ជំពូក និង ១៨​មាត្រា។ ច្បាប់​នេះ​បាន​កំណត់​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ ១៨​ឆ្នាំ​ដល់ ៣០​ឆ្នាំ ត្រូវតែ​បំពេញ​កាតព្វកិច្ច​យោធា​សម្រាប់​រយៈពេល ១៨​ខែ។ ចំពោះ​ស្ត្រី ការ​អនុវត្ត​ច្បាប់​នេះ គឺ​ស្ថិត​ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត៕

ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំសែនរីករាយ និង​ខួប​លើក​ទី​៣២ ទិវា​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ប្រព្រឹត្ត​នៅ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥។

© 2025, . All rights reserved.