នាយកខុទ្ទកាល័យប្រធានបក្សប្រឆាំង ព្រមានថា បើអគ្គព្រះរាជអាជ្ញាថៃ សម្រេចចោទប្រកាន់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នោះប៉ូលិសថៃ ក៏នឹងស្នើប៉ូលិសអន្តរជាតិអាំងទែរប៉ូល ឱ្យចេញនិវេទន៍ក្រហមតាមចាប់ខ្លួនមេដឹកនាំបក្សកាន់អំណាចខ្មែររូបនេះដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ កក្កដា នេះថា ប៉ូលិសប្រឆាំងបទឧក្រិដ្ឋបច្ចេកវិទ្យានៃប្រទេសថៃ បានបើកការស៊ើបអង្កេតលើបណ្តឹងពាក់ព័ន្ធនឹងការបែកធ្លាយខ្សែអាត់សំឡេងរវាងនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានព្យួរតំណែង គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បន្ទាប់ពីមានពាក្យប្តឹងពីគណបក្សភឿថៃ។
លោក មុត ចន្ថា លើកឡើងថា ការបញ្ចេញខ្សែអាត់សំឡេងនេះ គឺលោក ហ៊ុន សែន មានចេតនាកម្ទេចជីវិតនយោបាយ និងកិត្តិយសបងប្អូនធម៌របស់គាត់ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរុំព័ទ្ធទៅដោយកំហុសឆ្គងតាមផ្លូវច្បាប់នាពេលនេះ ប៉ុន្តែការបញ្ចេញខ្សែអាត់សំឡេងនេះ បែរជាបង្កើតឱ្យមានការសងសឹកពីសំណាក់រដ្ឋាភិបាលថៃ ទៅលើមេជំនួញដ៏ល្បីល្បាញលោក កុក អាន ដែលជាថង់លុយរបស់លោក ហ៊ុន សែន ខ្លួនឯងទៅវិញ ក្រោមការចោទប្រកាន់ថាជាមេឧក្រិដ្ឋជនអនឡាញ និងលាងលុយកខ្វក់។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការបញ្ចេញខ្សែអាត់សំឡេងសន្ទនារវាងអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន បានក្លាយជារឿងព្រហ្មទណ្ឌប្រឆាំងលោក ហ៊ុន សែន ក្នុងប្រទេសថៃ នាពេលនេះ ខណៈអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏ត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងរួចហើយដែរ។ អ្នកស្រីទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌។
សារព័ត៌មាន ខៅ ស៊ុត (Khaosod) បានចុះផ្សាយកាលពីថ្ងៃទី១៤ កក្កដា ថា ប៉ូលិសស៊ើបអង្កេតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតថៃ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបញ្ជូនសំណុំរឿងទាក់ទងនឹងការទម្លាយកិច្ចសន្ទនាតាមទូរសព្ទរវាងអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន ទៅព្រះរាជអាជ្ញាថៃ រួចរាល់ហើយ ខណៈព្រះរាជអាជ្ញាថៃ ក៏កំពុងពិចារណាស្នើសុំដីកាចាប់ខ្លួនលោក ហ៊ុន សែន ពីប៉ូលិសអន្តរជាតិ «អាំងទែរប៉ូល» ដែរ។
ប្រភពដដែលអះអាងថា សំណុំរឿងកម្រាស់ ៥០ទំព័រដែលអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយរបស់គណបក្សភឿថៃ លោក Somkid Chueakong បានប្តឹងប្រឆាំងនឹងលោក ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមិថុនា គឺធ្វើឡើងតាមមាត្រា១១៦ ដែលជាបទល្មើសប្រឆាំងនឹងសន្តិសុខ និងច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យារបស់ថៃ។
ជុំវិញបញ្ហានេះ មេបញ្ជាការស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត លោក សេរីវឌ្ឍន៍ ឌីពរ (Siriwat Deepor) បានអះអាងថា សំណុំរឿងនេះអាចអនុវត្តក្រោមច្បាប់ថៃ ទោះជាបទល្មើសទាំងនេះត្រូវបានធ្វើឡើងក្នុងប្រទេសថៃ ឬក្រៅប្រទេស ឬជនជាតិថៃ ឬជនបរទេសក៏ដោយ ប្រសិនបើប៉ះពាល់ដល់សន្តិសុខជាតិនោះ។
ចំណែកឯអ្នកនាំពាក្យអគ្គព្រះរាជអាជ្ញាថៃ លោក សាក់កាសេម លីសៃយុគ (Sakkasem Nisaiyok) បញ្ជាក់ថា បើឃើញភស្តុតាងគ្រប់គ្រាន់ សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅតុលាការ ហើយបើលោក ហ៊ុន សែន ដែលជាចុងចោទមិនបង្ហាញខ្លួនតាមដីកាតុលាការថៃ ទេ អាជ្ញាធរថៃ នឹងស្វែងរកការចាប់ខ្លួនគាត់ពីប៉ូលិសអន្តរជាតិអាំងទែរប៉ូលតែម្តង។
ពាក្យបណ្ដឹងអំពីបទ ញុះញង់បង្កចលាចល ពីកងរាជតម្រួតថៃ ចាត់ទុកអំពើ និងទង្វើមេដឹកនាំខ្មែរថាមាន “ចេតនាបង្កគ្រោះអាក្រក់ដោយរៀបចំជាមុន” (deliberate and harmful in intent)។
កាលពីថ្ងៃទី១៥ ខែមិថុនា ខ្សែអាត់សំឡេងរយៈពេល ១៧នាទី ១៥វិនាទីរវាងលោក ហ៊ុន សែន និងអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានលោក ហ៊ុន សែន ទម្លាយនៅថ្ងៃទី១៨ បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទរវាងអ្នកទាំងពីរលេចធ្លាយមុន ១ថ្ងៃ។
នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា អាជ្ញាធរមានសមត្ថកិច្ចថៃ បន្តធ្វើប្រតិបត្តិការឆែកឆេររាវរកបណ្ដាញកូនចៅឧកញ៉ា កុក អាន មេខ្លោងថង់លុយឲ្យត្រកូលហ៊ុន ក្នុងប្រទេសថៃ តទៅទៀត។ តាមបណ្ដាញសារព័ត៌មានថៃ ប៉ូលិសថៃបានតាមរកកូនឧកញ៉ា កុក អាន គឺប្រុសម្នាក់ឈ្មោះ កិត្តិស័ក្តិ (Kitisak) កូនស្រីពីរនាក់ឈ្មោះ ជូរី ខ្លងកិច្ចគុណ និង ភូ ចែលិន (Phu Chelin)។ ប៉ូលិសរកឃើញបណ្ដាញមណ្ឌលឆបោកតាមអ៊ីនធឺណិត ៧កន្លែងនៅខេត្តស្រះកែវ ឈុនបុរី សាមុត្រប្រាកាណ ក្រុងតាប្រាយ៉ា និងក្រុងអារញ្ញ។ កូនចៅឧកញ៉ា កុក អាន មានជួលផ្ទះពីជនជាតិថៃ ដែលម្ចាស់ឈ្មោះ វ៉ាន់នីដា និងឈ្មោះ អាំផន និងនៅបាងកក ជាភូមិគ្រឹះ។ ស្ត្រីទាំងពីរនាក់នោះជាសមាជិកក្រុមចាត់ចែងការងារបោកប្រាស់ ដែលធ្វើការឲ្យកូនឧកញ៉ា កុក អាន ឈ្មោះ ជូរី និង ចែលិន នៅម្តុំសង្កាត់សាថន ក្រុងបាងកក ក្នុងអគារជាន់ទី៤៧ ដោយប្រើឈ្មោះក្រុមហ៊ុន Breadcrumb Co Ltd, in G Zone FB of Seacon Square shopping ខណ្ឌប្រាវេទ។
កូនស្រីលោក កុក អាន ទាំងពីរនាក់មានសញ្ជាតិខ្មែរ ប៉ុន្តែកាន់អត្តសញ្ញាណបណ្ណសម្គាល់ជាសញ្ជាតិថៃ៕
© 2025, . All rights reserved.