ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ភាគីរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការចរចាជាមួយអ៊ុយក្រែន ដើម្បីដោះស្រាយវិបត្តិសង្គ្រាមជាមួយនឹងអ៊ុយក្រែន។
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ភាគីរុស្ស៊ី បានយល់ព្រមថាការចរចាជុំទី៣ ជាមួយអ៊ុយក្រែន គួរមានឡើងវិញ។
លោក Peskov បានបញ្ជាក់ថា «ជាការប្រសើរណាស់ ហើយច្បាស់ណាស់ថាទីក្រុងគៀវ មើលទៅដូចជាមិនចង់ប្រញាប់ចរចាទេ។ តែសម្រាប់ក្រុងមូស្គូ តែងរង់ចាំការបញ្ជាក់ពេលវេលា ដើម្បីបើកចរចា ហើយភាគីរុស្ស៊ី ត្រៀមខ្លួនជាស្រេចដើម្បីបន្តចរចាឡើងវិញ។»
ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង ព្រមានថា ការចរចាអាចនឹងកើតមានវិញបាន លុះត្រាតែបរិយាកាសមួយផ្ដល់ឱកាសឱ្យភាគីរុស្ស៊ី អាចទទួលយកបាន តែបើពុំនោះទេ ប្រតិបត្តិការពិសេសនៅតែបន្ត។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី១១ ខែកក្កដា ខណៈថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បន្ទាប់ពីជំនួបជាមួយលោក Lavrov ប្រមុខការទូតរុស្ស៊ី លោក Rubio ប្រមុខការទូតអាមេរិក បាននិយាយថា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកគឺដើម្បីបន្តការចូលរួមគ្រប់ភាគីពាក់ព័ន្ធក្នុងការស្វែងរកលទ្ធផលនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក Rubio បានពណ៌នាការពិភាក្សារបស់លោកជាមួយលោក Lavrov ថា ភាពស្មោះត្រង់ និងមានសារសំខាន់។
តែយ៉ាងណា ការដែលទីក្រុងមូស្គូ បង្ហាញឆន្ទៈចង់ឱ្យមានកិច្ចចរចាជាថ្មីជាមួយអ៊ុយក្រែន ក៏កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់រុស្ស៊ី កាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា ឱ្យបិទបញ្ចប់សង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលលោក ត្រាំ ទុកពេល ៥០ថ្ងៃ បើពុំដូច្នោះទេ នឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយដ៏ធ្ងន់ធ្ងរ។
លោក ត្រាំ បាននិយាយថា រូបលោកមិនសប្បាយចិត្តទាល់តែសោះជាមួយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ លោក ត្រាំ ប្រកាសថាលោកកំពុងអស់ភាពអត់ធ្មត់ចំពោះការច្រានចោលពីមេដឹកនាំរុស្ស៊ី ក្នុងការបិទបញ្ចប់សង្គ្រាមឈ្លានពានអ៊ុយក្រែន ជាង ៣ឆ្នាំមកនេះ។
ជាមួយនឹងឱសានវាទគំរាមរុស្ស៊ី តាមរយៈការដំឡើងពន្ធគយលើប្រទេសដៃគូរុស្ស៊ី លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Patriot នឹងទៅដល់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃទៀត ហើយថាលោកកាន់តែរីករាយខ្លាំងទៀត ព្រោះសម្ព័ន្ធមិត្តអឺរ៉ុបបានឯកភាពគ្នាដំឡើងថវិកាការពារជាតិដល់ ៥ភាគរយដែលជាប្រវត្តិសាស្ត្រហើយសម្រាប់ NATO។
ភ្លាមៗ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានទូរសព្ទទៅថ្លែងអំណរគុណលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលធ្វើសេចក្ដីសម្រេចប្រឆាំងនឹងរុស្ស៊ី ហើយសម្រេចវិលមកគាំទ្រអ៊ុយក្រែន វិញ ដោយព្រមផ្ដល់អាវុធឱ្យអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែន មានសមត្ថភាពប្រយុទ្ធការពារជីវិតជនស៊ីវិលពីការវាយប្រហាររបស់រុស្ស៊ី។
មិនមានការឆ្លើយតបជាផ្លូវការពីទីក្រុងគៀវ ចំពោះការអំពាវនាវពីក្រុងមូស្គូ ដែលស្នើឱ្យជំនួបចរចាលើកទី៣ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានប្រកាសកាលពីល្ងាចថ្ងៃចន្ទ ទី១៤ កក្កដា ថា ពេលនេះ អ៊ុយក្រែនពិតជាត្រូវការសន្តិភាព។ តែលោកថា សន្តិភាពអាចធ្វើទៅបាន ទាល់តែប្រើកម្លាំងបាយវាយបកវិញ ដើម្បីបង្ខំអ្នកឈ្លានពានព្រមបញ្ឈប់សង្គ្រាម។
លោក ហ្សេឡេនស្គី បញ្ជាក់ថាត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបង្ខំរុស្ស៊ី បញ្ឈប់ការសម្លាប់ប្រជាជនអ៊ុយក្រែន ទើបសន្តិភាពពិតប្រាកដនឹងមាន ហើយធានាសន្តិសុខថាត្រូវតែមានឡើងវិញសម្រាប់ប្រទេសអ៊ុយក្រែន៕
© 2025, . All rights reserved.