តំណាងរាស្ត្របក្សប្រឆាំង ស្នើឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយប្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ថាតើហេតុអ្វីរដ្ឋាភិបាលខ្មែរអនុញ្ញាតឱ្យទាហានថៃ ជីកលេណដ្ឋាន (ត្រង់សេ) នៅប្រាសាទតាមាន់ធំ ដោយគ្មានការហាមឃាត់។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វសប៊ុករបស់ខ្លួននៅថ្ងៃទី១៦ កក្កដា នេះថា ប្រាសាទតាមាន់ធំជាកម្មសិទ្ធិរបស់ខ្មែរ ខណៈរដ្ឋាភិបាលក៏អះអាងថាខ្លួនបានប្តឹងករណីប្រាសាទតាមាន់ធំ នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែរ ប៉ុន្តែហេតុអ្វីទាហានថៃ បែរជាមកជីកត្រង់សេនៅជើងប្រាសាទតាមាន់ធំ នាពេលនេះ ដោយគ្មានការហាមឃាត់ពីរដ្ឋាភិបាលកម្ពុជាទៅវិញ។
លោក អ៊ុំ សំអាន លើកឡើងថា បើតាមអនុស្សរណៈយោគយល់ឆ្នាំ២០០០ (MoU 2000) គឺមិនអនុញ្ញាតឱ្យភាគីណាមួយសាងសង់សំណង់រឹង ឬធ្វើអ្វីថ្មីនៅតំបន់ជម្លោះដាច់ខាត ខណៈកម្ពុជាបានជីកត្រង់សេនៅតំបន់មុំ៣ ក៏ត្រូវភាគីថៃ តវ៉ារហូតកម្ពុជាលុបត្រង់សេ និងដកទ័ពចេញពីតំបន់នោះថែមទៀត។
លោកបន្តថា ទង្វើថៃ បែបនេះ គឺបង្ហាញពីការមើលងាយរដ្ឋាភិបាលខ្មែរយ៉ាងធ្ងន់ធ្ងរ ដែលពួកគេអាចធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយក៏បង្ហាញពីកម្សោយការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែរ ព្រោះថៃ ហ៊ានបាញ់សម្លាប់ទាហានខ្មែរ និងហ៊ានយកព្រះពុទ្ធបដិមាទៅតម្កល់នៅប្រាសាទតាមាន់តូច រួមទាំងបង្ករឿងផ្គើនដាក់ប្រទេសកម្ពុជា ជាបន្តបន្ទាប់។
មន្ត្រីបក្សប្រឆាំងរូបនេះ អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រញាប់ដាក់បណ្តឹងករណីតំបន់ទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិឱ្យបានលឿនបំផុត ដូចជាការធ្វើច្បាប់ដកសញ្ជាតិខ្មែរពីកំណើតដែលព្រឹទ្ធសភាទើបអនុម័តយល់ព្រមថ្មីៗនេះដូច្នោះដែរ ខណៈក្រសួងការបរទេសកម្ពុជា ក៏ត្រូវផ្ញើកំណត់ទូតទៅថៃ ទាមទារឱ្យលុបត្រង់សេនោះវិញថែមទៀតផងដែរ។
លោក អ៊ុំ សំអាន បញ្ជាក់ថា បើតាមផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងបង្គោលព្រំដែនដែលកំណត់ដោយបារាំង ទឹកដីខ្មែរគឺស្ថិតនៅហួសប្រាសាទតាមាន់ធំ ជាង ១គីឡូម៉ែត្រទៀត ដែលមានន័យថា ដី ១គីឡូម៉ែត្រនេះគឺជាដីដែលថៃ បានគូសផែនទីដោយឯកតោភាគីកាត់ឆ្វៀលកាន់កាប់សព្វថ្ងៃនេះ។
វីដេអូឃ្លីបប្រវែងជាង ២នាទី បង្ហាញពីការសាងសង់សំណង់រឹងដើម្បីធ្វើជាលេណដ្ឋាន (ត្រង់សេ) របស់ទាហានថៃ នៅជើងប្រាសាទតាមាន់ធំ ដោយប្រើគ្រឿងចក្រឈូសឆាយពង្រាបដីដែលបានចាក់ថ្មី ដូចជា អេស្កាវ៉ាទ័រ ត្រាក់ទ័រ និងប្រើរថយន្តធំៗដឹកដីមកចាក់កប់កង់រថយន្តដែលត្រូវបានដាក់រៀបជាគំនរនៅទីនោះ។
ការសាងសង់លេណដ្ឋានថ្មីនេះ ទាហានថៃ បានប្រើប្រភេទលូរាងបួនជ្រុងដែលធ្វើពីស៊ីម៉ងត៍កម្ពស់ប្រមាណជាង ២ម៉ែត្រ ហ៊ុមព័ទ្ធទៅដោយគំនរសម្បកកង់ឡានដែលត្រូវបានចាក់ដីថ្មីបន្ថែមពីលើយ៉ាងរឹងមាំដែលអាចផ្ទុកទាហានបានប្រមាណ ១០០នាក់។
កាលពីថ្ងៃទី១ ខែកក្កដា លោក ហ៊ុន ម៉ាណែត ថាតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរង់ចាំតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មានភាគីណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តបានឡើយ។
គួរបញ្ជាក់ថា អ្វីដែលមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលខ្មែរតាំងពីជំនាន់លោក ហ៊ុន សែន ដល់ជំនាន់លោក ហ៊ុន ម៉ាណែត និយាយថា “ជាតំបន់មិនទាន់ដាច់ស្រេច” គឺជាតំបន់ ឬទីតាំងដែលប្រទេសជិតខាងគេកាន់កាប់គ្រប់គ្រងតាំងពីរាប់ទសវត្សរ៍មកហើយ។ ឧទាហរណ៍ មានដូចជា កោះត្រល់ កោះគុត/គជ់ និងដែនខេត្តក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ជាដើម។ល។ ដែលគេនាំគ្នាឧបកិច្ចថា ដីសម្បទានសេដ្ឋកិច្ចមួយសតវត្សរ៍។
កាលជំនាន់លោក ហ៊ុន សែន ចងសម្ព័ន្ធមិត្តជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុងឆ្នាំ២០០៨ លោកបានយល់ព្រមឲ្យលោក ថាក់ស៊ីន ដាក់ទុនវិនិយោគលើកោះឈ្មោះ កោះកុង និងកោះកាពិ ក្នុងខេត្តកោះកុង ជាប់ខេត្តត្រាត ប្រទេសថៃឡង់ដ៍ ដោយសន្យាសង់ផ្លូវថ្នល់លេខ៤៨ និងស្ពានភ្ជាប់ខេត្តទាំងពីរ កាត់តាមទីប្រជុំជនហាដឡេក ប្រវែង ១៥០គីឡូម៉ែត្រ តាមរយៈប្រាក់បុលរដ្ឋាភិបាលថៃ ចំនួន ៨០០លានបាត។
ក្នុងខែតុលា ឆ្នាំ២០២៣ សភាប្រជាជនយៀកណាម ប្រកាសជួយបោះទុនអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា លាវ យៀកណាម (CLV) ចំនួន ៣៧០០លានដុល្លារ ក្នុងនោះ សម្រាប់ខេត្តខ្មែរ៤ ចំនួន ១៧០០លានដុល្លារ និងសម្រាប់ខេត្តលាវ ចំនួន ៤ រួមនឹងខេត្តយៀកណាម ៥ ចំនួន ២ពាន់លានដុល្លារ។ ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកកាសែតឈ្មោះ សយ សុភាព ដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន ប្រកាសថាតំបន់អភិវឌ្ឍន៍ត្រីកោណ ត្រូវផ្អាកសិន ព្រោះត្រូវស្ថាបនាព្រែកជីកហ្វូណនតេជោមុន។
នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រសិនបើថៃ ហ៊ានធ្វើសកម្មភាពអ្វីមួយ ឬបិទតំបន់ទាំង៤ នេះជាឯកតោភាគី នោះគឺច្បាស់ជាមានបញ្ហាជាមួយប្រទេសកម្ពុជាកាន់តែខ្លាំងជាក់ជាពុំខាន ដូច្នេះភាគីថៃ ត្រូវតែរក្សាគ្រប់យ៉ាងឱ្យស្ថិតនៅក្នុងស្ថានភាពដូចមុនដដែល។
ករណីតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំ៣ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា បានប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ ICJ រួចរាល់ហើយ ប៉ុន្តែមកទល់នឹងពេលនេះ រដ្ឋាភិបាលមិនទាន់បង្ហាញពីពាក្យបណ្ដឹងដែលខ្លួនបានប្តឹងថៃ នោះ ឱ្យពលរដ្ឋខ្មែរឃើញនៅឡើយទេ ខណៈទាហានថៃ ក៏ចេះតែរកវិធីឈ្លានពានតំបន់ទាំងនេះឥតឈប់។
ក្នុងពេលដំណាលគ្នានេះ យោធាថៃ បានឲ្យអ្នកសារព័ត៌មានដឹងថា គេកំពុងតែប្រមូលភស្តុតាងអំពីសកម្មភាពយោធាខ្មែរនៅម្តុំកូនភ្នំម៉ាក់ខឿ ឬភ្នំត្រប់ ខាងលិចប្រាសាទព្រះវិហារ លើផ្ទៃដីទំហំជិត ៥គីឡូម៉ែត្រការ៉េ ជាប់ព្រំដែនខេត្តស៊ីសាកេត ប្រទេសថៃឡង់ដ៍។ អ្នកនាំពាក្យយោធាថៃ ឧត្ដមសេនីយ៍ទោ វិនថៃ ស៊ុវ៉ារី ប្រាប់បណ្ដាញផ្សាយព័ត៌មានសាធារណៈថៃ PBS ផ្សាយនៅថ្ងៃពុធ ទី១៦ ខែកក្កដា នេះថា សកម្មភាពដូចជាការសង់រោង បោះតង់ សង់ជណ្តើរឡើងភ្នំ និងខ្សែកាបអគ្គិសនីជិះឆ្លងពីកន្លែងមួយទៅកន្លែងមួយតាមចង្កេះភ្នំ ព្រមទាំងការសង់ផ្លូវតាមជម្រាលជើងភ្នំ ធ្វើឡើងខាងក្នុងទឹកដីខ្មែរក៏មែនពិត ប៉ុន្តែវាជាការបំពានអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ហើយគេគ្រោងនឹងដាក់ពាក្យតវ៉ាទៅមន្ត្រីយោធាខ្មែរទទួលបន្ទុកកិច្ចការព្រំដែន៕
© 2025, . All rights reserved.