ក្នុងការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សភាប្រទេសអ៊ុយក្រែនហៅថា Verkhovna Rada បានអនុម័តគាំទ្រអ្នកស្រី Yulia Svyrydenko ជានាយករដ្ឋមន្ត្រីតាមសំណើរបស់លោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី បន្ទាប់ពីលោក Denys Shmyhal បានលាលែងពីតំណែង។
ក្នុងការបោះឆ្នោតលើបេក្ខភាពអ្នកស្រី Yulia Svyrydenko ជានាយករដ្ឋមន្ត្រី មានគាំទ្រ ២៦២សំឡេងគាំទ្រដែលលើសពីសំឡេង ៥០បូកមួយ។
ការរុះរើសមាជិករដ្ឋាភិបាលអ៊ុយក្រែន តម្រូវឱ្យមានការអនុម័តពីសភា គឺកើតឡើងស្របពេលដែលកិច្ចប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី បានជាប់គាំង និងខណៈដែលអ៊ុយក្រែន ព្យាយាមស្ដារសេដ្ឋកិច្ចរបស់ខ្លួន និងកសាងឧស្សាហកម្មសព្វាវុធក្នុងស្រុក។
តាមការចុះផ្សាយរបស់សារព័ត៌មាន UNN អ្នកស្រី Yulia Svyrydenko រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន នឹងត្រូវរៀបចំបង្កើតសមាជិករដ្ឋាភិបាលក្នុងសប្ដាហ៍នេះជាមួយនឹងការចង្អុលបង្ហាញពីប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ប៉ុន្តែលោក Denys Shmyhal ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី នឹងស្នើឱ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសលោក Rustem Umerov ដែលនឹងស្នើទៅកាន់តំណែងជាឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំសហរដ្ឋអាមេរិក។ ចំណែកឯអ្នកស្រី Olha Stefanishyna នឹងក្លាយជាតំណាងពិសេសប្រធានាធិបតីសម្រាប់សហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។
អ្នកស្រី Yulia Svyrydenko ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីទីមួយនៃរដ្ឋាភិបាលលោក ហ្សេឡេនស្គី។
នេះជាការផ្លាស់ប្ដូរតំណែងនយោបាយនៅអ៊ុយក្រែន ដ៏ធំ ខណៈប្រទេសអឺរ៉ុបមួយនេះកំពុងធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានពីប្រទេសរុស្ស៊ី។ អ្នកស្រី Svyrydenko អាយុ ៣៩ឆ្នាំ គឺជាអ្នកសេដ្ឋកិច្ចម្នាក់ ហើយបម្រើការជាឧបនាយករដ្ឋមន្ត្រីទីមួយរបស់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២១។ អ្នកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាពេលថ្មីៗ អំពីកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក។
តាមការបង្ហោះសារនៅលើបណ្ដាញសង្គម X លោក ហ្សេឡេនស្គី បញ្ជាក់ពីការពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីជំរុញសក្ដានុពលសេដ្ឋកិច្ច ពង្រីកកម្មវិធីគាំទ្រសម្រាប់អ៊ុយក្រែន និងបង្កើនការផលិតអាវុធក្នុងស្រុក។ ដើម្បីបំពេញគោលដៅនេះ អ៊ុយក្រែនកំពុងតែផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេស។
លោក ហ្សេឡេនស្គី ក៏បានឱ្យដឹងថា លោក Denys Shmyhal ដែលជានាយករដ្ឋមន្ត្រីអ៊ុយក្រែន បច្ចុប្បន្ន ត្រូវទៅកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ ដែលលោកអះអាងថាលោក Shmyhal មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងមុខតំណែងនេះ។
កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា លោក វូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ព្រោះលោកសង្ឃឹមថារដ្ឋាភិបាលថ្មីមានវិធានការដើម្បីជំរុញការផលិតអាវុធក្នុងស្រុកផ្ទាល់ ឱ្យកើនដល់ ៥០ភាគរយក្នុងរយៈពេល ៦ខែ។
តាមសាររបស់លោក ហ្សេឡេនស្គី អាវុធផលិតដោយអ៊ុយក្រែន ផ្ទាល់ នាពេលនេះ គឺស្មើនឹង ៤០ភាគរយនៃសព្វាវុធដែលកំពុងប្រើប្រាស់នៅតាមសមរភូមិជួរមុខ គឺចំនួននេះវាច្រើនខ្លាំងទៅហើយ បើធៀបនឹងពេលកន្លងមកចាប់តាំងពីប្រទេសអ៊ុយក្រែន ទទួលបានឯករាជ្យពីសហភាពសូវៀត ប៉ុន្តែលោក ហ្សេឡេនស្គី ថាយ៉ាងណាត្រូវការបន្ថែមទៀត ព្រោះគោលដៅរបស់អ៊ុយក្រែន គឺសម្រេចឱ្យបាន ៥០ភាគរយនៃអាវុធផលិតដោយខ្លួនឯងក្នុងរយៈពេល ៦ខែដំបូងនៃអាណត្តិរបស់រដ្ឋាភិបាលថ្មី។
លោកបន្តថា លោកមានភាពជឿជាក់ថា ផែនការផលិតអាវុធអាចនឹងសម្រេចបានតាមការតម្រូវជាក់ស្ដែងទៅតាមសភាពការណ៍សង្គ្រាម។
លោក ហ្សេឡេនស្គី តែងតែផ្ដោតខ្លាំងអំពីការបង្កើនការផលិតសព្វាវុធនៅក្នុងស្រុក ក៏ដូចជាការបង្កើតការផលិតសព្វាវុធរួមគ្នាជាមួយដៃគូលោកខាងលិចរបស់អ៊ុយក្រែន ខណៈការផលិតអាវុធក្នុងស្រុក បានផ្ដោតលើការផលិតយន្តហោះដ្រូន និងការផ្តល់សមត្ថភាពការពារដែនអាកាស ដើម្បីទប់ទល់ការវាយប្រហារកាន់តែខ្លាំងឡើងដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ី។
សហរដ្ឋអាមេរិក ដែលបានសម្រេចបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ឡើងវិញ គឺជាការពង្រឹងសមត្ថភាពកងទ័ពអ៊ុយក្រែន នៅសមរភូមិ។
លោក ដូណាល់ ត្រាំ បានប្រកាសពីការប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមឈ្លានពានអ៊ុយក្រែន ជាង ៣ឆ្នាំ ៥ខែមកនេះ ជាមួយការសន្យាបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ក្រោមឱសានវាទ ៥០ថ្ងៃឱ្យទីក្រុងមូស្គូ ទទួលយកបទឈប់បាញ់ បើពុំដូច្នោះទេ នឹងត្រូវជាប់ពន្ធគយ ១០០ភាគរយ ខណៈលោកក៏បានព្រមានយកពន្ធគយ ៥០០ភាគរយលើប្រទេសជាដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី។
ប៉ុន្តែអាវុធដែលអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន មិនត្រូវបានអនុញ្ញាតឱ្យវាយទៅលើទីក្រុងមូស្គូ នោះទេ។ លោក ដូណាល់ ត្រាំ បាននិយាយជាសាធារណៈថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី មិនត្រូវវាយប្រហារលើទីក្រុងមូស្គូ នោះទេ ហើយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គួរតែយល់ព្រមទទួលយកបទឈប់បាញ់ក្នុងរយៈពេលឱសានវាទ ៥០ថ្ងៃ បើពុំដូច្នោះទេ រុស្ស៊ី នឹងត្រូវជាប់ទណ្ឌកម្មធ្ងន់ធ្ងរ។
សាររបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីសារព័ត៌មាន Financial Times បានរាយការណ៍ថា លោក ត្រាំ បានជំរុញឱ្យអ៊ុយក្រែន វាយប្រហារចូលកាន់តែជ្រៅក្នុងទឹកដីរុស្ស៊ី។
បើតាមការចុះផ្សាយរបស់ Financial Times លោក ត្រាំ បានសួរទៅលោក ហ្សេឡេនស្គី ថាតើអ៊ុយក្រែន អាចវាយប្រហារលើទីក្រុងមូស្គូ ដែរឬទេ ប្រសិនបើសហរដ្ឋអាមេរិកផ្ដល់អាវុធរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន។ តែបែបនេះក្ដី នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បែរជាលើកឡើងថា អ៊ុយក្រែនមិនគួរវាយប្រហារលើរដ្ឋធានីរបស់រុស្ស៊ី នោះទេ គឺមិនត្រូវធ្វើដូចរុស្ស៊ី វាយប្រហាររដ្ឋធានីគៀវ នោះទេ៕
© 2025, . All rights reserved.