អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម និង​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា

នយោបាយ

ខ្មែរ​នៅ​បរទេស​បកស្រាយ​រឿង​ក្បត់​ជាតិ៖ តើ​នរណា​ក្បត់? នរណា​មិន​ក្បត់? ក្បត់​របៀប​ដូចម្តេច?

By ឌឹ ខេមបូឌា ដេលី

July 18, 2025

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​សួរ​ថា បើ​លោក ហ៊ុន សែន ចាត់ទុក​ការ​ស្រឡាញ់​ពី​ពលរដ្ឋ​ថៃ នាំ​ឱ្យ​គាត់​ក្លាយ​ជា​ជន​ក្បត់​ជាតិ តើ​មេដឹកនាំ​វៀតណាម ដែល​ស្រឡាញ់​លោក ហ៊ុន សែន លើក​បន្តុប​ក្លាយ​ជា​ជន​ក្បត់​ជាតិ​វៀតណាម ឬ​យ៉ាងណា?

លោក ហុង លីម សរសេរ​លើ​គណនី​ហ្វសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កក្កដា នេះ ដោយ​សួរ​ទៅ​កាន់​លោក ហ៊ុន សែន ថា តើ​ការ​ដែល​គាត់​ស្រឡាញ់​វៀតណាម ចាក់​ទឹក​មិន​លេច មាន​ន័យ​ថា​វៀតណាម ក្បត់​ជាតិ​របស់​ពួកគេ​ទៅ​បម្រើ​ខ្មែរ ឬ​យ៉ាងណា? លើស​ពី​នេះ​ទៀត ការ​ដែល​លោក ហ៊ុន សែន បើក​ដៃ​ឱ្យ​ពលរដ្ឋ​វៀតណាម ចូល​ទៅ​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ទាំង​ហ្វូងៗ​រហូត​មក​នោះ តើ​មាន​ន័យ​ថា​ពលរដ្ឋ​វៀតណាម​ទាំងនោះ​ក្បត់​ជាតិ​សាសន៍​របស់​គេ មក​បម្រើ​ខ្មែរ​មែន​ដែរ​ឬ​ទេ?

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​រូប​នេះ លើកឡើង​ថា បើ​ពលរដ្ឋ​ថៃ គ្រាន់តែ​ស្រឡាញ់​លោក ហ៊ុន សែន ហើយ​គាត់​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ខ្មែរ នោះ​ការ​ដែល​កងទ័ព​វៀតណាម ស្រឡាញ់​រាប់អាន​គាត់​ជិត ៥០​ឆ្នាំ​មក​នេះ ក៏​ត្រូវតែ​មាន​ន័យ​ថា​លោក ហ៊ុន សែន បាន​ក្បត់​ខ្មែរ​ជិត​កន្លះ​សតវត្ស​មក​ហើយ​ដែរ។

លោក​បន្ត​ថា ក្នុង​នាម​លោក ហ៊ុន សែន ជា​មេដឹកនាំ​នយោបាយ​កំពូល​ម្នាក់ មិន​គួរ​ប្រើ​សម្ដី​គ្មាន​តក្កវិជ្ជា គ្មាន​ខ្លឹមសារ​បែប​នេះ​ទេ ព្រោះ​ថា​សម្ដី​នេះ​គឺជា​សម្ដី​ជាន់​កែង​ខ្លួនឯង ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​បាន​ក្បត់​ជាតិ​ខ្មែរ​ជា​យូរ​មក​ហើយ​ក្រោម​ការ​ស្រឡាញ់​ស្និទ្ធស្នាល​ជាមួយ​វៀតណាម ជាង ៤០​ឆ្នាំ​មក​នោះ។

លោក ហុង លីម បញ្ជាក់​ថា បើ​ការ​និយាយ​របស់​គាត់​បែប​នេះ មិនមែន​គ្រាន់តែ​និយាយ​ដើម្បី​ចំអក​ឱ្យ​ជនជាតិ​ថៃ ទេ គឺ​មាន​ន័យ​ថា​គាត់​គឺជា​ជន​ទី​មួយ​ដែល​ត្រូវ​បាន​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​មុន​គេ​បង្អស់ នៅ​ពេល​ដែល​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​យោង​តាម​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​៩ ខែ​កក្កដា លោក ហ៊ុន សែន លើកឡើង​ថា ការ​រៀបចំ​ស្ទង់មតិ​នៃ​វិទ្យាស្ថាន NIDA ដើម្បី​ចង់​ដឹង​ទឹកចិត្ត​ប្រជាជន​ថៃ ចំពោះ​រូបលោក គឺ​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ខ្លាំង និង​ផ្តល់​តម្លៃ​ចំពោះ​លោក​ទៅវិញ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​ខ្លាច​បំផុត​នោះ គឺ​ប្រជាជន​ថៃ ស្រឡាញ់​រូបលោក​ដែល​អាច​បង្ហាញ​ថា​លោក​ជា​ជន​ក្បត់​ជាតិ​សាសន៍ និង​ប្រជាជន​ខ្មែរ​ទៅវិញ​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា អ្វី​ដែល​លោក​ចង់បាន​បំផុត​នោះ គឺ​សត្រូវ​វាយតម្លៃ​មក​រូបលោក​ក្នុង​កម្រិត​ទាប​បំផុត ដែល​ចំណុច​នេះ​បង្ហាញ​ថា លោក​កំពុង​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន​ខ្មែរ​ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​វិទ្យាស្ថាន NIDA បាន​ធ្វើ​ការ​ស្ទង់មតិ​ពលរដ្ឋ​ថៃ ចំពោះ​លោក ហ៊ុន សែន ជុំវិញ​សកម្មភាព​របស់​គាត់​អំឡុង​ពេល​ទំនាស់​ព្រំដែន​រវាង​កម្ពុជា-ថៃ កន្លង​មក​នេះ។

ការ​ស្ទង់មតិ​ពី​វិទ្យាស្ថាន NIDA បាន​ធ្វើឡើង​ចន្លោះ​ពី​ថ្ងៃទី​៣០ ខែ​មិថុនា ដល់​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៥ លើ​មនុស្ស​ជាង ១០០០​នាក់ អំពី​ចំណាប់អារម្មណ៍​ចំពោះ​សកម្មភាព​របស់​លោក ហ៊ុន សែន ជុំវិញ​ទំនាស់​ព្រំដែន​រវាង​កម្ពុជា-ថៃ នា​ពេលនេះ។

រដ្ឋាភិបាល​ថៃ បច្ចុប្បន្ន ខាង​បក្ស​ភឿថៃ កំពុង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​លើ​រូបលោក ហ៊ុន សែន ដោយ​ចោទ​ថា​លោក ហ៊ុន សែន ព្យាយាម​បំផុសបំផុល​បង្ក​ចលាចល​បះបោរ បំបែក​បំបាក់​សង្គម​ជាតិ​ថៃ ភាសា​អង់គ្លេស​ហៅថា sedition តាមរយៈ​ការ​ទម្លាយ​សារ​សន្ទនា​រវាង​លោក និង​អតីត​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រី​កល្យាណ​មិត្ត​របស់​លោក គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។

លោក ហ៊ុន សែន សរសេរ​ទៀត​ថា លោក ថាក់ស៊ីន ក្បត់​រូបលោក មិន​ខុស​ពី​ក្បត់​ជាតិ​ថៃ នោះ​ដែរ។ បើ​តុលាការ​សម្រេច​បើក​ផ្លូវ រដ្ឋាភិបាល​ថៃ នឹង​យក​ដីកា​ចាប់​ខ្លួន​លោក ហ៊ុន សែន ធ្វើ​កិច្ចសហប្រតិបត្តិការ​នឹង​ប៉ូលិស​អន្តរជាតិ Interpol។

ទោះជា​យ៉ាងណាក្ដី ការ​ឲ្យ​និយមន័យ​លើ​ពាក្យ ក្បត់​ជាតិ treason ក្នុង​របប​គ្រប់គ្រង​សព្វថ្ងៃ​នេះ គឺ​ធ្វើឡើង​សម្រាប់​បម្រើ​បំណង​បក្ស​កាន់​អំណាច​តែ​មួយ​គត់ ដែល​មាន​មេដឹកនាំ​ផ្ដាច់ការ​ប្រមូលផ្ដុំ​ផ្ដាច់មុខ គិតតែ​រក្សា​ប្រយោជន៍​អំណាច​ផ្ទាល់ខ្លួន និង​បក្ខពួក មិនមែន​ប្រយោជន៍​រួម ឬ​ប្រយោជន៍​ជាតិ​នោះ​ទេ ទោះជា​គេ​ខំប្រឹង​និយាយ​អំពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ក៏ដោយ ព្រោះ​ថា​ស្ថាប័ន​ធ្វើ​ច្បាប់ និង​ស្ថាប័ន​បកស្រាយ​អត្ថន័យ​ច្បាប់ សុទ្ធតែ​ស្ថិត​ក្រោម​អំណាច​បក្ស និង​មេដឹកនាំ​ផ្ដាច់ការ​ទាំងអស់ ពោល​គឺ​មិន​ហ៊ាន​ជំទាស់​ឡើយ ទោះជា​មើល​ឃើញ មើល​ដឹង​ថា​វា​ខុស វា​ផ្ទុយ​ពី​ស្មារតី ខ្លឹមសារ​ច្បាប់​អន្តរជាតិ​ក៏ដោយ។

អត្ថន័យ​ក្នុង​ភាសា​អង់គ្លេស treason គឺ​ក្បត់​នឹង​ប្រទេស​ខ្លួន ឬ​ទៅ​បម្រើ​គោលនយោបាយ​បរទេស។ ភាសា​ខ្មែរ​ប្រើ​ពី​សម័យ​មុន​ក្នុង​នគរ​មាន​ស្តេច​សោយរាជ្យ ដែល​ភាសា​សាមញ្ញ​ហៅថា ស្តេច​ផែនដី គឺ​សំដៅ​ដល់​ឧបាយកល​កំបាំង អំពើ ទង្វើ ប៉ុនប៉ង​រំលំ​រាជ្យ ដណ្តើម​រាជ្យ សមគំនិត​នឹង​បរទេស ហៅថា​ក្បត់​ផែនដី ពីព្រោះ​ថា​ដែនដី​នគរ​នោះ​គ្រប់គ្រង​ដោយ​ស្តេច។ ក្រោយ​មក គេ​ច្នៃ​ពាក្យ​ពី​ក្បត់​ផែនដី ឬ​ក្បត់​ស្តេច​ផែនដី ទៅ​ជា​ក្បត់​ជាតិ ឬ​កំណើត​ខ្លួន ដើម្បី​ចោទប្រកាន់​ដាក់​ទោស​ប្រហារ​ជីវិត ឬ​និរទេស​ចេញពី​ទឹកដី។ ប៉ុន្តែ​ការពិត ពលរដ្ឋ​ក្នុង​នគរ​អាច​មិន​យល់ស្រប​នឹង​គោលនយោបាយ​អ្នក​គ្រប់គ្រង​តែប៉ុណ្ណោះ មិន​បាន​ក្បត់​ជាតិ​កំណើត​ខ្លួន​នោះ​ឡើយ។

ចំណែកឯ​លោក ហ៊ុន សែន និង​ប្អូនស្រីៗ​របស់​លោក​ជាច្រើន​នាក់ សុទ្ធតែ​ធ្លាប់​ធ្វើ​ភ្នាក់ងារ​ចារកម្ម​ឲ្យ​រដ្ឋអំណាច​កុម្មុយនីស្ត​យៀកណាម។ សម័យ​ខ្មែរក្រហម ក្រោម ប៉ុល ពត គេ​ហៅ​ខ្មែរ​ជំពូក​នេះ​ថា ក្បាល​យួន ខ្លួន​ខ្មែរ។ ដើម​ទសវត្សរ៍​១៩៩០ លោក ខៀវ សំផន ធ្លាប់​ចោទ​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ជាមួយ​សម្តេច នរោត្តម សីហនុ នៅ​ក្រុង​ប៉ារីស មុន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ថា​ក្បត់​ជាតិ ទៅ​នាំ​ទ័ព​បរទេស​មក​វាយ​ទន្ទ្រាន​លុកលុយ​ត្រួតត្រា​ប្រទេស​កម្ពុជា៕

© 2025, . All rights reserved.