អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ និង​ជា​នាយក​មជ្ឈមណ្ឌល​បញ្ជាការ​ប្រឆាំង​ភេរវកម្ម (CTCC) លោក ណាថាពល ណាក់ផានិច (Natthapol Nakpanich) ផ្ដល់​បទសម្ភាសន៍​កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

រដ្ឋាភិបាល​ថៃ ព្រមាន​ប្តឹង​ប្រទេស​កម្ពុជា​ករណី​ចោទ​ថា​ដាក់​គ្រាប់មីន​បំពាន​អនុសញ្ញា​អូតាវ៉ា (Ottawa)

By ឌឹ ខេមបូឌា ដេលី

July 23, 2025

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ព្រមាន​ប្តឹង​កម្ពុជា ពី​បទ​រំលោភ​អនុសញ្ញា​អូតាវ៉ា (Ottawa Convention) ជុំវិញ​ការ​ផ្ទុះ​គ្រាប់មីន​នៅ​តំបន់​មុំ​៣ ក្រោម​ហេតុផល​ថា​គ្រាប់មីន​ប្រឆាំង​មនុស្ស​ម៉ាក PMN -2 គឺជា​គ្រាប់មីន​របស់​កម្ពុជា។

សារព័ត៌មាន​ថៃ ខៅ ស៊ុត (Khaosod) បាន​ស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ និង​ជា​នាយក​មជ្ឈមណ្ឌល​បញ្ជាការ​ប្រឆាំង​ភេរវកម្ម (CTCC) លោក ណាថាពល ណាក់ផានិច (Natthapol Nakpanich) នៅ​ថ្ងៃទី​២១ កក្កដា នេះ​ថា ថៃ​មាន​ភស្តុតាង​គ្រប់គ្រាន់​នៅ​ពេលនេះ ហើយ​ក៏​កំពុង​បន្ត​បើក​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​ដែរ ក្រោម​ហេតុផល​ថា ថៃ​មិន​ដែល​ប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ប្រភេទ PMN-2 នេះ​ទេ​កន្លង​មក។

ឧត្តមសេនីយ៍​ថៃ រូប​នេះ អះអាង​ថា មីន​ទាំងនោះ​ត្រូវ​បាន​លាក់​ក្រោម​រុក្ខជាតិ​តូចៗ ហើយ​លោហៈ​មីន​នៅ​មាន​សភាព​ថ្មី ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​វា​ត្រូវ​បាន​គេ​ដាក់​ថ្មីៗ ហើយ​នេះ​ក៏​ជា​ការ​រំលោភ​បំពាន​ពី​ភាគី​កម្ពុជា​ដែរ​ដែល​បាន​ដាក់​គ្រាប់មីន​ថ្មីៗ និង​ការ​កាន់កាប់​អាវុធ​នៅ​ទីតាំង​ដែល​ត្រូវ​ហាមឃាត់​នោះ។

លោក ណាថាពល ណាក់ផានិច បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ប្តឹង​កម្ពុជា​អំពី​រឿង​នេះ ខណៈ​សំណុំរឿង​គ្រាប់មីន​ដែល​បាន​ផ្ទុះ និង​បាន​រក​ឃើញ​នោះ ក៏​កំពុង​ត្រូវ​បាន​រៀបចំ​សម្រាប់​ដាក់​ជូន​គណៈកម្មាធិការ​អនុសញ្ញា​អូតាវ៉ា ដែល​គ្រោង​នឹង​ប្រជុំ​នៅ​ចុង​ឆ្នាំ​នេះ​ដែរ។

កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ទាហាន​ថៃ ៣​នាក់​មកពី​កងពល​ថ្មើរជើង​លេខ​៦០២១ បាន​រង​របួស​អំឡុង​ប្រតិបត្តិការ​ល្បាត​តាម​ព្រំដែន ដោយសារ​ជាន់​គ្រាប់មីន​ស្ថិត​ក្នុង​តំបន់​មុំ​បី។

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ កក្កដា នេះ​ថា បូរណភាព​ទឹកដី​អ្នក​ណា អ្នក​នោះ​ជា​អ្នក​ទទួល​ខុសត្រូវ​បោស​សម្អាត​គ្រាប់មីន​ដែល​នៅ​លើ​ទឹកដី​របស់​ខ្លួន។

លោក​បន្ត​ថា សម្រាប់​កម្ពុជា មក​ដល់​ពេលនេះ​បាន​បោស​សម្អាត និង​កម្ទេច​ចោល​ទាំង​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង ៤​លាន ៤៦​ម៉ឺន​គ្រាប់​ហើយ។

លោក ហេង រតនា បញ្ជាក់​ថា កម្ពុជា​គឺជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​មីន​អន្តជាតិ​អូតាវ៉ា ដែល​បាន​ចូលរួម​អនុវត្ត​អនុសញ្ញា​នេះ​ប្រកប​ដោយ​ជោគជ័យ​ទាំង​ឆាក​ជាតិ និង​អន្តរជាតិ ទាំង​មុន និង​ក្រោយ​ក្លាយ​ខ្លួន​សមាជិក​ពេញ​សិទ្ធិ​កាលពី​ឆ្នាំ​២០០០ កន្លង​ទៅ។

បែប​នេះ​ក្តី អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ថា ដើម្បី​កំណត់​ឱ្យ​បាន​ជាក់ច្បាស់​ថា​គ្រាប់មីន​ដែល​ត្រូវ​បាន​រក​ឃើញ​ទាំងនោះ​ជា​គ្រាប់មីន​ចាស់ ឬ​គ្រាប់មីន​ថ្មី គេ​ត្រូវ​ពិនិត្យ​គ្រឿង​ខាង​ក្នុង​របស់​វា ដូចជា​តួលេខ​សម្គាល់​គ្រាប់មីន (serial number) កាលបរិច្ឆេទ​គ្រឿង​ផ្គុំ (date of parts) រួម​ទាំង​ការពិសោធន៍​សម្បក​ឱ្យ​ដឹង​ពី​អាយុកាល​ផង​ដែរ៕

© 2025, . All rights reserved.