នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមានថា បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម ដូច្នេះភាគីថៃ មិនត្រូវបំពានបន្ទាត់ក្រហមរបស់កម្ពុជាដាច់ខាត ខណៈអ្នកឃ្លាំមើលស្នើឱ្យលោក ហ៊ុន ម៉ាណែត បញ្ជាក់ពីព្រំដែននៃបន្ទាត់ក្រហមដែលគាត់បានកំណត់។
លោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ កក្កដា នេះថា តំបន់ ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ ឬទីកន្លែងនោះឡើយ ខណៈវិធានការនានាដែលអាចអនុវត្តបាន ត្រូវតែមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។
លោកបន្ថែមថា វិធីសាស្ត្របៀមឈាមព្រួសដាក់កម្ពុជា មិនមែនជាវិធីសាស្ត្រដែលមានសីលធម៌ និងសុចរិតភាពនោះទេ ហើយវិធីសាស្ត្របែបនេះក៏មិនត្រូវប្រើដែរ បើភាគីថៃ ពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នាមែននោះ ខណៈកម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយមធ្យោបាយអហិង្សាឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់ និងចីរភាព។
លោក ហ៊ុន ម៉ាណែត ច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ មកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដូចជាថា កម្ពុជាលូកដៃចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់ថៃ រួមទាំងបញ្ហាផ្សេងទៀត ជាពិសេសការផ្ទុះគ្រាប់មីននៅតំបន់មុំបីកាលពីពេលថ្មីៗនេះ ជាដើម។
កាលពីថ្ងៃទី២១ ខែកក្កដា ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ទាហានថៃ ដែលរងរបួសដោយគ្រាប់មីន គឺដោយសារតែពួកគេដើរល្បាតចូលក្នុងទឹកដីកម្ពុជា ហើយទង្វើនេះ គឺជាការរំលោភបំពានលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ផង និងជាការរំលោភលើទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ផងដែរ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា តំបន់ដែលមានគ្រាប់មីនផ្ទុះ គឺជាតំបន់មួយស្ថិតនៅក្នុងដែនដីរបស់កម្ពុជា ដោយមានការទទួលស្គាល់ជាអន្តរជាតិ ព្រោះដែនដីនេះត្រូវបានកំណត់ដោយផែនទីខ្នាត ១/២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ខណៈរដ្ឋាភិបាលកម្ពុជា និងថៃ ក៏បានទទួលស្គាល់ផែនទីនេះជាយូរមកហើយដែរ។
ជុំវិញបញ្ហានេះ អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ កក្កដា នេះ ដោយស្នើឱ្យលោក ហ៊ុន ម៉ាណែត បង្ហាញពីបន្ទាត់ក្រហមដែលគាត់បានកំណត់ ព្រោះថៃ បានបាញ់មកលើកម្ពុជាបណ្ដាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត និងបានល្បាតលើតម្រាយផ្លូវចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជារហូតជាន់មីនរបួសថែមទៀត។
លោក សុខ សុគន្ធ ចោទជាសំណួរថា តើភាគីថៃ បានជាន់បន្ទាត់ក្រហមរបស់កម្ពុជាហើយឬនៅ?
ជាងនេះទៀត ថៃ ក៏បានប្រើប្រាស់ត្រាក់ទ័រ រថពាសដែក ឈូសឆាយចូលតំបន់ដែលពួកគេល្បាតនៅតំបន់ដែលទាហានថៃ បានជាន់មីន និងបានសង់ផ្លូវបេតុងនៅតំបន់មានទំនាស់នោះផងដែរ ដូច្នេះថាតើសកម្មភាពរបស់ថៃ ទាំងនេះ មិនទាន់ចូលដល់បន្ទាត់ក្រហមដែលលោក ហ៊ុន ម៉ាណែត បានកំណត់ទេឬយ៉ាងណា?៕
© 2025, . All rights reserved.