ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (រូប​ឆ្វេង) ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ

ព័ត៌មានអន្តរជាតិ

រុស្ស៊ី​បន្ត​ដាក់​លក្ខខណ្ឌ​ផ្ដល់​សន្តិភាព​ឱ្យ​អ៊ុយក្រែន លុះណាតែ​ដក​អំណាច​ពី​លោក ហ្សេឡេនស្គី និង​ចុះចាញ់​ជា​មុន

By ឌឹ ខេមបូឌា ដេលី

July 23, 2025

វិមាន​ក្រឹមឡាំង បន្ត​ទាមទារ​ឱ្យ​អ៊ុយក្រែន ចុះចាញ់​មុន​ពេល​សន្តិភាព​កើតឡើង ដោយ​ព្រមាន​ថា សន្តិភាព​ចុងក្រោយ​បង្អស់​របស់​វិមាន​ក្រឹមឡាំង ផ្ដល់​ឱ្យ​អ៊ុយក្រែន លុះណាតែ​អ៊ុយក្រែន យល់ព្រម​សម្រប​ទៅ​តាម​អ្វី​ដែល​ជា​គោលបំណង​ដើម​របស់​រុស្ស៊ី ដែល​នាំ​ឱ្យ​មាន​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

នេះ​បើ​តាម​សេចក្តី​រាយការណ៍​ដោយ​វិទ្យាស្ថាន​សិក្សា​សង្គ្រាម ដែល​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន EUROMAIDAN កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៥។

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov អះអាង​ជា​សាធារណៈ​ថា ទីក្រុង​មូស្គូ បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ចរចា​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​លុះត្រាតែ​លក្ខខណ្ឌ​ទាំងអស់​របស់​រុស្ស៊ី ត្រូវ​បាន​ទទួលយក​ជា​មុន​សិន​ពី​ភាគី​អ៊ុយក្រែន។

ចាប់តាំងពី​ឆ្នាំ​២០២២ រុស្ស៊ី បាន​ទាមទារ​ឱ្យ​កាត់បន្ថយ​សមត្ថភាព​ការពារ​ជាតិ​របស់​អ៊ុយក្រែន ដោយ​អំពាវនាវ​ឱ្យ​អ៊ុយក្រែន រំសាយ​អាវុធ និង​កាត់បន្ថយ​កម្លាំង​យោធា​របស់​ខ្លួន ដែល​នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន មិន​អាច​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី នា​ពេល​អនាគត។

ជាមួយ​គ្នា​នេះ ទីក្រុង​មូស្គូ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដកហូត​អំណាច​របស់​មេដឹកនាំ​ទីក្រុង​គៀវ បច្ចុប្បន្ន​នេះ គឺ​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ទំនាក់ទំនង​របស់​ទីក្រុង​មូស្គូ ជាមួយ​ទីក្រុង​គៀវ និង​ការ​ហាមឃាត់​លើ​សេចក្ដី​ប្រាថ្នា​របស់​អ៊ុយក្រែន ក្នុង​ការ​ចូលរួម​ជា​សមាជិក​អង្គការ​ណាតូ (NATO) ដែល​ជួយ​លើ​ការ​អនុវត្ត​នូវ​ស្ថានភាព​អព្យាក្រឹតភាព​របស់​អ៊ុយក្រែន ដូច​ពី​មុន។

ទន្ទឹម​នឹង​នេះ ប្រជាជន​រុស្ស៊ី​ភាគច្រើន​បន្ត​គាំទ្រ​ប្រទេស​ខ្លួន​ដែល​កំពុង​មាន​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន។

រុស្ស៊ី ក៏​កំពុង​ទាមទារ​ឲ្យ​អ៊ុយក្រែន ទទួលយក​ការ​ដាក់​កម្រិត​ក្នុង​ផ្នែក​នយោបាយ និង​យោធា ដោយ​សម្រួល​អំណាច​របស់​យោធា​អ៊ុយក្រែន ត្រូវ​បាន​កាត់បន្ថយ​ទាប​បំផុត គឺ​មាន​ចំនួន​តែ ៥​ម៉ឺន​នាក់​ប៉ុណ្ណោះ។

យោង​តាម​វិទ្យាស្ថាន​សិក្សា​សង្គ្រាម ISW សេចក្តី​ថ្លែងការណ៍​របស់ Dmitry Peskov បញ្ជាក់​ពី​ការ​បន្ត​បដិសេធ​របស់​រុស្ស៊ី ក្នុង​ការ​ចូលរួម​ក្នុង​ដំណើរការ​ការទូត​ណា​មួយ។ លោក Dmitry Peskov និយាយ​ថា គោលបំណង​របស់​រុស្ស៊ី គឺ​ជាក់ស្តែង និង​មិន​ផ្លាស់ប្ដូរ​នោះ​ឡើយ បើ​អ៊ុយក្រែន ចង់​បាន​សន្តិភាព គឺ​អ៊ុយក្រែន ត្រូវតែ​សម្រប​ទៅ​តាម​គោលបំណង​របស់​ទីក្រុង​មូស្គូ ដែល​បាន​ប្រាប់​ឱ្យ​អ៊ុយក្រែន រំសាយ​អាវុធ បោះបង់​នូវ​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ណាតូ ក៏ដូចជា​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី បច្ចុប្បន្ន​នេះ។

ការ​ទាមទារ​របស់​រុស្ស៊ី ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ស្រប​តាម​គោលនយោបាយ​ដែល​វិមាន​ក្រឹមឡាំង បាន​ប្រកាស​ជា​ញឹកញាប់ ដែល​ភាសា​នយោបាយ​បង្ហាញ​ពី​បំណង​ក្នុង​ការ​ផ្លាស់ប្ដូរ​របប​នយោបាយ​នៅ​ទីក្រុង​គៀវ និង​ការ​លុបបំបាត់​សមត្ថភាព​ការពារ​ជាតិ​របស់​អ៊ុយក្រែន។

តាម​ការ​កត់សម្គាល់​របស់​លោក Dmitry Peskov ជំហរ​របស់​រុស្ស៊ី ចំពោះ​ការ​ចរចា​សន្តិភាព​នៅតែ​មាន​អតិបរិមា និង​មិន​ផ្លាស់ប្ដូរ​ឡើយ​ចាប់តាំងពី​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន នៅ​ឆ្នាំ​២០២២។

យ៉ាងណា បើ​តាម​វិទ្យាស្ថាន​សិក្សា​សង្គ្រាម ISW ការ​អះអាង​របស់​រុស្ស៊ី អំពី​សន្តិភាព គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​អូស​បន្លាយ​ពេល​សង្គ្រាម និង​បន្ត​បំពេញ​គោលដៅ​យុទ្ធសាស្ត្រ​ដើម​របស់​ខ្លួន​តែប៉ុណ្ណោះ។

វិទ្យាស្ថាន​សិក្សា​សង្គ្រាម បាន​បង្ហាញ​ថា លោក Peskov បាន​បញ្ជាក់​ពី​ការ​បន្ត​មិន​ចាប់អារម្មណ៍​របស់​វិមាន​ក្រឹមឡាំង ក្នុង​ការ​ចរចា​ដោយ​ស្មោះត្រង់​ជាមួយ​អ៊ុយក្រែន។ ផ្ទុយទៅវិញ រុស្ស៊ី​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អូស​បន្លាយ​សង្គ្រាម។

រុស្ស៊ី ទាមទារ​ឱ្យ​អ៊ុយក្រែន ចុះចាញ់​មុន​ពេល​សន្តិភាព​អាច​កើតឡើង ជាមួយ​នឹង​ការ​ដាក់​លក្ខខណ្ឌ​របស់​ខ្លួន​ថា​ជា​ការ​លុបបំបាត់​នូវ​អ្វី​ដែល​គេ​ហៅថា​មូលហេតុ​ឫសគល់​នៃ​សង្គ្រាម​ដែល​ទាមទារ​ឱ្យ​អ៊ុយក្រែន លុបបំបាត់​អធិបតេយ្យភាព​របស់​ខ្លួន និង​ការ​រារាំង​មិន​ឱ្យ​អ៊ុយក្រែន ចូល​ជា​សមាជិក​ណាតូ ក៏ដូចជា​ការ​ដក​សមត្ថភាព​ការពារ​ជាតិ​របស់​អ៊ុយក្រែន ដើម្បី​ជា​ការ​បង្ការ​ការ​ឈ្លានពាន​រុស្ស៊ី នា​ពេល​អនាគត។

តែ​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ប្រកាស​ថា អ៊ុយក្រែន​និង​រុស្ស៊ី នឹង​បើក​កិច្ចពិភាក្សា​សន្តិភាព​ជុំ​ថ្មី​ទៀត​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​កក្កដា ក្នុង​សប្តាហ៍​នេះ ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល នៃ​ប្រទេស​តួកគី ដើម្បី​ព្យាយាម​ស្វែងរក​វឌ្ឍនភាព​ឆ្ពោះ​ទៅ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម។

លោក ហ្សេឡេនស្គី និយាយ​ថា លោក​បាន​ជួប​ជាមួយ​លេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ុយក្រែន លោក Rustem Umerov អំពី​ការ​ត្រៀម​លក្ខណៈ​សម្រាប់​កិច្ចចរចា​ជុំ​ថ្មី​នៅ​តួកគី ជាមួយ​ភាគី​រុស្ស៊ី។

ភាគី​ទាំង​ពីរ រុស្ស៊ី​និង​អ៊ុយក្រែន បាន​ជួប​ចរចា​គ្នា​ពីរ​លើក​នៅ​អ៊ីស្តាន់ប៊ុល កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា និង​ថ្ងៃទី​២ ខែ​មិថុនា ស្រប​ពេល​ដែល​អាមេរិក​ដាក់​សម្ពាធ​ឱ្យ​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់ ប៉ុន្តែ​ការ​ចរចា​ស្ថិត​ក្នុង​ភាព​ជាប់​គាំង។

ក្រុម​អ្នក​ចរចា​របស់​អ៊ុយក្រែន និង​រុស្ស៊ី មក​ទល់​ពេលនេះ​បាន​ឯកភាព​គ្នា​ត្រឹម​បង្កើន​ការ​ដោះដូរ​ឈ្លើយសឹក ហើយ​ចាប់​តាំងតែពី​ពេល​នោះ​មក រុស្ស៊ី​នៅតែ​វាយប្រហារ​តាម​ផ្លូវអាកាស​កាន់តែ​ខ្លាំង​លើ​អ៊ុយក្រែន។

ការ​បញ្ជាក់​ជំហរ​របស់​ភាគី​រុស្ស៊ី ចង់​បន្ត​ការ​ចរចា​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ទុក​ពេល​ឱ្យ​រុស្ស៊ី ៥០​ថ្ងៃ​ដើម្បី​ចរចា​រក​កិច្ចព្រមព្រៀង​ជាមួយ​អ៊ុយក្រែន បើ​មិន​ចង់​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ។ ជាមួយ​គ្នា​នេះ លោក ត្រាំ បាន​សម្រេច​បន្ត​ការ​ផ្គត់ផ្គង់​សព្វាវុធ​ឱ្យ​អ៊ុយក្រែន ឡើងវិញ។

ភ្លាមៗ​ក្រោយពី​ឱសានវាទ​របស់​លោក ត្រាំ វិមាន​ក្រឹមឡាំង បាន​និយាយ​ថា ខ្លួន​ត្រៀម​រួចរាល់​ដើម្បី​បើក​កិច្ចចរចា​បន្ត​ទៀត​ជាមួយ​អ៊ុយក្រែន ប៉ុន្តែ​ការ​ចរចា​ត្រូវ​ធ្វើ​ឡើង​ក្នុង​បរិយាកាស​សមស្រប​ដែល​ទីក្រុង​មូស្គូ មើល​ឃើញ​ថា តើ​ខ្លួន​អាច​ទទួលយក​បាន​ការ​ចរចា​ឡើងវិញ​ឬ​ទេ?៕

© 2025, . All rights reserved.