តំណាងរាស្ត្របក្សប្រឆាំង អំពាវនាវឱ្យក្រុមអាវស បង្រួបបង្រួមកម្លាំងក្រុមអាវស ខណៈក្រុមអាវលឿង ក៏ត្រូវរួបរួមកម្លាំងក្រុមអាវលឿងឡើងវិញ ទើបកម្លាំងពិតប្រាកដរបស់គណបក្សសង្គ្រោះជាតិវិលត្រឡប់មកវិញ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ កក្កដា នេះថា បន្ទាប់ពីក្រុមទាំងពីរបង្រួបបង្រួមកម្លាំងផ្ទៃក្នុងរៀងខ្លួនហើយ ពួកគេត្រូវចាប់ដៃសហការគ្នាជាថ្មី នោះទើបកម្លាំងសង្គ្រោះជាតិពិតប្រាកដវិលត្រឡប់មកវិញម្តងទៀត។
លោកបន្តថា ទោះកម្លាំងរួបរួមនៃក្រុមទាំងពីរនេះត្រូវងើបឡើងក្រោមឈ្មោះគណបក្សផ្សេង ក្រៅពីគណបក្សសង្គ្រោះជាតិក៏ដោយ តែស្មារតី និងឆន្ទៈ គឺដូចគណបក្សសង្គ្រោះជាតិដដែល។
លោក សួន រីដា លើកឡើងថា គណបក្សសង្គ្រោះជាតិជានិមិត្តរូបនៃការរួបរួមអ្នកប្រជាធិបតេយ្យ ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរទូទាំងប្រទេស ប៉ុន្តែកំហុសយុទ្ធសាស្ត្រដ៏ធំបំផុតរបស់អ្នកប្រជាធិបតេយ្យ មិនមែនមកពីតុលាការរំលាយគណបក្សនេះទេ គឺដោយសារពួកគេរំលាយកម្លាំងនយោបាយខ្លួនឯងប៉ុណ្ណោះ។
មន្ត្រីបក្សប្រឆាំងរូបនេះ ត្អូញត្អែរថា ក្រោយតុលាការប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កម្លាំងនយោបាយរបស់បក្សប្រឆាំងដ៏ធំមួយនេះក៏ត្រូវបានរលាយបន្តិចម្តងៗតាមរយៈការឈ្លោះបែកបាក់គ្នារវាងក្រុមអាវស និងក្រុមអាវលឿងដែរ ក្នុងនោះ ក្រុមអាវសបែកបាក់ជាផ្នែកៗ រីឯក្រុមអាវលឿងក៏បែកបាក់ជាច្រើនចម្រៀកដែរ។
លោកបន្តថា ប្រាកដណាស់ គណបក្សសង្គ្រោះជាតិ ពិតជាមិនអាចរស់ឡើងវិញបានទេ ប៉ុន្តែអ្នកប្រជាធិបតេយ្យអាចធ្វើឱ្យកម្លាំងនយោបាយរបស់គណបក្សសង្គ្រោះជាតិរស់ឡើងវិញបាន តាមរយៈការរួបរួមរវាងក្រុមអាវស និងក្រុមអាវលឿង ដោយឈរលើបំណងម្ចាស់ឆ្នោត ពង្រឹងឆន្ទៈអ្នកនយោបាយ និងការទទួលស្គាល់ពីភាពបរាជ័យនៃការបែកបាក់របស់ខ្លួនកន្លងមក។
គិតមកទល់នឹងឆ្នាំ២០២៥ នេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បានរលាយបាត់ពីឆាកនយោបាយអស់រយៈពេលជិត ៨ឆ្នាំហើយ ខណៈកម្លាំងនយោបាយដែលកើតចេញពីក្រុមប្រឆាំងរវាងក្រុមអាងលឿង និងក្រុមប្រឆាំងអាវស ក៏ត្រូវបែកបាក់រលាយទៅតាមគណបក្សនេះដែរ។
គេសង្កេតឃើញថា មិនត្រឹមតែជម្រកអ្នកប្រជាធិបតេយ្យដ៏ធំមួយនេះត្រូវបានរំលាយទេ សូម្បីមន្ត្រីជាន់ខ្ពស់ដែលជាមេដឹកនាំកំពូលៗរបស់បក្សនេះ ក៏ត្រូវចាប់ខ្លួនដាក់គុក និងនិរទេសខ្លួនឯងទៅក្រៅស្រុកដែរ ខណៈកម្លាំងគាំទ្រនៅមូលដ្ឋាន ក៏ត្រូវរដ្ឋាភិបាលចាប់ដាក់គុកថែមទៀត៕
© 2025, . All rights reserved.