លោក ហ៊ុន ម៉ាណែត (រូប​ឆ្វេង) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មេបញ្ជាការ​ភូមិភាគ​២ នៃ​កងទ័ព​ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) (រូប​ខាង​ស្ដាំ​កណ្ដាល)

Featured

អត្ថបទ​ស្រាវជ្រាវ៖ សំណុំរឿង​ថៃ​ឈ្លានពាន​កម្ពុជា គួរ​ប្រញាប់​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ UN និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន

By ឌឹ ខេមបូឌា ដេលី

July 24, 2025

ស្ថានភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ថៃ-កម្ពុជា កាន់តែ​ផុយ​ស្រួយ​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​ងាយ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។

ចុងក្រោយ​នេះ យោធា​ថៃ បាន​រុល​ចូល​ទៅ​ក្នុង​ព្រំដែន​កម្ពុជា ជាពិសេស​ពួកគេ​បាន​ឡើង​លើ​ចំណុច​កំពូល​នៃ​ប្រាសាទ​តាមាន់ធំ​ខាង​ក្នុង​ទឹកដី​កម្ពុជា ខណៈ​កងទ័ព​កម្ពុជា ក៏​បាន​ឡើង​ទៅ​ប្រឈមមុខ​នឹង​កងទ័ព​ថៃ ដោយ​ស្នើ​ឱ្យ​កងទ័ព​ថៃ ត្រឡប់​ចុះ​ទៅ​ខាង​ក្នុង​ទឹកដី​ថៃ វិញ ប៉ុន្តែ​កងទ័ព​ថៃ មិន​ព្រម​ធ្វើ​តាម​នោះ​ទេ។ មិន​តែប៉ុណ្ណោះ កងទ័ព​ថៃ បាន​ចូល​មក​ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ឡើង​ទៅ​លេង​លើ​ភ្នំ​ប្រាសាទ​តាមាន់ធំ នៅ​ចំពោះ​មុខ​កងទ័ព​ខ្មែរ​ថែមទៀត។

ឥឡូវ​នេះ បញ្ជាការដ្ឋាន​កងទ័ព​ថៃ នៅ​ភូមិភាគ​២ ដែល​ជាប់​ព្រំដែន​កម្ពុជា កំពុង​ដាក់​បទបញ្ជារ​បិទ​មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា​បន្ត​ឡើង​ទៅ​លើ​ប្រាសាទ​តាមាន់ធំ​នេះ​ទៀត​ផង។ វា​មើល​ទៅ​ដូចជា កងទ័ព​និង​រដ្ឋាភិបាល​ថៃ ចាប់​យក​តំបន់​ប្រាសាទ​តាមាន់តូច តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី ដោយ​ចាត់ទុក​ថា​ជា​ទឹកដី​របស់​ថៃ រួច​ទៅ​ហើយ។ ថៃ ធ្វើ​ដូច្នេះ​ជា​ការ​រំលោភ​ព្រំដែន​កម្ពុជា នៅ​ក្រោម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ ឆ្នាំ​១៩០៧។

គេ​សង្កេត​ឃើញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្ថានភាព​យោធា​ព្រំដែន​កម្ពុជា-ថៃ កាន់តែ​តានតឹង​ខ្លាំង​ឡើងៗ ហើយ​សញ្ញា​នៃ​ការ​ផ្ទុះ​អាវុធ​ប្រយុទ្ធ​គ្នា​មាន​សភាព​ផុយ​ស្រួយ​ជាទីបំផុត។ អ្នកជំនាញ​បារម្ភ​ខ្លាំង​ណាស់​ថា សង្គ្រាម​ព្រំដែន​កម្ពុជា-ថៃ វា​នៅ​សល់​ពេល​តិចតួច​ណាស់ ហើយ​បើ​វា​ផ្ទុះ​ឡើង គឺជា​ការ​ផ្ទុះ​សង្គ្រាម​ធំ។

មតិ​ខ្លះ​និយាយ​ថា គេ​មិន​ត្រូវ​រង់ចាំ​ដល់​ពេល​ភ្លើង​សង្គ្រាម​ប្រយុទ្ធ​គ្នា ទើប​ស្រវេស្រវា​ដឹក​ទឹក​ទៅ​ពន្លត់ ដែល​វា​អាច​ហួស​ពេល។ គេ​មិន​អាច​ប្រៀបធៀប​ថៃ ទៅ​នឹង​រុស្ស៊ី ទេ ព្រោះ​រុស្ស៊ី ជា​មហាអំណាច ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ដែល​មាន​សិទ្ធិ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច ឬ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

ជាក់ស្ដែង ករណី​រុស្ស៊ី បង្ក​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ភ្លាមៗ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ពេល​នោះ ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិក ១៥​ប្រទេស បាន​ជួប​គ្នា​ភ្លាមៗ​ដោយ​សម្រេច​បោះឆ្នោត​ឱ្យ​មាន​វិធានការ​បង្ខំ​រុស្ស៊ី ដក​ទ័ព​ចេញពី​អ៊ុយក្រែន តែ​ពេល​នោះ រុស្ស៊ី​បោះឆ្នោត​វេតូ បាន​នាំ​ឱ្យ​មាន​ការ​រាំង​ខ្ទប់​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ បើ​ទោះជា​ចិន បោះឆ្នោត​អនុប្បវាទ​ក៏ដោយ។

សិទ្ធិ​វេតូ​របស់​រុស្ស៊ី គឺជា​ការ​រាំង​ខ្ទប់​ដ៏​មាន​ប្រសិទ្ធភាព​នៃ​វិធានការ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ។ នេះ​បើ​យោង​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​វេតូ​របស់​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​មាន ៥​ប្រទេស គឺ​អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង​បារាំង។

ប៉ុន្តែ​ចំពោះ​ប្រទេស​ថៃ វិញ គ្មាន​សិទ្ធិ​ចូល​ខ្លួន​បោះឆ្នោត​វេតូ​នោះ​ទេ លើកលែងតែ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ណា​មួយ​ប្រើ​សន្លឹកឆ្នោត​វេតូ ទើប​រាំង​ខ្ទប់​សេចក្ដី​សម្រេច ឬ​វិធានការ​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

អ្នកជំនាញ​មើល​មិន​ឃើញ​ថា អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង​បារាំង មាន​បំណង​ប្រើ​សន្លឹកឆ្នោត​វេតូ​នោះ​ទេ។ យ៉ាងណា ពួកគេ​អាច​បោះឆ្នោត​អនុប្បវាទ តែ​សន្លឹកឆ្នោត​អនុប្បវាទ​គ្មាន​ឥទ្ធិពល​នោះ​ទេ។ តែ​អ្នក​សង្កេតការណ៍​មិន​ចង់​ឃើញ​ភ្លើង​សង្គ្រាម​ឆាបឆេះ​តាម​ព្រំដែន​ថៃ-កម្ពុជា ទើប​កម្ពុជា​រត់​ទៅ​ប្ដឹង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ ពួកគេ​ចង់​ឃើញ​តំណាង​បេសកកម្ម​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ ប្ដឹង​ត្រង់​តែ​ម្ដង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ (UNSC) ជាជាង​គ្រាន់តែ​បញ្ជូន​លិខិត​ជូនដំណឹង​ទៅ​កាន់​នាយកដ្ឋាន​បង្ការ​ជម្លោះ​ប្រដាប់​អាវុធ​នៃ​អង្គការ​សហប្រជាជាតិ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥ នោះ។

លិខិត​ជូនដំណឹង​របស់​កម្ពុជា បាន​បញ្ជាក់​ប្រាប់​នាយកដ្ឋាន​បង្ការ​ជម្លោះ​ប្រដាប់​អាវុធ​នៃ​អង្គការ​សហប្រជាជាតិ ថា សំណុំរឿង​ទ័ព​ថៃ បាញ់​សម្លាប់​ទ័ព​កម្ពុជា​ម្នាក់​ស្លាប់ គឺជា​ការ​រំលោភ​ថ្មី​ទៀត​របស់​ប្រទេស​ថៃ ចូល​ក្នុង​ទឹកដី​កម្ពុជា ត្រង់​ចំណុច​មុំ​បី ដោយ​ទាមទារ​ថា កម្ពុជា​ត្រូវការ​ព្រំដែន​ឲ្យ​មាន​សន្តិភាព ហើយ​បាន​លើកឡើង​ករណី​កម្ពុជា​ឈ្នះ​ក្ដី​ប្រទេស​ថៃ ចំនួន​ពីរ​លើក​មក​ហើយ ករណី​ថៃ ឈ្លានពាន​ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ​១៩៦២ និង​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៣។ តាមរយៈ​លិខិត​នេះ កម្ពុជា​បាន​អះអាង​ថា​បាន​ប្ដឹង​ថៃ ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​បាន​រំលោភ​ដែនដី​ព្រំដែន​កម្ពុជា​នៅ​តំបន់​មុំ​បី តំបន់​ប្រាសាទ​តាមាន់ធំ តំបន់​ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី។

អ្នកជំនាញ​អះអាង​ថា កម្ពុជា​គួរ​ប្ដឹង​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ជាបន្ទាន់ ព្រោះ​ស្ថាប័ន​នេះ​គេ​មិន​រង់ចាំ​ការ​កាត់​សេចក្ដី​របស់​តុលាការ ICJ នោះ​ទេ ព្រោះ​គេ​មាន​សមត្ថកិច្ច​រារាំង​អំពើ​ហិង្សា​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។

តើ​ស្ថាប័ន​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) មាន​អំណាច និង​តួនាទី​អ្វី​ខ្លះ ?

ក្រុមប្រឹក្សា​សន្តិសុខ UNSC គឺជា​ស្ថាប័ន​កំពូល​មួយ​ក្នុង​ចំណោម​ស្ថាប័ន​កំពូល​ទាំង​៦ នៃ​អង្គការ​សហប្រជាជាតិ។ ស្ថាប័ន​នេះ​មាន​ទំនួល​ខុស​ត្រូវ​លើ​ការ​ធានា​នូវ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។

អំណាច​របស់​ស្ថាប័ន​នេះ​រួម​មាន ការ​បង្កើត​ប្រតិបត្តិការ​កង​បេសកកម្ម​រក្សា​សន្តិភាព ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ និង​ការ​អនុញ្ញាត​សកម្មភាព​យោធា​អន្តរជាតិ​ចូល​ទៅ​អន្តរាគមន៍​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ។

ក្រុមប្រឹក្សា​សន្តិសុខ គឺជា​ស្ថាប័ន​តែ​មួយ​គត់​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ចេញ​សេចក្តី​សម្រេច​បញ្ឈប់​សកម្មភាព​ឈ្លានពាន ប៉ុន្តែ​បើ​មាន​ប្រទេស​ណា​មួយ​ធ្វើ​សកម្មភាព​រំលោភ​ឈ្លានពាន​ដោយ​ប្រដាប់​អាវុធ និង​កម្លាំង​ទ័ព​លើ​ប្រទេស​ណា​មួយ នោះ​ប្រទេស​រងគ្រោះ​អាច​ប្ដឹង​ត្រង់​តែម្ដង​ទៅ​ស្ថាប័ន​នេះ គឺ​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា UNSC។

ពេល​នោះ UNSC ត្រូវតែ​កោះ​ប្រជុំ​សមាជិក​របស់​ខ្លួន​ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ឱ្យ​បញ្ឈប់​សកម្មភាព​ឈ្លានពាន​ជាបន្ទាន់ តែ​បើ​ពុំ​នោះ​ទេ ស្ថាប័ន UNSC នេះ មាន​វិធានការ​បន្ទាន់ គឺ​ការ​បញ្ជូន​ប្រេសិត​ទៅ​សម្របសម្រួល ឬ​ក៏​បញ្ជូន​បេសកកម្ម​កងទ័ព​រក្សា​សន្តិភាព​ដាក់​ពង្រាយ​នៅ​តាម​តំបន់​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​ទៀត​ផង។

បច្ចុប្បន្ន​នេះ ក្រុមប្រឹក្សា​សន្តិសុខ​មាន​សមាជិក ១៥​ប្រទេស​ដោយ​មាន​ប្រទេស​មហាអំណាច​អចិន្ត្រៃយ៍​ចំនួន​៥ គឺ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស រុស្ស៊ី បារាំង និង​ចិន។ ចំណែក​សមាជិក​ធម្មតា​មាន​ចំនួន ១០​ប្រទេស តែ​សមាជិក​ធម្មតា ១០​ប្រទេស​នេះ​គ្មាន​សិទ្ធិ​បោះឆ្នោត​វេតូ​នោះ​ទេ លើកលែងតែ​បោះឆ្នោត​អនុប្បវាទ។

សំណុំរឿង​ថៃ ឈ្លានពាន​ព្រំដែន​កម្ពុជា អ្នកជំនាញ​ថា​កម្ពុជា​គួរ​ស្វែងរក​អន្តរាគមន៍​ពី​លេខាធិការដ្ឋាន​អាស៊ាន សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ជា​អង្គការ​ថ្នាក់​តំបន់​មួយ រួម​មាន​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ទាំង​ដប់ ដែល​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរ​រដ្ឋាភិបាល និង​ជួយ​សម្រួល​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច នយោបាយ សន្តិសុខ យោធា ការ​អប់រំ និង​វប្បធម៌ ក្នុង​ចំណោម​សមាជិក​ទាំងអស់ និង​បណ្តា​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

ចាប់តាំងពី​ការ​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ថៃ អង្គការ​នេះ​បាន​ពង្រីក​ខ្លួន​ដោយ​មាន​ការ​ចូលរួម​បន្ថែម​ពី​ប្រទេស​ប្រ៊ុយណេ កម្ពុជា ភូមា ឡាវ និង​វៀតណាម។

គោលបំណង​សំខាន់​នៃ​អង្គការ​នេះ គឺ​ការ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ការ​វិវត្ត​សង្គម​សម្រាប់​សមាជិក​ទាំងអស់ រួម​ជាមួយ​ការ​ការពារ​ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​ការ​ផ្ដល់​យន្តការ​មួយ​សម្រាប់​ប្រទេស​ជា​សមាជិក​ដើម្បី​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី។

តើ​សមាគម​អាស៊ាន​មាន​គោលការណ៍​ក្នុង​ការ​ជួយ​រក្សា​សន្តិភាព​ក្នុង​តំបន់​ឬ​ទេ ?

តាម​ច្បាប់ និង​លក្ខន្តិកៈ​នៃ​សមាគម​អាស៊ាន គេ​រក​ឃើញ​មាន​គោលការណ៍​ចំនួន ១៣​ចំណុច​ដែល​មាន​ដូច​តទៅ​នេះ៖

  1. គោរព​ឯករាជភាព អធិបតេយ្យភាព សមភាព បូរណភាព​ទឹកដី និង​សញ្ញាណ​ជាតិ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់។
  2. ចូលរួម​ការ​ប្ដេជ្ញាចិត្ត និង​ការ​ទទួល​ខុសត្រូវ​រួម​គ្នា​ក្នុង​ករណី​លើក​កម្ពស់​សន្តិភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់។
  3. ប្រឆាំង​នូវ​អំពើ​ឈ្លានពាន និង​ការ​គំរាមកំហែង ឬ​សកម្មភាព​ទាំងឡាយ​ណា​ក្នុង​លក្ខណៈ​ដែល​មិន​សមស្រប​តាម​ច្បាប់​អន្តរជាតិ។
  4. ប្រកាន់​យក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។
  5. មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​សមាជិក​អាស៊ាន។
  6. គោរព​សិទ្ធិ​របស់​រដ្ឋ​ជា​សមាជិក​នីមួយៗ ក្នុង​ការ​ដឹកនាំ​ជាតិ​របស់​ខ្លួន​ដោយ​ពុំ​មាន​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ ការ​ធ្វើ​វិទ្ធង្សនា​លើ​ប្រទេស​សមាជិក។
  7. លើក​កម្ពស់​ការ​ពិគ្រោះ​យោបល់​ករណី​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទាំងឡាយ​ដែល​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាស៊ាន។
  8. ប្រកាន់​នូវ​នីតិរដ្ឋ អភិបាលកិច្ច​ល្អ គោលការណ៍​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ។
  9. គោរព​សេរីភាព​ជា​មូលដ្ឋាន លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស និង​លើក​កម្ពស់​យុត្តិធម៌​សង្គម។
  10. លើក​កម្ពស់​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ រួម​ទាំង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​នានា​ដែល​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​បាន​អនុម័ត។
  11. មិន​ចូលរួម​ក្នុង​គោលនយោបាយ ឬ​សកម្មភាព​ណា​មួយ​ដែល​រួម​មាន​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ទឹកដី​របស់​ខ្លួន​ឲ្យ​រដ្ឋ​សមាជិក​អាស៊ាន ឬ​រដ្ឋ​មិនមែន​ជា​អាស៊ាន ឬ​ឲ្យ​តួអង្គ​ដទៃ​ទៀត​ដែល​ពុំ​មែន​ជា​រដ្ឋ បង្ក​ការ​គំរាមកំហែង​ដល់​អធិបតេយ្យភាព បូរណភាព​ទឹកដី ឬ​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​របស់​រដ្ឋ​សមាជិក​អាស៊ាន។
  12. គោរព​វប្បធម៌​ផ្សេងៗ​គ្នា ភាសា និង​សាសនា​របស់​ប្រជាជន​អាស៊ាន ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​តម្លៃ​រួម​ក្នុង​ស្មារតី​ភាព​ឯកភាព​ក្នុង​ពហុភាព។
  13. ភាព​ជា​ស្នូល​របស់​អាស៊ាន​ក្នុង​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ក្រៅ​តំបន់ ដោយ​រក្សា​ការ​ចូលរួម​ដ៏​សកម្ម ការ​សម្លឹង​មើល​ឆ្ពោះ​ទៅ​ខាងក្រៅ ភាព​រួម​បញ្ចូល​គ្នា និង​ភាព​មិន​រើសអើង ប្រកាន់ខ្ជាប់​នូវ​វិធាន​ពាណិជ្ជកម្ម​ពហុភាគី និង​របប​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​របស់​អាស៊ាន ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​សេដ្ឋកិច្ច និង​កាត់បន្ថយ​ជា​វិជ្ជមាន​ឆ្ពោះ​ទៅ​លុបបំបាត់​របាំង​ទាំងស្រុង​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ និង​សេដ្ឋកិច្ច​ទីផ្សារ។

ក្នុង​ចំណុច​គន្លឹះ​នៃ​គោលការណ៍​អាស៊ាន​ទាំង ១៣​ចំណុច​នេះ យ៉ាងហោចណាស់​ក៏​មួយ​ចំនួន​បាន​ការពារ​រួច​ជា​ស្រេច​មិន​ឱ្យ​ប្រទេស​សមាជិក​ណា​មួយ បង្កើត​ព្រឹត្តិការណ៍​ណា​មួយ​នាំ​ឲ្យ​មាន​វិបត្តិ​ដល់​សមាគម​អាស៊ាន​នោះ​ទេ ដូចជា ការ​បញ្ជាក់​ថា​សមាជិក​ចូលរួម​ការ​ប្ដេជ្ញាចិត្ត និង​ការ​ទទួល​ខុសត្រូវ​រួម​គ្នា​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់។ ប្រឆាំង​អំពើ​ឈ្លានពាន និង​ការ​គំរាមកំហែង ឬ​សកម្មភាព​ទាំងឡាយ​ណា​ក្នុង​លក្ខណៈ​ដែល​មិន​សមស្រប​តាម​ច្បាប់​អន្តរជាតិ។ លើក​កម្ពស់​ការ​ពិគ្រោះ​យោបល់​លើ​បញ្ហា​ធ្ងន់ធ្ងរ​ទាំងឡាយ ដែល​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាស៊ាន។ លើក​កម្ពស់​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ រួម​ទាំង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​នានា​ដែល​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​បាន​អនុម័ត។

និយាយ​រួម​ទៅ បើ​យោង​តាម​ស្មារតី​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​គោលការណ៍​នៃ​សមាគម​អាស៊ាន ដែល​កម្ពុជា​ជា​ប្រទេស​កំពុង​រងគ្រោះ​នៅ​ពេលនេះ​ពី​ការ​បង្ក​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ ត្រូវ​បាន​អ្នកជំនាញ​យល់​ថា ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​គួរ​ប្រញាប់​ប្ដឹង​ស្នើសុំ​អន្តរាគមន៍​ជាបន្ទាន់ ដោយ​មិន​ត្រូវ​បង្អែបង្អង់​ឡើយ។

បើ​តាម​អ្នកជំនាញ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ UNSC គេ​អាច​មាន​វិធានការ​ជា​អន្តរជាតិ ជួយ​បញ្ឈប់​ភាព​តានតឹង ហើយ​ករណី​ចាំបាច់ ស្ថាប័ន​នេះ​ត្រូវ​សម្រេច​អន្តរាគមន៍​មុន​សេចក្ដី​វិនិច្ឆ័យ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ព្រោះ​គេ​មិន​ទុក​ឱ្យ​ភ្នក់ភ្លើង​សង្គ្រាម​ព្រំដែន​ឆេះ​សន្ធោសន្ធៅ ទើប​អន្តរាគមន៍​នោះ​ទេ៕

© 2025, . All rights reserved.