ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ វិលត្រឡប់​មក​កម្ពុជា វិញ កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ក្រសួង​ការងារ​ថា​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ថៃ និង​ត្រឡប់​មក​កម្ពុជា​វិញ រង​ការ​រើសអើង​និង​ហិង្សា

By ឌឹ ខេមបូឌា ដេលី

July 27, 2025

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើក​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ពលករ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ គឺ​បាន​រង​ការ​រើសអើង ការ​ដាក់​សម្ពាធ ការ​ប្រើ​ហិង្សា និង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព សេរីភាព​ធ្វើ​ដំណើរ​របស់​ពួក​គាត់។

សេចក្តី​អំពាវនាវ​របស់​ក្រសួង​ការងារ បាន​លើក​ឡើង​ថា មាន​ការ​កើន​ឡើង​ការ​ដាក់​សម្ពាធ​លើ​ពលករ​ខ្មែរ​ជាច្រើន​ទម្រង់ ដូចជា ការ​គំរាម​មិន​ផ្តល់​ប្រាក់ខែ​ដើម្បី​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​បន្ត​ធ្វើការ បើ​ទោះបីជា​ពលករ​ខ្មែរ​ស្នើសុំ​ឈប់​ពី​ការងារ ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ​របស់​ពលករ​ខ្មែរ និង​ការ​គំរាមកំហែង​ផ្សេងៗ រហូត​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​មួយ​ចំនួន​មាន​ការ​ភ័យខ្លាច​មិន​ហ៊ាន​ចេញពី​កន្លែង​ធ្វើការ ឬ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ចេញពី​កន្លែង​ស្នាក់នៅ ដោយ​ភ័យខ្លាច​រង​នូវ​អំពើ​ហិង្សា​នានា។

អំពើ​ហិង្សា​ពី​សំណាក់​ពលរដ្ឋ​ថៃ មក​លើ​ពលករ​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នេះ គឺ​ក្រោយ​ពី​មាន​ការ​ឈ្លានពាន​ពី​ខាង​យោធា​ភាគី​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ តាំង​ពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ២០២៥ កន្លង​មក៕

© 2025, . All rights reserved.