រូបភាព​ថ្ម​ប្រាសាទ​ព្រះវិហារ រង​ការ​ខូចខាត​ដោយសារតែ​កងទ័ព​ថៃ វាយប្រហារ​ដោយ​អាវុធ​ធុន​ធ្ងន់​បាញ់​បំផ្លាញ​ក្នុង​ជម្លោះ​ព្រំដែន​កាលពី​ថ្ងៃទី​២៤-២៦ ខែ​កក្កដា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ថ្កោលទោស​ប្រទេស​ថៃ ដែល​បន្ត​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ

By ឌឹ ខេមបូឌា ដេលី

July 27, 2025

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ប្រទេស​ថៃ ដែល​បន្ត​សកម្មភាព​វាយប្រហារ​ដោយ​អាវុធ​ធុន​ធំ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា និង​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើង​ថា អំពើ​ឈ្លានពាន​ដែល​កើត​ឡើង​ជា​ថ្មី​ទាំងនេះ បាន​ធ្វើ​ឲ្យ​ប្រាសាទ​ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​មិន​ធ្លាប់​មាន​ពី​មុន​មក។ ផ្នែក​សំខាន់ៗ​នៃ​រចនាសម្ព័ន្ធ និង​បរិវេណ​ជុំវិញ ត្រូវ​បាន​ខូចខាត ឬ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។

ក្នុង​នាម​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ប្រាសាទ​ព្រះវិហារ ឈរ​ជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​ជាតិ ភាព​បន្ត​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​ខាង​វិញ្ញាណ​របស់​កម្ពុជា។ ការ​វាយប្រហារ​ទាំងនេះ មិន​ត្រឹម​តែ​រំលោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ដល់​បេតិកភណ្ឌ​វប្បធម៌​រួម​របស់​មនុស្សជាតិ​ផង​ដែរ។ ករណី​នេះ ទាមទារ​ឲ្យ​ប្រទេស​ថៃ ទទួល​ខុសត្រូវ​ទាំងស្រុង។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ការ​បន្ត​ឈ្លានពាន​របស់​ប្រទេស​ថៃ ប្រឆាំង​នឹង​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា។ ក្រសួង​ក៏​ស្នើសុំ​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​អន្តរជាតិ ដើម្បី​វាយតម្លៃ​ពី​ទំហំ​នៃ​ការ​ខូចខាត និង​ជួយ​ការពារ​ទីតាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​បន្ត​ចងក្រង​ឯកសារ​រាល់​អំពើ​បំផ្លិចបំផ្លាញ និង​បន្ត​តាម​នីតិវិធី​ច្បាប់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) និង​ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ស្វែងរក​យុត្តិធម៌ និង​សំណង៕

© 2025, . All rights reserved.