ប្រធានព្រឹទ្ធសភាប្រទេសកម្ពុជា លោក ហ៊ុន សែន អះអាងថា សម្ដីលោក ថាក់ស៊ីន គឺបង្ហាញយ៉ាងច្បាស់នូវការឈ្លានពានមកលើដែនអធិបតេយ្យប្រទេសកម្ពុជាពីសំណាក់កងទ័ពថៃ ខណៈនៅវេលាម៉ោងជាង ៦ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ថៃ នៅបន្តប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោក ថាក់ស៊ីន បង្ហោះសារដែលមានចរិតប្រើប្រាស់សង្គ្រាមដើម្បីប្រដៅ ហ៊ុន សែន។ សម្ដីរបស់លោក ថាក់ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃ មកលើកម្ពុជា។
លោក ហ៊ុន សែន អះអាងថា លោកមិនចម្លែកទេសម្រាប់ចរិតរបស់លោក ថាក់ស៊ីន មកលើលោក ព្រោះសូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃ កាន់សាសនាឥស្លាមនៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះ ក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្គ្រាម ដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលធ្លាប់ជាកល្យាណមិត្ត ជាបងប្អូនធម៌នឹងគ្នារាប់ឆ្នាំចាក់ទឹកមិនលិច បែរជាចងគំនុំនឹងគ្នា យករឿងផ្ទាល់ខ្លួនរុញប្រទេសជាតិឲ្យប្រទូស្តគ្នាប្រដាប់អាវុធ។
យោងតាមកាសែតអាមេរិកាំង The New York Times នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា លោក ថាក់ស៊ីន សរសេរក្នុងបណ្ដាញសង្គមថា ទោះជាសហគមន៍អន្តរជាតិចង់ជួយផ្សះជម្លោះ ក៏លោកនៅតែចង់ឲ្យកងទ័ពថៃ បំពេញភារកិច្ចប្រដៅលោក ហ៊ុន សែន មុនសិន ចំពោះចរិតប្រកបដោយឧបាយកលរបស់គាត់។
កាលពីថ្ងៃព្រហស្បតិ៍ លោក ថាក់ស៊ីន ចោទថាលោក ហ៊ុន សែន ជាអ្នកបញ្ជាឲ្យកងទ័ពខ្មែរបាញ់ដាក់ស្រុកថៃ។
តាមព័ត៌មានពីកងទ័ពជួរមុខបានឱ្យដឹងថា គិតត្រឹមវេលាម៉ោងជាង ៦ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ កងទ័ពកម្ពុជា-ថៃ នៅបន្តប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខឡើងវិញហើយ។ សកម្មភាពនៃការបន្តផ្លោងដាក់គ្នានេះ គឺបានបន្តនៅតំបន់ខ្លះម៉ោង ២ទៀបភ្លឺ ម៉ោង ៣ទៀបភ្លឺ នៅព្រះវិហារ-ភ្នំខ្មោច និងម៉ោងជាង ៥ព្រឹកព្រលឹមនៅតំបន់តាក្របី។
សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ បានបញ្ជាក់ថា នៅសមរភូមិប្រយុទ្ធទាំងនៅខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ កងទ័ពទាំងពីរបន្តប្រើកាំភ្លើងធុនធ្ងន់ផ្លោងដាក់គ្នាទៅវិញទៅមក តែកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា នៅគ្រប់សមរភូមិប្រយុទ្ធកំពុងគ្រប់គ្រងទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃ បានបើកការវាយប្រហាររហូតដល់ ៨ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16។ ទីតាំងទាំង ៨ នោះរួមមាន ទី១ ប្រាសាទតាមាន់ធំ ទី២ ប្រាសាទតាក្របី ទី៣ តំបន់ភ្នំទ្រព្យ ទី៤ វាលឥន្ទ្រី ទី៥ តាថាវ ទី៦ ភ្នំខ្មោច ទី៧ អានសេះអូផ្កាស្នេហ៍ និងទី៨ មុំបី។
ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្ដរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុននៅចំណុចប្រាសាទតាមាន់ធំ៕
© 2025, . All rights reserved.