ទាក់ទងនឹងជម្លោះប្រដាប់អាវុធរឿងព្រំដែនរវាងខ្មែរ និងថៃ អ្នកវិភាគខាងបស្ចិមប្រទេសគិតឃើញថា បើការវាយប្រហារគ្នានេះមិនបញ្ចប់ឲ្យឆាប់រហ័សទេ សង្គ្រាមទ្រង់ទ្រាយធំអាចនឹងប្រទាញប្រទេសដទៃចូលមកជួយមិត្ត ឬសម្ព័ន្ធមិត្តរៀងៗខ្លួន។
ប្រភព BNE News ឬព័ត៌មានស៊ើបការណ៍ខាងពាណិជ្ជកម្មពីអឺរ៉ុបខាងកើត អឺរ៉ុបអាស៊ី មជ្ឈិមបូព៌ា និងអាហ្វ្រិក សរសេរផ្សាយក្នុងគេហទំព័រប្ល៊កអាស៊ីពីទីក្រុង ហូ ជី មិញ នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា ថា បើសង្គ្រាមផ្ទុះឆាបឆេះកាន់តែធំរវាងប្រទេសសមាជិកអាស៊ានដូចគ្នាពីរ វានឹងបង្ហាញថាកិច្ចការទូតបរាជ័យ អាស៊ានក្នុងនាមជាអង្គការមួយនិយមរកដំណោះស្រាយដោយសន្តិវិធី ក្លាយជាអង្គការមួយខ្វិនអវយវៈ ឬស្វិតលោង ធ្វើអ្វីមិនកើត។
ប្រទេសយៀកណាម ជាកល្យាណមិត្ត មានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធនឹងប្រទេសកម្ពុជា មិនចង់លូកដៃចេញមុខទេ ពីព្រោះប្រទេសថៃឡង់ដ៍ ជាសម្ព័ន្ធមិត្តនឹងសហរដ្ឋអាមេរិក ប៉ុន្តែក៏មិនចង់ឃើញសង្គ្រាមចលាចលនៅក្បែរខ្លួនដែរ។ ប្រទេសកម្ពុជា អាចពឹងពាក់ចិន ទាក់ទងនឹងព័ត៌មានសម្ងាត់ពីបច្ចាមិត្ត និងអាវុធទំនើបៗ។
ជាមួយគ្នានេះ មហាអំណាចសហរដ្ឋអាមេរិក ក៏អាចនឹងឈានជើងចូលក្នុងឆាកប្រកួតប្រជែងដើម្បីប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់គេដែរ។ ក្រុងវ៉ាស៊ីនតោន ទំនងជានឹងមិនអង្គុយស្ងៀមធ្វើជាអ្នកសង្កេតការណ៍នោះទេ។
ទស្សនៈក្នុងគេហទំព័រប្ល៊កអាស៊ី បន្តថា បើប្រទេសកម្ពុជាទោរទន់ទ្រេតទៅខាងចិន ធ្ងន់ខ្លាំង សហរដ្ឋអាមេរិកអាចនឹងមកជ្រោងប្រទេសថៃឡង់ដ៍ ហើយក៏អាចធ្វើសហប្រតិបត្តិការជាមួយយៀកណាម ដែរ ដើម្បីទប់ទល់នឹងការពង្រឹងឥទ្ធិពល អនុត្តរភាព ឬអានុភាពចិន នៅអាស៊ីអាគ្នេយ៍ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសសមុទ្រចិនខាងត្បូង។
អ្នកវិភាគព្យាករថា បើមានសង្គ្រាមពេញបន្ទុកនៅតំបន់ ប្រទេសទាំងឡាយក្នុងភូមិភាគអាស៊ីអាគ្នេយ៍ នឹងប្រែរូបភាពផែនទីភូមិសាស្ត្រនយោបាយរបស់ខ្លួនហើយ គឺថាប្រទេសខ្លះរត់ទៅតោងចិន ប្រទេសខ្លះរត់ទៅតោងសហរដ្ឋអាមេរិក ពោលគឺលែងមានឯករាជភាពពិតប្រាកដ។ វិបត្តិសង្គមមនុស្សជាតិក៏រីករាលដាលលែងប្រក្រតីតទៅទៀតហើយ បើគេបណ្តោយឲ្យសង្គ្រាមស្ថិតនៅរ៉ាំរ៉ៃ៕
© 2025, . All rights reserved.