មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសមនសិការទាំងអស់ ជាពិសេសអ្នកទោសមនសិការដែលត្រូវបានចោទប្រកាន់ពីបទគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក ស៊ឹង សែនករុណា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ កក្កដា នេះ ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញចំពោះការចោទប្រកាន់សកម្មជនសង្គម និងសកម្មជននយោបាយពីបទគប់គិតជាមួយអាមេរិក ព្រោះពេលនេះរដ្ឋាភិបាលក៏បានពឹងអាមេរិក ឱ្យជួយរំលត់សង្គ្រាមឱ្យខ្លួនដែរ។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងថា រដ្ឋាភិបាលបានចោទពលរដ្ឋខ្លួនឯងពីបទគប់គិតជាមួយរដ្ឋបរទេស តែបែរជាទៅពឹងបរទេសដែលខ្លួនបានចោទនោះឱ្យជួយបង្ក្រាបការឈ្លានពានរបស់ថៃ លើទឹកដីរបស់ខ្លួនទៅវិញ ដូច្នេះរដ្ឋាភិបាលក៏គួរពិចារណាដោះលែងអ្នកដែលខ្លួនបានចោទប្រកាន់ទាំងអយុត្តិធម៌នាពេលកន្លងមកនោះ ឱ្យមានសេរីភាពឡើងវិញដែរ។
កាលពីថ្ងៃទី២៨ ខែកក្កដា ចលនាមាតាធម្មជាតិ (Mother Nature Cambodia) បានអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការគ្រប់និន្នាការទាំងអស់ ដើម្បីឱ្យពួកគេចូលរួមជាកម្លាំងសាមគ្គីជាតិ និងបម្រើជាតិរបស់ខ្លួន ព្រោះពួកគេក៏មានឆន្ទៈស្នេហាបូរណភាពទឹកដីដូចពលរដ្ឋខ្មែរគ្រប់រូបដទៃទៀតដែរ។
ប្រភពដដែល លើកឡើងថា កាលៈទេសៈនេះជាពេលដែលខ្មែរត្រូវរួបរួម ហើយការរួបរួមនេះមិនមែនជាជម្រើសទេ តែជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ត្បិតឯកភាពផ្ទៃក្នុងជាតិ គឺជាស្មារតីរួមរបស់ខ្មែរគ្រប់គ្នា ដែលត្រូវតែសម្រេចឱ្យបានក្នុងគ្រាដ៏ឈឺចាប់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលនេះ។
ចលនាមាតាធម្មជាតិ បញ្ជាក់ថា ក្នុងនាមជាប្រជាជនកម្ពុជា ពិតជាក្តុកក្តួលបំផុតចំពោះកុមារ ចាស់ជរា ស្ត្រី និងជនពិការ ដែលត្រូវភៀសសឹកចាកឆ្ងាយពីជម្រក គេចចេញពីជម្លោះនយោបាយ ដូច្នេះរដ្ឋាភិបាលគួរតែដោះលែងអ្នកទោសមនសិការដែលត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌កន្លងមក ដើម្បីរួបរួមបម្រើប្រជាជាតិជាមួយគ្នា។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ១០នាក់ ក្រោមបទចោទប្រកាន់រួមគំនិតក្បត់ដែលពាក់ព័ន្ធនឹងការគប់គិតជាមួយរដ្ឋបរទេស ដែលសំដៅដល់សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ ៨ឆ្នាំក្នុងពេលនេះ។
សកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ ដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ រួមមានលោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ដែលគិតមកទល់នឹងពេលនេះ គឺមានរយៈពេល ១ឆ្នាំ ២៧ថ្ងៃហើយ។
ទោះសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលកម្ពុជា ពីបទគប់គិតជាមួយសកម្មជនបរិស្ថាន សកម្មជននយោបាយ និងមន្ត្រីបក្សប្រឆាំងក៏ដោយ ក៏ពេលនេះ អាមេរិកបានចេញមុខជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃ លើកម្ពុជា ដែរ។
ជាក់ស្តែង ការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ ស្ដីពីជម្លោះព្រំដែន គ្មានបរទេសណាអាចចេញមុខទប់ស្កាត់បានឡើយ ព្រោះភាគីថៃ មានចេតនាប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ឱ្យខាងតែបាន ប៉ុន្តែក្រោយកិច្ចអន្តរាគមន៍របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យភាគីថៃ យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា៕
© 2025, . All rights reserved.