កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥។ (រូបថត​ពី​ហ្វេសប៊ុក)

Featured

យោធា​ថៃ សម្រេច​បញ្ជូន​ទាហាន​ខ្មែរ ២​នាក់​ប៉ុណ្ណោះ​ដែល​មាន​របួស មក​មាតុភូមិ​វិញ

By ឌឹ ខេមបូឌា ដេលី

August 01, 2025

វីរ​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ និង​ត្រូវ​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ដោយសារ​មាន​របួស។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បាន​ឲ្យ​ដឹង​ថា វីរ​កងទ័ព​ទាំង ២​នាក់ គឺ​អនុសេនីយ៍ត្រី អាង អឿង អាយុ ៣៧​ឆ្នាំ និង​លោក​ពលបាលឯក ម៉ម វុទ្ធី អាយុ ៥៣​ឆ្នាំ បាន​មក​ដល់​ទឹកដី​ប្រទេស​កម្ពុជា វិញ។ លោកស្រី​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​ចរចា​ឱ្យ​អស់​លទ្ធភាព ដើម្បី​នាំ​យក​កងកម្លាំង​យោធា​ខ្មែរ ១៨​រូប​ទៀត​ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់ និង​ដោយ​សុវត្ថិភាព។

ក្នុង​ចំណោម​កងកម្លាំង ២​នាក់​ដែល​ត្រូវ​បាន​បញ្ជូន​មក​វិញ​នៅ​ព្រឹក​ថ្ងៃទី​១ សីហា នេះ មាន​ម្នាក់​រង​របួស​ដៃ និង​ម្នាក់​ទៀត​មាន​បញ្ហា​ស្មារតី។

រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ក៏​បាន​ស្នើ​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៃ ដើម្បី​ឆាប់​ប្រគល់​ទាហាន​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ថៃ មក​ឱ្យ​ប្រទេស​កម្ពុជា ឱ្យ​បាន​ឆាប់​បំផុត​ផង​ដែរ។

ដើមឡើយ ភាគី​ថៃ យល់ព្រម​ប្រគល់​កងកម្លាំង​ទាំង ២០​នាក់​មក​ឱ្យ​កងទ័ព​ខ្មែរ​វិញ​នៅ​ក្នុង​ថ្ងៃទី​៣១ ខែ​កក្កដា តែ​បែរជា​ប្រកាស​ពន្យារ​ពេល​ក្រោម​ហេតុផល​ការ​រៀបចំ​នីតិវិធី​បញ្ជូន​មិន​ទាន់​បញ្ចប់។ បន្ទាប់​មក​ទៀត នៅ​យប់​ថ្ងៃទី​៣១ ខែ​កក្កដា យោធា​ថៃ ប្តូរ​ការ​សម្រេចចិត្ត​ដោយ​សម្រេច​បញ្ជូន​កម្លាំង​កម្ពុជា​តែ ២​រូប​ប៉ុណ្ណោះ​មក​វិញ​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​សីហា ហើយ​នៅ​សល់ ១៨​រូប​ទៀត ថា​នឹង​បញ្ជូន​មក​ពេល​ក្រោយ ដោយ​មិន​មាន​កំណត់​ពេល​ជាក់លាក់​វិញ។

នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ក៏​បាន​ចេញ​មក​បញ្ជាក់​ជុំវិញ​ព័ត៌មាន​ដែល​ទាហាន​ថៃ បាន​ចាប់​ទាហាន​ខ្មែរ ថា​រដ្ឋាភិបាល​ប្រទេស​កម្ពុជា គ្មាន​ចេតនា​លាក់បាំង​ព័ត៌មាន​ណា​មួយ​ឡើយ។ លោក ហ៊ុន ម៉ាណែត ថា​ក្នុង​ដំណាក់កាល​ដំបូង​ដែល​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ជោគវាសនា​របស់​ទាហាន​ខ្មែរ​ទាំងនោះ ការ​គ្រប់គ្រង​ព័ត៌មាន​សំខាន់​ណាស់ ព្រោះ​ថា​ការ​បញ្ចេញ​ព័ត៌មាន​មួយ​ចំនួន​អាច​នឹង​នាំ​គ្រោះថ្នាក់​ដល់​ជីវិត​ទាហាន​ទាំងនោះ ឬ​ក៏​អាច​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ការ​ចរចា​សម្រាប់​ការ​ដោះលែង​ពួកគេ​ឲ្យ​ត្រឡប់​មក​វិញ។

យោង​តាម​លោក ច័ន្ទ សុភ័ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​ដោយ​ទាហាន​ថៃ បាន​ហៅ​ទាហាន​ខ្មែរ​ឲ្យ​មក​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​គ្នា តែ​ភ្លាមៗ​នោះ ទាហាន​ថៃ បាន​បញ្ជា​ឲ្យ​ក្រុម​ខ្លួន​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ យក​កាំភ្លើង​ភ្ជង់ និង​ចាប់​ខ្លួន​កងកម្លាំង​របស់​លោក​ចំនួន ២០​នាក់ តែ​មាន​ម្នាក់​បាន​រត់​រួច ហើយ ២​នាក់​ទំនង​ត្រូវ​បាន​ថៃ បាញ់​សម្លាប់។

តាម​សេចក្តី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press (AP) នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​សីហា នេះ ប្រទេស​ថៃឡង់ដ៍ និយាយ​ថា អាជ្ញាធរ​យោធា​ថៃ អនុវត្ត​តាម​នីតិវិធី​ច្បាប់​អន្តរជាតិ ហើយ​នឹង​ដោះលែង​ទាហាន​ទាំង ១៨​នាក់​នោះ បន្ទាប់ពី​ធ្វើការ​សាកសួរ​អំពី​សកម្មភាព​របស់​គេ​រួចរាល់៕

© 2025, . All rights reserved.