ក្រុម​អ្នក​សង្កេតការណ៍​អនុព័ន្ធ​យោធា​មក​ពី​ប្រទេស​មួយ​ចំនួន ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​កងពលធំ​អន្តរាគមន៍​លេខ​៣ ខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥។

ព័ត៌មានអន្តរជាតិ

មេដឹកនាំ​អាស៊ាន​សម្រេច​ដាក់​ពង្រាយ​សេនានុព័ន្ធ​យោធា​តាមដាន​បទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា-ថៃ

By ឌឹ ខេមបូឌា ដេលី

August 06, 2025

យោង​តាម​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន New Straits Times នៅ​ថ្ងៃទី​៥ សីហា នេះ បាន​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​លើកឡើង​ថា មេដឹកនាំ​នៃ​សមាគម​អាស៊ាន​ទាំងអស់ បាន​យល់ព្រម​ក្នុង​ការ​ដាក់​ពង្រាយ​សេនានុព័ន្ធ​យោធា​នៃ​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​តាមដាន​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃទី​២៨ កក្កដា។

លោក Anwar Ibrahim បាន​បញ្ជាក់​ថា ការ​ឯកភាព​គ្នា​រវាង​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ក្នុង​ការ​ដាក់​ពង្រាយ​ក្រុម​ឃ្លាំមើល​ស្ថានការណ៍​ទាំងនោះ គឺ​ដើម្បី​តាមដាន​បទ​ឈប់​បាញ់​គ្នា​ឲ្យ​បាន​សម្រេច​ជោគជ័យ បន្ទាប់ពី​លោក​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​មេដឹកនាំ​ទាំងនោះ​សម្រាប់​គំនិត​ផ្ដួចផ្ដើម​ការ​រក្សា​សន្តិភាព​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ដែល​កងទ័ព​ទាំង​ពីរ​បាន​ពើប​ប្រយុទ្ធ​គ្នា​រយៈពេល ៥​ថ្ងៃ ហើយ​បាន​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃទី​២៨ កក្កដា ក្នុង​ជំនួប​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក Anwar Ibrahim បាន​បន្ត​លើកឡើង​ថា លោក​បាន​ទាក់ទង​ទៅ​កាន់​នាយករដ្ឋមន្ត្រី ប្រធានាធិបតី និង​ព្រះចៅ​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។

តាម​លោក Anwar ប្រធាន​ប្តូរ​វេន​នៃ​សមាគម​អាស៊ាន​ឆ្នាំ​២០២៥ មេដឹកនាំ​ទាំងអស់​នៃ​សមាគម​អាស៊ាន ក៏​បាន​យល់ព្រម​ក្នុង​ការ​បញ្ជូន​អនុព័ន្ធ​យោធា​រៀងៗ​ខ្លួន​ដាក់​ពង្រាយ​តាមដាន​ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា និង​ថៃ។

លោក Anwar បាន​និយាយ​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​ព្រំដែន​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ហើយ​កំពុង​ត្រូវ​បាន​ត្រួតពិនិត្យ​តាមរយៈ​ផ្កាយរណប ដោយ​មាន​ការ​សម្របសម្រួល​ដឹកនាំ​ដោយ​អនុព័ន្ធ​យោធា​ម៉ាឡេស៊ី សហការ​ជាមួយ​សមភាគី​អាស៊ាន។

លោក Anwar Ibrahim បាន​បន្ថែម​ទៀត​ថា ការ​សម្រេច​ចិត្ត​បន្ថែម​ដូចជា​ការ​ដាក់​ក្រុម​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន ឬ​ការ​បង្កើត​វត្តមាន​អចិន្ត្រៃយ៍​របស់​អាស៊ាន​នៅ​តាម​តំបន់​នោះ នឹង​ត្រូវ​ពិភាក្សា និង​កំណត់​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​ថៃ និង​កម្ពុជា។

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​កូឡាឡាំពួរ មាន​រយៈពេល ៤​ថ្ងៃ។ កិច្ចប្រជុំ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៧ ខែ​សីហា ខាងមុខ​នេះ។

បទ​ឈប់​បាញ់​តាម​ព្រំដែន​កម្ពុជា-ថៃ ដែល​មេដឹកនាំ​កម្ពុជា-ថៃ បាន​ព្រមព្រៀង​នឹង​គ្នា​កាលពី​ថ្ងៃទី​២៨ កក្កដា ក៏​ផ្ដើម​ចេញពី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​បាន​លើក​ទូរសព្ទ​និយាយ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក Phumtham Wechayachai នាយករដ្ឋមន្ត្រី​ស្ដីទី​នៃ​រាជាណាចក្រ​ថៃ។ លោក ត្រាំ បាន​ស្នើសុំ​មេដឹកនាំ​ទាំង​ពីរ​ត្រូវ​ឆាប់​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់ ដោយ​មិន​ត្រូវ​បង្ក​វិនាសកម្ម​ដល់​ប្រជាជន​នោះ​ទេ។

មួយ​ថ្ងៃ​ក្រោយ​មក លោក Anwar Ibrahim នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ក៏​បាន​ស្នើ​ទៅ​មេដឹកនាំ​កម្ពុជា-ថៃ មក​ជួប​គ្នា​នៅ​ម៉ាឡេស៊ី ដើម្បី​ចរចា​ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​ធ្វើឡើង​តាម​ការ​អំពាវនាវ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​ជួប​ប្រជុំ​ជាបន្ទាន់​នៅ​ថ្ងៃទី​២៥ កក្កដា បាន​ប្រាប់​ទៅ​ប្រទេស​កម្ពុជា-ថៃ ត្រូវ​ទៅ​កាន់​តុ​ចរចា​ជាជាង​បន្ត​ការ​ប្រយុទ្ធ​គ្នា​ដ៏​គ្រោះថ្នាក់​បំផុត​នេះ។

លោក Anwar Ibrahim បន្ត​លើកឡើង​ថា រហូត​មក​ដល់​ពេលនេះ ម៉ាឡេស៊ី បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ដាក់​ពង្រាយ​ក្រុម​ត្រួតពិនិត្យ ហើយ​នៅ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន គឺ​មេដឹកនាំ​អាស៊ាន​ទាំងអស់​បាន​យល់ព្រម​ធ្វើ​ដូច្នេះ ប្រសិនបើ​មាន​ការ​ស្នើសុំ​ពី​ប្រទេស​ទាំង​ពីរ។

ក្នុង​ការ​ឆ្លើយតប​នឹង​សំណួរ​ពី​លោក Datuk Seri Hamzah Zainudin មកពី​សារព័ត៌មាន New straits times អំពី​ការ​ត្រៀម​ខ្លួន​ខាង​ម៉ាឡេស៊ី ក្នុង​ការ​បញ្ជូន​ក្រុម​ត្រួតពិនិត្យ​ទៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ លោក Anwar Ibrahim បាន​ឆ្លើយ​ថា៖ «លោក​កំពុង​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្ងៃទី​៧ ខែ​សីហា។ លោក​រំពឹង​ថា​កិច្ចប្រជុំ​នេះ​នឹង​ជួយ​ផ្តល់​ការ​សម្រេច​ថា​តើ​អាស៊ាន​ត្រូវ​បង្កើត​វត្តមាន​អចិន្ត្រៃយ៍ ឬ​បញ្ជូន​កម្លាំង​ត្រួតពិនិត្យ​ទៅ​តំបន់​នោះ​ដោយ​របៀប​ណា។»

ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​ព្រះវិហារ និង​តំបន់​ផ្សេង​ទៀត​តាម​ព្រំដែន ជា​តំបន់​មាន​វិវាទ​ជា​យូរ​មក​ហើយ​លើ​ខ្សែបន្ទាត់​ព្រំដែន​រួម​ប្រវែង ៨១៧​គីឡូម៉ែត្រ។

ការ​ប្រយុទ្ធ​នេះ បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង ៤០​នាក់​ស្លាប់ និង​ជនស៊ីវិល​ជាង ៣០​ម៉ឺន​នាក់​បាន​ចាក​ចោល​ទីលំនៅ​ដោយ​ក្លាយ​ជា​ជនភៀសសឹក។ បន្ទាប់ពី​ស្ថានការណ៍​តានតឹង​កើន​ឡើង​ដល់​កម្រិត​ខ្ពស់ ប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​រៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ទីក្រុង​ប៊ុត្រាជ័យៈ នៅ​ថ្ងៃទី​២៨ ខែ​កក្កដា។ កិច្ចប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ស្តីទី​របស់​ថៃ លោក Phumtham Wechayachai។ ក្នុង​កិច្ចប្រជុំ​នេះ មេដឹកនាំ​ទាំង​ពីរ​បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់​ភ្លាមៗ និង​គ្មាន​លក្ខខណ្ឌ។ មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​សម្របសម្រួល​គ្នា​ដើម្បី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់។

តាម​សេចក្ដី​រាយការណ៍​មួយ​ទៀត​ពី​សារព័ត៌មាន Malaysia Mail នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Anwar Ibrahim បាន​អះអាង​ថា ម៉ាឡេស៊ី បាន​បង្ហោះ​ផ្កាយរណប​ដើម្បី​តាមដាន​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍៕

© 2025, . All rights reserved.