ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ច្រានចោលពាក្យចចាមអារ៉ាមដែលថារដ្ឋាភិបាលជប៉ុន នឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ ថាជារឿងមិនពិត។ រដ្ឋាភិបាលជប៉ុន ចាត់ទុកការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ជាកត្តាសំខាន់បំផុតក្នុងការស្ដារឡើងវិញនូវសន្តិភាពឱ្យបានឆាប់នាពេលខាងមុខ។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី៦ ខែសីហា នេះថា ពាក្យចចាមអារ៉ាមជារឿងមិនពិតនោះទេ។ រដ្ឋាភិបាលជប៉ុន មិនដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃ ដែរ។
ប្រភពដដែលអះអាងថា នីតិវិធីនៃការផ្តល់ជំនួយរបស់ជប៉ុន តែងធ្វើឡើងយ៉ាងតឹងរ៉ឹង ជាពិសេសផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់នឹងជម្លោះអន្តរជាតិ។
ជប៉ុន រំពឹងបែបនេះថា៖ «យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តក្នុងពេលដ៏ឆាប់ខាងមុខនេះ។»
កាលពីថ្ងៃទី១ សីហា លោក អ៊ូអិណុ បានចុះទៅផ្ទាល់ដល់ជំរំភៀសខ្លួនពលរដ្ឋខ្មែរនៅខេត្តឧត្ដរមានជ័យ ដែលគេចចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកមានការសោកស្ដាយជាខ្លាំងនៅពេលបានឃើញអំពីទំហំនៃការខូចខាតដោយសារការប៉ះទង្គិចរវាងយោធានៃប្រទេសទាំងពីរ។
ជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែរីករាលដាល និងធ្ងន់ធ្ងរចាប់ពីថ្ងៃទី២៤ កក្កដា មកម្ល៉េះ ដែលភាគីថៃ ត្រូវគេដឹងថាបានផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាមុន។ ការប៉ះទង្គិចនេះ មានរយៈពេល ៥ថ្ងៃ ទើបមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាក្នុងថ្ងៃទី២៨ ខែកក្កដា។ បច្ចុប្បន្ន កម្ពុជា-ថៃ កំពុងបន្តកិច្ចចរចាគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី ដោយចាប់ផ្ដើមពីថ្ងៃទី៤ ខែសីហា ដល់ថ្ងៃទី៦ ខែសីហា៕
© 2025, . All rights reserved.