បុរស​ម្នាក់ និង​អាវ រួម​ទាំង​មួក​ដែល​មាន​ស្លាក​សញ្ញា BHQ ដែល​សមត្ថកិច្ច​ថៃ ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៥ និង​ចោទ​ថា​ជា​ជន​បង្កប់​លួច​ផ្ដល់​ព័ត៌មាន​ឱ្យ​លោក ហ៊ុន សែន។

ព័ត៌មានជាតិ

សមត្ថកិច្ច​ថៃ ចោទ​ជនជាតិ​ខ្មែរ​ម្នាក់​ថា​ជា​បង្កប់​ផ្តល់​ព័ត៌មាន​ពី​យោធា​ថៃ ឱ្យ​លោក ហ៊ុន សែន

By ឌឹ ខេមបូឌា ដេលី

August 07, 2025

សមត្ថកិច្ច​ថៃ អះអាង​ថា ជនជាតិ​ខ្មែរ​ម្នាក់​ដែល​មាន​ប្រពន្ធ​ជា​ជនជាតិ​ថៃ ត្រូវ​បាន​ប៉ូលិស​ថៃ ចាប់​ខ្លួន​សង្ស័យ​ពី​បទ​ធ្វើ​ចារកម្ម​បង្កប់​ខ្លួន​លួច​ផ្តល់​ព័ត៌មាន​ពី​យោធា​ថៃ ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។

សារព័ត៌មាន ខៅ​ស៊ុត (Khaosod) របស់​ថៃ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែ​សីហា នេះ​ថា បុរស​ម្នាក់​ដែល​ជា​ទាហាន​ខ្មែរ​មកពី​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​ក្នុង​ប្រទេស​ថៃ បន្ទាប់ពី​សង្ស័យ​ថា​បាន​បង្កប់​ខ្លួន​ដើម្បី​បញ្ជូន​ចារកម្ម​លើ​ចលនា​យោធា​ថៃ ឱ្យ​កម្ពុជា ហើយ​ពេលនេះ​កំពុង​ត្រូវ​បាន​យោធា​ថៃ សួរ​ចម្លើយ។

ប្រភព​ដដែល​សរសេរ​ថា មន្ត្រី​ប៉ុស្តិ៍​នគរបាល Lamduan ស្រុក​ក្រសាំង ខេត្ត​បូរីរាំ បាន​អះអាង​ថា បុរស​ម្នាក់​នេះ​បាន​លាក់​ខ្លួន​ក្នុង​ប្រទេស​ថៃ ដើម្បី​រាយការណ៍​ពី​ចលនា​របស់​យោធា និង​សន្តិសុខ​ថៃ ឱ្យ​កម្ពុជា។

សារព័ត៌មាន​ថៃ ដដែល​នេះ បញ្ជាក់​ថា ការ​បង្ហោះ​សារ​របស់​មន្ត្រី​ប៉ូលិស​ថៃ បាន​ភ្ជាប់​ជាមួយ​រូបថត​បុរស​ម្នាក់​ដែល​ជា​ជនសង្ស័យ និង​មាន​ឯកសណ្ឋាន​យោធា​ដូច​អាវកាក់ និង​មួក​ដែល​មាន​ស្លាក​សញ្ញា BHQ ដែល​ជា​អង្គរក្ស​របស់​លោក ហ៊ុន សែន។

ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​៦ សីហា នេះ បាន​ច្រានចោល​នូវ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ថៃ ដោយ​ចាត់ទុក​ថា​ជា​ព័ត៌មាន​មិន​ពិត និង​ជា​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា ព្រោះ​គ្មាន​កងកម្លាំង​កម្ពុជា​ណា​ម្នាក់​អនុញ្ញាត​ឱ្យ​មាន​ស្នាម​សាក់​លើ​រូបរាងកាយ​ជាដាច់ខាត។

ជុំវិញ​​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ សីហា នេះ ដោយ​ចាត់ទុក​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អំពី​ចារកម្ម​ដែល​មន្ត្រី​នគរបាល​ថៃ អះអាង​ថា​ជា​ជន​បង្កប់​ស៊ើបការ​យក​ព័ត៌មាន​ក្រុម​យោធា​ថៃ ឱ្យ​កម្ពុជា គឺជា​រឿង​ប្រឌិត​ដែល​ថៃ រៀបចំ​ឡើង។

លោក សេង ឌីណា លើកឡើង​ថា បើ​ជន​នោះ​ជា​ចារកម្ម​មែន គេ​មិន​យក​ឯកសណ្ឋាន​យោធា​របស់​ខ្លួន​ជាមួយ​គ្រឿង​ឥស្សរិយយស​ចូល​ទឹកដី​បរទេស​ទេ ដូច្នេះ​ការ​ចោទ​ថា​ទាហាន​កម្ពុជា​បង្កប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​នាំ​យក​ឯកសណ្ឋាន​ផ្ទាល់ខ្លួន​ទៅ​ជាមួយ​បែប​នេះ គឺជា​រឿង​ដែល​មិន​សម​ហេតុផល​សុទ្ធសាធ។

ជុំវិញ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ អំពី​ការ​ចាប់​បាន​ចារកម្ម​ខ្មែរ​នេះ ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទម្លាយ​រូប​បុរស​ដែល​ថៃ ចោទ​ថា​ជា​ជនជាតិ​ខ្មែរ និង​ធ្វើ​ចារកម្ម​ឱ្យ​លោក ហ៊ុន សែន លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត ដោយ​បញ្ជាក់​ថា បុរស​ម្នាក់​នោះ​គឺជា​ជនជាតិ​ថៃ ទៅវិញ​ទេ ដោយ​ផ្អែក​តាម​រូបថត​ដែល​បុរស​ម្នាក់​នោះ​ធ្លាប់​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​កន្លង​មក៕

© 2025, . All rights reserved.