លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​លោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រួម​គ្នា GBC នៅ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​កម្ពុជា-ថៃ ឯកភាព​គ្នា​អនុវត្ត​បទ​ឈប់​បាញ់​និង​ឱ្យ​មាន​ក្រុម​សង្កេតការណ៍​បណ្ដោះអាសន្ន

By ឌឹ ខេមបូឌា ដេលី

August 08, 2025

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​កម្ពុជា-ថៃ ដែល​បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់ និង​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​កងទ័ព​ទៅវិញ​ទៅមក រួម​ទាំង​ឱ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ជំរុញ​ការ​រៀបចំ​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​យន្តការ​តាមដាន​ត្រួតពិនិត្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team)។

ជាង​នេះ​ទៅ​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​ឱ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន (Interim Observer Team) ដឹកនាំ​ដោយ​អនុព័ន្ធយោធា​ម៉ាឡេស៊ី ដើម្បី​សង្កេតការណ៍​ភ្លាមៗ និង​បន្ត​រៀបចំ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team) បន្ថែម​ទៀត​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ជាង​នេះ​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​រៀបចំ​កិច្ចប្រជុំ​រួម​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ (RBC) ក្នុង​រង្វង់​ពីរ​សប្តាហ៍​ទៀត និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ក្នុង​រង្វង់​មួយ​ខែ​ក្រោយ​នៃ​កិច្ចប្រជុំ​វិសាមញ្ញ GBC។

លោក​បន្ថែម​ថា ក្នុង​ករណី​ចាំបាច់ ភាគី​ទាំង​ពីរ​អាច​កោះ​ប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុង​ទម្រង់​ដែល​បាន​អនុវត្ត​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ពេល​កន្លង​មក​នេះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នេះ កម្ពុជា​ក៏​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ដោះលែង​យោធិន​កម្ពុជា ទាំង ១៨​រូប ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំគ្រង​របស់​កងទ័ព​ថៃ ឲ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ។

នៅ​ថ្ងៃទី​៧ ខែ​សីហា នេះ កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (Extraordinary GBC Meeting) ត្រូវ​បាន​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​ប្រទេស​ម៉ាឡេស៊ី សហរដ្ឋ​អាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ កិច្ចប្រជុំ​នេះ បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​ចំនួន ១៣​ចំណុច ដែល​សុទ្ធសឹងតែ​ជា​យន្តការ​ធានា​បទ​ឈប់​បាញ់ រួម​មាន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​បទ​ឈប់​បាញ់​នូវ​គ្រប់​ប្រភេទ​អាវុធ​ទាំងអស់ រួម​ទាំង​ការ​វាយប្រហារ​លើ​ជនស៊ីវិល វត្ថុ​ស៊ីវិល និង​គោលដៅ​យោធា​នៃ​ភាគី​ទាំង​សងខាង​ក្នុង​គ្រប់​ករណី និង​តំបន់​ទាំងអស់។

បន្ថែម​ពី​នេះ ត្រូវ​ចៀសវាង​ការ​បាញ់​ប្រហារ​ទាំង​គ្មាន​ការ​បង្ក​ហេតុ សំដៅ​ទៅ​លើ​ទីតាំង ឬ​កងទ័ព​របស់​ភាគី​ម្ខាង​ទៀត ហើយ​ការ​ព្រមព្រៀង​នេះ មិន​ត្រូវ​បំពាន​ដាច់ខាត ទោះ​ស្ថិត​ក្រោម​កាលៈទេសៈ​បែប​ណា​ក៏ដោយ។

ជាង​នេះ​ទៀត ភាគី​ទាំង​សងខាង​បាន​ឯកភាព​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​មិន​ពិត​ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង កាត់បន្ថយ​គំនិត​អវិជ្ជមាន​របស់​សាធារណជន និង​ពង្រឹង​បរិយាកាស​អំណោយផល​ដើម្បី​ឆ្ពោះ​ទៅ​រក​កិច្ចពិភាក្សា​ប្រកប​ដោយ​សន្តិភាព និង​លក្ខខណ្ឌ​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ (CAT) លោក មួង ណារ៉េត អះអាង​ថា លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ ទើប​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្ថាបនា និង​វិជ្ជមាន ដែល​នាំមក​នូវ​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា និង​ឯកភាព​លើ​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់ និង​ការ​រៀបចំ​យន្តការ​សម្រាប់​អនុវត្ត​បន្ត​ទៀត។

ប្រភព​ដដែល បញ្ជាក់​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​អនុម័ត​នូវ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) រវាង​ប្រទេស​ទាំង​ពីរ និង​សេចក្តី​ថ្លែងការណ៍​រួម​ផង​ដែរ៕

© 2025, . All rights reserved.