ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ គោរពឱ្យបានពេញលេញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តសន្តិភាពទៅថ្ងៃមុខឱ្យបានយូរអង្វែង។
អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Pigott ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ ខែសីហា ថា សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាជំហានដំបូងប្រកបដោយការស្ថាបនាក្នុងការរៀបចំបទឈប់បាញ់រវាងកម្ពុជា-ថៃ។
លោក Tommy Pigott បញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូបីអូ (Marco Rubio) អំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរគោរពឱ្យបានពេញលេញនូវការប្ដេជ្ញាចិត្តរបស់ពួកគេ និងបន្តសន្តិភាពយូរអង្វែង។
កាលពីថ្ងៃទី៧ ខែសីហា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ បានព្រមព្រៀងគ្នាលើលក្ខខណ្ឌចំនួន ១៣ចំណុចដែលជាយន្តការធានាឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ បន្ទាប់ពីប្រទេសទាំងពីរបាញ់ផ្លោងដាក់គ្នាអស់រយៈពេល ៥ថ្ងៃ ដែលបណ្តាលឱ្យកងទ័ព និងជនស៊ីវិលរងរបួស និងស្លាប់ទាំងសងខាង។
ក្រសួងការពារជាតិកម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ សីហា ថា កម្ពុជាប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការឯកភាពគ្នា (Agreement) របស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ។
ប្រភពដដែល អះអាងថា ដើម្បីអនុវត្តនូវកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាព នៅថ្ងៃទី៨ ខែសីហា នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលដឹកនាំដោយវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) និងទីតាំងមួយចំនួនទៀតដែលបម្រើឱ្យក្រុមការងារនេះប្រចាំនៅខេត្តឧត្ដរមានជ័យ។
ឧត្ដមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ បញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទាំង ៧ប្រទេស រួមមាន អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី ជាប្រធាន, ប្រទេសឥណ្ឌូនេស៊ី, ប្រទេសឡាវ, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសហ្វីលីពីន, ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម បានសហការគ្នាក្នុងការចុះត្រួតពិនិត្យស្ថានការណ៍នេះ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានអំពាវនាវទៅកាន់រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនថៃ កាលពីពេលថ្មីៗនេះថា សូមឈប់យកឈាមដ៏ក្រហមឆ្អិនឆ្អៅរបស់មនុស្សមកគូសព្រំដែនថ្មីរវាងប្រទេសទាំងពីរបន្តទៀត។
បណ្ឌិត ឡៅ ម៉ុងហៃ ផ្តល់យោបល់ឱ្យប្រទេសទាំងពីរ ចាត់ទុកការបង្ហូរឈាមជុំវិញជម្លោះព្រំដែនកន្លងទៅថ្មីៗនេះ ជារឿងអតីតកាល ដោយបែរមកនាំគ្នាកសាងទំនាក់ទំនងល្អសាជាថ្មីឡើងវិញ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរទៅថ្ងៃមុខ៕
© 2025, . All rights reserved.