អ្នកឃ្លាំមើលសង្គម សាទរចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការចាត់វិធានការផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជុំវិញករណីពាក់ព័ន្ធអំពើឆបោកជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ក្នុងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ សីហា នេះ ដោយជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ បន្តនីតិវិធីទៅតុលាការមួយជំហានទៀតនៅពេលដែលមានភស្តុតាងគ្រប់គ្រាន់លើករណីឆបោករបស់លោក ស៊ាន បូរ៉ាត ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ និងដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោក សេក សុជាតិ លើកឡើងថា ការដែលអង្គភាពប្រឆាំងអំពើពុករលួយ ហ៊ានវះកាត់សាច់ស្អុយបែបនេះ គឺជាមោទនភាពសម្រាប់រដ្ឋាភិបាលកម្ពុជា ហើយការធ្វើបែបនេះ ក៏នឹងទទួលបានមកវិញនូវការជឿទុកចិត្តពីពលរដ្ឋចំពោះសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តច្បាប់ ក្នុងការបោសសម្អាតអំពើពុករលួយដែរ។
អ្នកឃ្លាំមើលរូបនេះ អំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវដាក់ចេញនូវវិធានការរឹងមាំបន្ថែមទៀត ដើម្បីធានានូវការលុបបំបាត់អំពើពុករលួយកាន់តែខ្ពស់។
កាលពីថ្ងៃទី១១ ខែសីហា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីសម្រេច ស្ដីពីការផ្អាកមុខងាររបស់លោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងតម្រូវឱ្យបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាពជាកំហិត។
ការប្រកាសផ្អាកមុខងារលោក ស៊ាន បូរ៉ាត នាពេលនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបើកការស៊ើបអង្កេតទៅលើរូបលោកកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា លោក ស៊ាន បូរ៉ាត ត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ក្នុងករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារក្រោយការស៊ើបអង្កេតជិត ២ឆ្នាំ។
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ក្រោយពិនិត្យផ្ទៀងផ្ទាត់ ACU បានរកឃើញថា លោក ស៊ាន បូរ៉ាត គឺជាជនសង្ស័យក្នុងអំពើឆបោកនេះ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកមួយចំនួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» និងចោទប្រកាន់ពីបទ «សម្អាតប្រាក់» ព្រមទាំងចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកស្អុយ។
បន្ទាប់ពីអតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រូបថតជាច្រើនសន្លឹករបស់លោក ស៊ាន បូរ៉ាត ក៏ត្រូវបានគេទម្លាយជាហូរហែ ដែលបញ្ជាក់ថា អ្នកទាំងពីរនាក់នេះពិតជាបានសហការគ្នាបោកប្រាស់លុយប្រជាពលរដ្ឋប្រមាណជា ៣០០លានដុល្លារអាមេរិក៕
© 2025, . All rights reserved.