អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា អះអាងថា សេចក្តីព្រាងស្ដីពីច្បាប់ដកសញ្ជាតិ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តប្រគល់ឱ្យគណៈកម្មការផ្សេងៗពិនិត្យហើយនៅថ្ងៃពុធនេះ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃទី២៣ សីហា ឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ទៅគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន រួមទាំងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
ការសម្រេចនេះ ធ្វើឡើងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី១៣ ខែសីហា នេះ។
សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ត្រូវបានរៀបចំឡើងបន្ទាប់ពីព្រះមហាក្សត្រខ្មែរ បានប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។
ច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ ត្រូវបានរដ្ឋសភា អនុម័តកាលពីថ្ងៃទី១១ ខែកក្កដា និងត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
ខ្លឹមសារដើមមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ ហើយការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។
ក្រោយពីការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា ឃ្លាថ្មីដែលត្រូវបានដាក់បញ្ចូលក្នុងមាត្រា៣៣ចាស់ បានកំណត់ថា ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។
ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់បានព្រមានកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា មានខ្មែរមួយក្រុមកំពុងគប់គិតគ្នាជាមួយថៃ គ្រោងបង្កើតកម្លាំងវាយប្រហារកម្ពុជា ដូច្នេះបុគ្គលទាំងនោះកំពុងប្រព្រឹត្តអំពើក្បត់ជាតិ ហើយពួកគេក៏ជាគោលដៅនៃច្បាប់ដកសញ្ជាតិនេះដែរ។
មេដឹកនាំបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានដកសញ្ជាតិទេ ប្រសិនបើពួកគេមិនបានធ្វើអ្វីមួយដែលប្រឆាំង ឬក្បត់ផលប្រយោជន៍ជាតិ ចំណែកពលរដ្ឋខ្មែរមួយចំនួនដែលខ្លាចគេដកសញ្ជាតិ កុំតែធ្វើអំពើក្បត់ជាតិទៅ គឺបានហើយ។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកឯកភាពឱ្យមានច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិដទៃដែលក្បត់ជាតិខ្មែរ ដើម្បីធានាការពារតម្លៃជនជាតិខ្មែរ និងសញ្ជាតិខ្មែរ ប៉ុន្តែលោកមិនឯកភាពនឹងការធ្វើច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរឡើយ៕
© 2025, . All rights reserved.