ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត (ស្លៀកពាក់​ស) នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា ទៅ​ជួយ​កងទ័ព​ខ្មែរ​ក្នុង​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ

By ឌឹ ខេមបូឌា ដេលី

August 14, 2025

ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ ក្រោម​ហេតុផល​ថា ថៃ​លក់​ទំនិញ​ឱ្យ​ខ្មែរ​ប្រមូល​លុយ​យក​ទៅ​ទិញ​អាវុធ​មក​ប្លន់​ទឹកដី​ខ្មែរ​វិញ។

អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន លើកឡើង​នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា សង្គ្រាម​ឈ្លានពាន​ទឹកដី​ខ្មែរ​ត្រឹមតែ ៥​ថ្ងៃ​ប៉ុណ្ណោះ ថៃ​ហ៊ាន​ប្រើ​ម្សៅ​គីមី​បាច​ពី​លើ​យន្តហោះ​មក​លើ​ប្រជាជន​ខ្មែរ និង​កងទ័ព​ខ្មែរ ចុះ​ទម្រាំ​តែ​អាហារ​មិន​ដឹង​ថា តើ​ថៃ បាន​ដាក់​គីមី​កម្រិត​ណា​នោះ​ទេ ដែល​បាន​នាំចូល​មក​ឱ្យ​ខ្មែរ​បរិភោគ​នា​ពេល​កន្លង​មក​នោះ។

អ្នកស្រី​បន្ត​ថា មក​ដល់​ពេលនេះ​ហើយ​នៅតែ​មាន​ថៅកែ​ក្រុមហ៊ុន​ដែល​នាំ​ទំនិញ​មកពី​ថៃ មួយ​ចំនួន បន្ត​លក់​ទំនិញ​ថៃ ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៀត ខណៈ​ទំនិញ​ទាំងនោះ​ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​របស់​ប្រទេស​ថៃ ចេញ​ផង​ដែរ ក្នុង​ចេតនា​ឆ្លៀត​ឱកាស​កេង​ចំណេញ​ប្រាក់​ដោយ​មិន​ខ្វល់​ពី​សុខភាព​របស់​ពលរដ្ឋ និង​មុខមាត់​របស់​ប្រទេស​ជាតិ។

ប្អូនស្រី​លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​ថៅកែ​ក្រុមហ៊ុន​ដែល​នៅតែ​បន្ត​នាំចូល​ទំនិញ​ថៃ យក​មក​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ គឺជា​ការ​ចូល​ដៃ​ជាមួយ​ចោរ ក្នុង​ចេតនា​សម្លាប់​ខ្មែរ​ដោយ​ប្រយោល ដូចជា ការ​នាំចូល​តាម​ប្រទេស​ឡាវ តាម​ខេត្ត​ព្រះសីហនុ និង​តាម​ផ្លូវអាកាស ជាដើម។

អ្នកស្រី​បន្ត​ថា ចំពោះ​ការ​អះអាង​របស់​ថៅកែ​ខ្មែរ​ខ្លះ​ដែល​ថា​ពួកគេ​លក់​ទំនិញ​ថៃ ឱ្យ​អស់​ពី​ឃ្លាំង គឺ​គ្រាន់តែ​ជា​ពាក្យ​ភូតកុហក​ប៉ុណ្ណោះ ព្រោះ​ពួកគេ​មិន​ត្រឹមតែ​ព្យាយាម​នាំចូល​ទំនិញ​ថៃ បំពេញ​ក្នុង​ឃ្លាំង​បន្ថែម​ទៀត​ទេ និង​ថែមទាំង​លួច​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​សម្គាល់​ទំនិញ​ពី​ប្រទេស​ថៃ ដោយ​ដាក់​ជំនួស​ប្រទេស​ផ្សេង​ថែមទៀត។

អ្នកស្រី ហ៊ុន ស៊ីណាត ចាត់ទុក​អ្នក​ដែល​បន្ត​នាំ​ទំនិញ​ថៃ មក​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេលនេះ ជា​មនុស្ស​បម្រើ​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ ព្រោះ​ថៃ មិន​ត្រឹមតែ​លួច​ទឹកដី​ខ្មែរ និង​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដោយ​អាវុធ​ទេ គឺ​ថែមទាំង​ដាក់​គីមី​ក្នុង​ចំណីអាហារ​សម្លាប់​ខ្មែរ​ដោយ​ស្រប​ច្បាប់​តែម្តង។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Jatuporn Buruspat បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឡាវ ដើម្បី​ស្វែងរក​ការ​ចរចា​នូវ​ការ​ដឹកជញ្ជូន និង​ថ្លៃ​ទំនិញ​ឆ្លងកាត់​ខេត្ត​អុប៊ុន (Ubon Ratchathani) ទៅ​កាន់​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ រូប​នេះ បញ្ជាក់​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពុង​ពិគ្រោះ​យោបល់​លើ​ពាណិជ្ជកម្ម​តាម​ព្រំដែន ខណៈ​ផលិតផល​លក់​រាយ​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡើងវិញ​ហើយ ប៉ុន្តែ​អាជីវកម្ម​ទាំងនេះ​បាន​ផ្លាស់ប្ដូរ​ការ​ដឹកជញ្ជូន​ទៅ​តាម​ផ្លូវទឹក និង​ឆ្លងកាត់​ប្រទេស​ឡាវ វិញ៕

© 2025, . All rights reserved.