កំពូលមេដឹកនាំផ្ដាច់ការកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន សច្ចាគាំទ្រ និងជួយប្រតិបត្តិការសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅលើប្រទេសអ៊ុយក្រែន ខណៈសង្គ្រាមបានអូសពេល ៣ឆ្នាំ ៦ខែ ជាមួយនឹងការបាត់បង់ទ័ពរុស្ស៊ី ហក់ឡើងជាង ១លាន ៦ម៉ឺននាក់។
តាមបណ្ដាញផ្សាយព័ត៌មានរបស់អ៊ុយក្រែន ឲ្យដឹងថា រុស្ស៊ីកំពុងបង្កើនការវាយលុកខ្លាំងនៅសមរភូមិនៅតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែន។
នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរសព្ទ លោក គីម ជុងអ៊ុន បានបង្ហាញការគាំទ្រឥតងាករេសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន ដោយធានាថា បើរុស្ស៊ី ត្រូវការជំនួយពីកូរ៉េខាងជើង នឹងត្រូវបានបញ្ជូនទៅភ្លាម ទាំងអាវុធ និងកម្លាំងទ័ពទៅជួយច្បាំងទ័ពរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបក្សមជ្ឈិមកូរ៉េ KCNA ចុះផ្សាយនៅថ្ងៃទី១៣ សីហា។
យោងតាមប្រភពរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS លោក ពូទីន បានសរសើរលោក គីម ជុងអ៊ុន ដែលជួយរុស្ស៊ី តាមស្ថានការណ៍ជាក់ស្ដែង គឺជាការបង្ហាញពីចំណងមិត្តភាពកាន់តែរឹងមាំ និងជាប្រវត្តិសាស្ត្រក្នុងពេលដែលរុស្ស៊ី ត្រូវការមិត្តស្មោះត្រង់។
លោក ពូទីន នៅតែអរគុណចំពោះកងទ័ពកូរ៉េខាងជើង ដែលបានជួយកងទ័ពរុស្ស៊ី រំដោះបានមកវិញនូវសមរភូមិ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ដោយបានរួមស្មានឹងគ្នារុញច្រានទ័ពអ៊ុយក្រែន ចេញពីតំបន់ Kursk កាលពីចុងខែមេសា ឆ្នាំ២០២៥។
កូរ៉េខាងជើង បានបញ្ជូនទ័ពជួយច្បាំងទ័ពរុស្ស៊ី នៅសមរភូមិ Kursk មានជាង ១ម៉ឺន ២ពាន់នាក់ តែក្នុងចំនួននេះ បានបាត់បង់ជាង ៤ពាន់នាក់។ ប្រភពចារកម្មនៃប្រទេសកូរ៉េខាងត្បូង អះអាងថា កងទ័ពកូរ៉េខាងជើង កំពុងស្ថិតក្នុងស្ថានភាពរង់ចាំការបញ្ជាឱ្យជួយអន្តរាគមន៍កងទ័ពរុស្ស៊ី មានពី ២ម៉ឺន ៥ពាន់នាក់ ទៅ ៣ម៉ឺននាក់ ដែលនឹងត្រូវបញ្ជូនទៅចូលខាងក្នុងទឹកដីអ៊ុយក្រែន។
លោក គីម ជុងអ៊ុន បានប្រាប់លោក ពូទីន ថា ទីក្រុងព្យុងយ៉ាង មើលឃើញរុស្ស៊ី កំពុងស្ថិតលើវិថីឈ្នះសង្គ្រាមនៅអ៊ុយក្រែន។
នៅក្នុងដំណាក់កាលចុងក្រោយនេះ ចំណងទាក់ទងមិត្តភាពដែលមានតាំងពីសម័យសហភាពសូវៀត ត្រូវគេមើលឃើញថា ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានប្រែក្លាយជាមិត្តរួមអាវុធស្លាប់ជាមួយគ្នា ដើម្បីប្រឆាំងលោកខាងលិច ព្រោះតែក្រុងព្យុងយ៉ាង ចេញមុខយ៉ាងចំហក្នុងការបញ្ជូនទ័ពជាផ្លូវការទៅជួយទ័ពរុស្ស៊ី នៅសមរភូមិ។ ជាមួយគ្នានេះ កូរ៉េខាងជើង បានបញ្ជូនអាវុធ គ្រាប់កាំភ្លើងធំ គ្រាប់មីស៊ីល ជាង ៦លានគ្រាប់ទៅឱ្យរុស្ស៊ី។
ស្របពេលដែលលោក គីម ជុងអ៊ុន មើលឃើញរុស្ស៊ី កំពុងឈ្នះសង្គ្រាមលើប្រទេសអ៊ុយក្រែន នាយករដ្ឋមន្ត្រីហុងគ្រី ដែលត្រូវបានចាត់ទុកថាជាអាយ៉ងរបស់លោក ពូទីន ក៏បានថ្លែងថា រុស្ស៊ី បានឈ្នះរួចទៅហើយក្នុងសង្គ្រាមនៅអ៊ុយក្រែន។
លោក Viktor Orban បានថ្លែងដូចនេះនៅមុនជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នាថ្ងៃសុក្រសប្តាហ៍នេះ។
លោកនាយករដ្ឋមន្ត្រីហុងគ្រី បានលើកឡើងក្នុងបទសម្ភាសមួយជាមួយបណ្ដាញព័ត៌មាននៃប្រទេសហុងគ្រី ថា បើគេពិនិត្យមើលស្ថានការណ៍សង្គ្រាម វាបានបង្ហាញលទ្ធផលច្បាស់ថា រុស្ស៊ីឈ្នះសង្គ្រាមហើយ ហើយអ៊ុយក្រែន បានចាញ់សង្គ្រាមរួចទៅហើយ។
លោក Viktor Orban បញ្ជាក់ថា នៅសល់តែមួយគត់ គឺពេលវេលាដែលនឹងប្រាប់ថា អ៊ុយក្រែន ចាញ់សង្គ្រាម ហើយពួកលោកខាងលិចក៏នឹងទទួលស្គាល់ថា រុស្ស៊ី ពិតជាឈ្នះសង្គ្រាម។
បើតាមនាយករដ្ឋមន្ត្រីហុងគ្រី រូបនេះ អឺរ៉ុបបានបាត់បង់ឱកាសចរចាជាមួយលោក ពូទីន យ៉ាងពិតប្រាកដ ព្រោះរដ្ឋការអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាអ្នកធ្វើឱ្យអឺរ៉ុប បាត់បង់ឱកាសដូចនេះ។
ទោះជាយ៉ាងណា លោក Viktor Orban រងការរិះគន់ពីមេដឹកនាំអឺរ៉ុប ដោយសារតែចំណងទាក់ទងរបស់លោកជាមួយលោក ពូទីន បាននាំឱ្យគេមើលឃើញថា អឺរ៉ុបបែកបាក់ ខណៈប្រទេសហុងគ្រី តែងតែជំទាស់ចំពោះជំនួយយោធាសម្រាប់អ៊ុយក្រែន។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Viktor Orban បានក្លាយជាមេដឹកនាំអឺរ៉ុបតែម្នាក់ឯងគត់ដែលមិនព្រមផ្តល់ការគាំទ្រចំពោះសេចក្តីថ្លែងការណ៍រួមមួយរបស់សហភាពអឺរ៉ុប ដែលបង្ហាញជាថ្មីទៀតពីការប្ដេជ្ញាចិត្តគាំទ្រ និងបន្តជួយអ៊ុយក្រែន ក្នុងបុព្វហេតុធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែការជំទាស់របស់លោក Viktor Orban តែងតែបរាជ័យ បានត្រឹមតែធ្វើឱ្យយឺតពេលវេលាក្នុងការអនុម័តជំនួយសម្រាប់អ៊ុយក្រែន តែទីបំផុត សហភាពអឺរ៉ុបភាគច្រើនគេបានសម្រេចដោយប្រើរូបមន្តសំឡេងភាគច្រើន ដោយទាត់ចោលការជំទាស់របស់ហុងគ្រី៕
© 2025, . All rights reserved.